ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូសហភាពអារ៉ាប់ជួយកៀរគរវិស័យឯកជន​ ដើម្បីមកវិនិយោគនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
ក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូសហភាពអារ៉ាប់ជួយកៀរគរវិស័យឯកជន​ ដើម្បីមកវិនិយោគនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូសហភាពអារ៉ាប់ជួយកៀរគរវិស័យឯកជន​ ដើម្បីមកវិនិយោគនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើសហភាពអារ៉ាប់រួម ចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣» កម្រិតអន្តរជាតិ ដែលគ្រោងនឹងរៀបចំ ចាប់ពីថ្ងៃទី០៨ ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

សំណើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រតិភូសហភាពអារ៉ាប់រួម ដឹកនាំដោយលោក Mohammad Ali Al Kamali នាយកប្រតិបត្តិរង នៃការិយាល័យនាំចេញឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានជម្រាបភាគីអារ៉ាប់អំពីគម្រោងទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំ “The 3rd IPM” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឌុយបៃ នាពេលខាងមុខ ព្រមទាំងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសឱកាសវិនិយោគ និងសក្តានុពលពាណិជ្ជកម្ម។ លើសពីនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើលោក Mohammad Ali Al Kamali ជួយកៀរគរវិស័យឯកជន នៃសហភាពអារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យសំខាន់ៗ ដូចជា៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ អគ្គិសនី និងទេសចរណ៍ ជាដើម។

ជាការឆ្លើយតប លោក Mohammad Ali Al Kamali បានទទួលយកសំណើរបស់លោកស្រីរដ្ឋលេខាធិការ និងបានសន្យាជួយផ្សព្វផ្សាយដំណឹងទៅដល់វិស័យឯកជននៃសហភាពអារ៉ាប់រួមដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិខាងលើ។ លោកនាយកប្រតិបត្តិរងរូបនេះ បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៩ ការិយាល័យនាំចេញឌុយបៃ គ្រោងរៀបចំកម្មវិធី Business Forum មួយនៅកម្ពុជាដើម្បីនាំយកនូវក្រុមហ៊ុនល្បីៗពីសហភាពអារ៉ាប់រួម មកធ្វើបទបង្ហាញ និងស្វែងរកដៃគូធុរកិច្ច និងវិនិយោគថែមទៀត៕

អត្ថបទទាក់ទង