ខ្មែរប៉ុស្ដិ៍ Close

កងការពារព្រំដែនគោកលេខ ៥០៤ ទទួលអំណោយពីអង្គភាពសម្ព័ន្ធមេត្រីភាព នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 83

ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសម្ព័ន្ធមេត្រីភាព ជាមួយកងការពារព្រំដែនគោកលេខ៥០៤ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អមដំណើរដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុនសណ្ឋាគារឯករាជ្យ បានអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ ទៅឧបត្ថម្ភជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាព កងការពារព្រំដែនគោកលេខ៥០៤ នៅភូមិសាស្ត្រស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបសលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន បានគិតគូខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ទន្ទឹមនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។

លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ ៥០៤ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់គណៈប្រតិភូរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំង កងការពារព្រំដែនគោក៥០៤ ជាបន្តបន្ទាប់ រយៈពេល ១០ឆ្នាំមកហើយ នេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើផងដែរ។

សូមបញ្ជាក់ថា ឱកាសនោះគណៈប្រតិភូក៍បានឧបត្ថម្ភ ជូនដល់អង្គភាពកងការពារព្រំដែន លេខ ៥០៤ រួមមាន អង្ករ៥តោន ទឹកត្រី ១០០យួ ទឹកស៊ីអ៊ីវ ១០០យួ ឆាយប៉ូវ ១០០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ត្រីងៀត ១០០គីឡូក្រាម សៀង ១០០គីឡូក្រាម មីយើង ១០០កេះ សរុបជាថវិកា ៧៨លានរៀល ព្រមទាំងឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ២៥០នាក់ ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល និងជូនថវិកាដល់អង្គភាពសម្រាប់ ជួសជុលអាគារទីបញ្ជាការ និងរបង ចំនួន ២២៧៥ដុល្លា ក្នុងនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏​បានឧបត្ថម្ភដល់អង្គភាព ចំនួន ៥០០ដុល្លាផងដែរ៕

អត្ថបទទាក់ទង