ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ភ្នំយ៉ាតគឺជាតំបន់ទាក់ទាញ និងស្រស់ស្អាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48

បន្ទាប់ពីការងារស្នូលរបស់អង្គភាព នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ទោ ជួប វុទ្ធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិន បានដឹកនាំកងកម្លាំងក្នុងអង្គភាព ចំនួន ៣៥នាក់ ធ្វើការសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ភ្នំយ៉ាត ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងអនាម័យសាធារណៈ ក្នុងការចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

លោកវរៈសេនីយ៍ទោ ជួប វុទ្ធី បានមានប្រសាសន៍លើកឡើងថា៖ បរិស្ថាន និងអនាម័យសាធារណៈ គឺជាកិច្ចការដ៏សំខាន់១ ដែលជួយលើកកម្ពស់ ជីវភាពនិងមជ្ឈដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋ ដែលកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ និងចូលរួមទាំងអស់គ្នា បន្ទាប់ពីការងារស្នូលរបស់កងកម្លាំង ក្នុងការការពារបូរណៈភាពទឹកដី និងសន្ដិសុខសុវត្ថិភាពមូលដ្ឋានជូនជាតិ និងប្រជាជន ហើយចំពោះការងារសម្អាតបរិស្ថានអនាម័យសាធារណៈនេះ ក៏​ដើម្បីរួមចំណែក ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។

លោកមេបញ្ជាការ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជីវករលក់ដូរ និងបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តទាំងអស់ ត្រូវមានឆន្ទះចូលរួមលើកកំពស់ ការការពារ និងថែរក្សាបរិស្ថាន តាមរយៈការទុកដាក់សម្រាម និងកាកសំណល់អោយបានត្រឹមត្រូវ ប្រកបដោយចីរភាព ព្រមទាំងប្រែក្លាយតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ភ្នំយ៉ាត ទៅជាតំបន់ទាក់ទាញ និងស្រស់ស្អាត សម្រាប់វិស័យទេសចរណ៍។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន មានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនកន្លែង ហើយតំបន់រម្មណីយដ្ឋានភ្នំយ៉ាត គឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនក្នុង១ឆ្នាំៗ ជាពិសេសបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនពីរូបសំណាក់លោកយាយយ៉ាត និងមកកំសាន្តស្រូបយកខ្យល់អាកាស មើលថ្ងៃរៀបលិចផងដែរ៕

អត្ថបទទាក់ទង