ខ្មែរប៉ុស្ដិ៍ Close

«រមនីយដ្ឋានជ្រៃយូស» ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានគេឈូសឆាយចង់កាន់កាប់ខុសច្បាប់, អភិបាលខេត្តបញ្ជាឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចចុះស្រាវជ្រាវ និងចាត់ការជាបន្ទាន់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 13
«រមនីយដ្ឋានជ្រៃយូស» ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានគេឈូសឆាយចង់កាន់កាប់ខុសច្បាប់, អភិបាលខេត្តបញ្ជាឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចចុះស្រាវជ្រាវ និងចាត់ការជាបន្ទាន់ «រមនីយដ្ឋានជ្រៃយូស» ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានគេឈូសឆាយចង់កាន់កាប់ខុសច្បាប់, អភិបាលខេត្តបញ្ជាឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចចុះស្រាវជ្រាវ និងចាត់ការជាបន្ទាន់

(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាទៅមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរួមសហការគ្នា ដើម្បីចុះស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការជាបន្ទាន់ ក្រោយមាន សកម្មភាពរបស់មនុស្សមួយក្រុម បានចូលទៅឈូសឆាយចង់កាន់កាប់ទាំងខុសច្បាប់នៅ «រមនីយដ្ឋានជ្រៃយូស» ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

«រមនីយដ្ឋានជ្រៃយូស» ជាតំបន់ដែនជំរកសត្វព្រៃភ្នំព្រេចក្នុងក្រុងសែនមនោរម្យ ដែលសំបូរទៅដោយដើមជ្រៃដែលមានអាយុរាប់រយឆ្នាំ។ ប្រតិកម្ម និងបទបញ្ជារបស់អភិបាលខេត្តមណ្ឌលគីរី ខាងលើនេះ ក្រោយពីមានសកម្មភាពរបស់ឈ្មួញបានចូលទៅឈូសឆាយ និងបោះបង្គោលខុសច្បាប់ចង់កាន់ដីនៅតំបន់នោះ រហូតមានការចុះទៅឃាត់ខ្លួនកាលពីពេលកន្លងទៅផងដែរ។

មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តមណ្ឌលគីរី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថា កាលពីពេលថ្មីៗនេះ មានការចូលបំពានឈូសឆាយ ក្នុងតំបន់នេះ ប៉ុន្តែត្រូវបានអាជ្ញាធរពាក់ព័ន្ធរួមសហការជាមួយមន្ទីបរិស្ថាន និងក្រុមហ៊ុនដែលបានគោលការណ៍អភិវឌ្ឍន៍ និងអភិរក្ស បានទប់ស្កាត់ទាន់ពេល រហូតមានការឃាត់ខ្លួនមនុស្សមួយចំនួន ប៉ុន្តែដោយយល់ថា មិនចង់ឃើញអ្នកស៊ីឈ្នូលគេ ដែលចាញ់បោកគេ ហើយក្លាយជាទោសនោះ ដូច្នេះមន្ត្រីជំនាញក៏បានធ្វើកិច្ចសន្យារួចដោះលែងវិញទៅ។

យោងតាមមន្រ្តីសមត្ថកិច្ចបានឲ្យដឹងដឹងទៀតថា ក្រោយមានការចុះទប់ស្កាត់ និងឃាត់ខ្លួនមនុស្សមួយក្រុមខាងលើនេះ មិនបានមួយអាទិត្យផង ស្រាប់តែក្រុមឈ្មួញដដែល ក៏បានដាក់កម្លាំង ចូលទៅបោះបង្គោលរបងទៀត ហើយនៅពេលនេះពួកគេកំពុងប្រមូលប្រជាជនមួយក្រុម មកតតាំងក្នុងរូបភាពជាអ្នករងគ្រោះទៀតផង។

មន្រ្តីសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការទៅកាន់កាប់ និងឈូសឆាយនៅតំបន់នេះជាការខុសច្បាប់ទាំងស្រុង ដោយសារមានមន្រ្តីមូលដ្ឋានខ្លះភូមិសង្កាត់ បានឃុបឃិត និងអនុញ្ញាតឲ្យធ្វើ បែបនេះ។ ចំពោះករណីនេះ លោកអភិបាលខេត្ត បានដាក់ចេញចំណាត់ភ្លាម ឲ្យសមត្ថកិច្ចសហការជាមួយមន្រ្តីជំនាញ ចុះទៅទប់ស្កាត់មិនឲ្យសកម្មភាពនេះកើតឡើងទៀតនោះទេ ហើយបើមន្រ្តីមូលដ្ឋានខ្លះដែលសង្ស័យជាប់ពាក់ព័ន្ធការអនុញ្ញាតឲ្យមានសកម្មភាពទាំងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

បើតាមមន្រ្តីសាលាខេត្តមណ្ឌលគិរី សម្រាប់ «រមនីយដ្ឋានជ្រៃយូស» មានក្រុមហ៊ុនមួយបានសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីអភិវឌ្ឍន៍ និងអភិរក្សនៅតំបន់អេកូទេសចរណ៍មួយនេះ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្តរជាតិ៕