ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈវិភាគ៖ តើអ្វីដែលអាមេរិកកំពុងជួប ជាបាតុកម្ម ឬជាបាបកម្ម?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 42
ទស្សនៈវិភាគ៖ តើអ្វីដែលអាមេរិកកំពុងជួប ជាបាតុកម្ម ឬជាបាបកម្ម? ទស្សនៈវិភាគ៖ តើអ្វីដែលអាមេរិកកំពុងជួប ជាបាតុកម្ម ឬជាបាបកម្ម?

ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិក គឺបាតុកម្មទាមទាររកយុត្តិធម៌ដល់បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែមន្ត្រីប៉ូលីសសង្កត់ករហូតដាច់ខ្យល់នោះ គឺកំពុងតែកើតឡើង ស្របពេលដែលជំងឺកូវីដ-១៩ ក៏កំពុងវាយលុកអាមេរិនៅមិនទាន់ថមថយនៅឡើយ។ នេះពិតជាគ្រោះលើគ្រោះហើយសម្រាប់អាមេរិក។ អ្វីដែលពិភពលោកកំពុងតែចាប់អារម្មណ៍ខ្លាំងនោះ គឺការបង្ក្រាបក្រុមបាតុករដែលអាជ្ញាធរអាមេរិកកំពុងតែធ្វើ គឺសាហាវព្រៃផ្សៃ និងយង់ឃ្នង ដែលធ្វើឱ្យក្រុមបាតុកររងបួស និងត្រូវបានចាប់ខ្លួន និងមានបាតុករម្នាក់ត្រូវបានគេឱ្យដឹងថា បានស្លាប់បាត់បង់ជីវិតដោយសារតែការបង្រ្កាបរបស់ប៉ូលីសផងដែរ។ កន្លងមកអាមេរិកតែងតែតាំងខ្លួនជាគ្រូបង្រៀនពីសិទ្ធិមនុស្ស ហើយដើរទូន្មានប្រៀនប្រដៅប្រទេសផ្សេងៗទៀត ឱ្យយកគំរូស្តង់ដារសិទ្ធិមនុស្សតាមខ្លួន ហើយប្រសិនបើប្រទេសណាមិនធ្វើតាម គេក៏ប្រើវិធីកៀបសង្កត់ និងដាក់ទណ្ឌកម្ម តាមវិធីសាស្ត្រផ្សេងៗ។ ប៉ុន្តែពេលនេះ អ្វីដែលអាក្រក់បំផុតនោះគឺគ្រូបង្រៀនសិទ្ធិមនុស្ស បានប្រព្រឹត្តទង្វើអមនុស្សធម៌ ទៅលើពលរដ្ឋអាមេរិកខ្លួនឯងទៅវិញ។ ប្រទេសមហាអំណាចមួយនេះកន្លងមក ត្រូវបានគេដឹងថា គឺជាអ្នកសាបព្រោះ មេរៀនបដិវត្តន៍ពណ៌ ផ្តួលរំលំរបបដឹកនាំនៅប្រទេសមួយចំនួន ដែលខ្លួនមានបំណងចង់កម្ទេច។

អាមេរិកត្រូវបានចាត់ទុកជាមេខ្លោងបំផ្លាញប្រទេសជាច្រើនរួចមកហើយ ដែលបណ្តាលឱ្យប្រទេសទាំងនោះរលាយក្លាយជាផេះផង់ ហើយប្រជាពលរដ្ឋរងទុក្ខវេទនា រហូតមកដល់ពេលនេះផងដែរ។ ពេលនេះខណៈដែលឃើញទិដ្ឋភាពបាតុកម្មនៅអាមេរិក មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ហើយបាននិងកំពុងរាលដាលដល់ប្រទេសមួយចំនួនទៀតនោះ ខណៈដែលវិបត្តិជំងឺ COVID-19 នៅមិនទាន់គ្រប់គ្រងបានផងនោះ ធ្វើឱ្យគេគិតយល់ថា បញ្ហាដែលសហរដ្ឋអាមេរិកកំពុងតែជួបនៅពេលនេះ អាចជាបាបកម្ម ដែលជាលទ្ធផលនៃអំពើបាបដែលមេដឹកនាំប្រទេសមហាអំណាចមួយនេះបានបង្កឡើង។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅសហរដ្ឋអាមេរិក បានផ្ទុះឡើងក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងពេលប៉ូលិស៤នាក់ បានធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ Derek Chauvin បានយកជង្គង់សង្កត់កលោក Floyd រហូតទាល់តែលោកបាត់បង់ស្មារតីលែងកម្រើក ទោះបីជនរងគ្រោះសុំអង្វរកយ៉ាងណាក៏ដោយ។ តាមព័ត៌មានលោក Floyd ទំនងជាបានបាត់បង់ជីវិតភ្លាមៗ នាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថាគាត់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ រឿងនេះបានក្លាយជារងើកភ្លើង នៃបាតុកម្មដ៏ហិង្សាដែលកាន់តែរីកធំឡើងៗ នៅសហរដ្ឋអាមេរិក ហើយបាតុកម្មតវ៉ានេះ នៅតែបន្តកើតឡើងនៅក្នុងរដ្ឋជាច្រើននៃសហរដ្ឋអាមេរិក។ ចំណែកឯមនុស្សជិត ១,៤០០នាក់ ត្រូវបានឃាត់ខ្លួន នៅតាមទីក្រុងចំនួន១៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសកម្មភាពបង្ក្រាបរបស់ប៉ូលីសទៅលើហ្វួងបាតុករ គឺមានរូបភាពហិង្សាខ្លាំង ដែលធ្វើឱ្យក្រុមបាតុករកាន់តែមានកំហឹងខ្លាំងឡើងៗ។ កំឡុងបាតុកម្មដ៏កក្រើកនេះ នៅសហរដ្ឋអាមេរិកគេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន ត្រូវបានឃាត់ខ្លួន និងរងការវាយប្រហារថែមទៀត។ ជាមួយគ្នានេះបណ្ដាទីក្រុងកាន់តែច្រើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដែលទើបតែងើបចេញពីវិបត្តិ COVID-19 កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដោយអំពើហិង្សានៅក្នុងបាតុកម្ម រកយុត្តិធម៌ឲ្យ Floyd ។ គិតត្រឹមថ្ងៃអាទិត្យ ទី៣១ ឧសភានេះ នៅទូទាំងសហរដ្ឋអាមេរិក មានទីក្រុងយ៉ាងហោចណាស់ ៤០ បានចេញបំរាមគោចរ ខណៈកងកម្លាំងឆ្មាំជាតិត្រូវបានចល័តនៅតាមទីក្រុងចំនួន១៥ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីផង។

ប៉ុន្តែបើទោះបីជាមានបំរាមគោចរក៏ដោយ ក៏អំពើហិង្សារវាងប៉ូលិស និងបាតុករនៅតែបន្តកើតមាន រីឯការដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហាងទំនិញមានសភាពកាន់តែធ្ងន់ធ្ងរ ហើយសូម្បីតែអ្នកកាសែត និងជនស៊ីវិលមិនចូលរួមក្នុងបាតុកម្មតវ៉ាមួយចំនួន ក៏រងការវាយប្រហារផងដែរ។ សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច តែងលើកកម្តើង និងចាត់ទុកខ្លួនឯងជាបងធំ និងត្រូវបានប្រសិទ្ធនាមថាបិតាសិទ្ធិមនុស្ស និងជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចពិភពលោកដ៏មានឥទ្ធិពលបំផុត។ ព្រោះតែឥទ្ធិពលនៃអំណាចមានដែនធំទូលាយ គ្របដណ្តប់ពេញពិភពលោកបានធ្វើឱ្យប្រទេសមហាអំណាចមួយនេះ ហាក់មានចរឹកក្អេងក្អាង និងតែងប្រើយុទ្ធវិធីរក្សាលំនឹងអំណាចរបស់ខ្លួន តាមរយៈការយកប្រទេសនានាធ្វើជាឧបករណ៍។ យុទ្ធវិធីរបស់អាមេរិកគឺមិនដែលខ្វល់ពីមហន្តរាយ ហានិភ័យ សោកនាដកម្ម វិនាសកម្ម និងទុក្ខវេទនាដែលប្រជាជនប្រទេសមួយចំនួន បានជួបតាមរយៈការប្រើប្រាស់ជាឧបករណ៍របស់ខ្លួនឡើយ។ និយាយឱ្យស្រួលស្តាប់ទៅគឺ «ងាប់អាណាងាប់ទៅ ឱ្យតែអញខ្លាំង! រលាយអាណា ក៏រលាយទៅ ឱ្យតែអញឈ្នះ»។ មានប្រទេសជាច្រើនហើយ ដែលរលាយសល់តែគំនរផេះផង់ដោយសារយុទ្ធសាស្ត្រនយោបាយដ៏ខ្មៅងងឹត និងខ្លាំងក្លារបស់ប្រទេសមួយនេះ។

ដូច្នេះអ្វីដែលកំពុងកើតឡើងចំពោះសហរដ្ឋអាមេរិកនៅពេលនេះ ទាំងការរីករាលដាលដ៏អាក្រក់មិនអាចគ្រប់គ្រងបាននៃជំងឺ COVID-19 និងទាំងបាតុកម្មហិង្សាដែលកំពុងកើតឡើង គឺជាមហន្តរាយដែលកើតឡើងព្រោះតែទង្វើអាក្រក់ និងបាបកម្មរបស់ខ្លួន។ សហរដ្ឋអាមេរិកអាងខ្លួនជាប្រទេសមហាអំណាច ធំអស់គេឯង ប្រឹងតម្កើងខ្លួនជាគ្រូ និងតាមប្រដៅប្រទេសផ្សេងៗអំពីសិទ្ធិមនុស្ស ប៉ុន្តែបែរជាធ្វើឱ្យលៀនចេញនូវកន្ទុយកញ្ច្រោងដ៏គួរឱ្យអាម៉ាស់តាមរយៈព្រឹត្តិការណ៍បាតុកម្មដែលកំពុងកើតឡើង។ អ្វីដែលអាមេរិកកំពុងជួបពេលនេះ អាចថាប្រហែលជាដោយសារតែរវល់តែតាំងខ្លួនជាគ្រូ ដើរអប់រំ ទូន្មាន ប្រៀនប្រដៅប្រទេសផ្សេងៗពីសិទ្ធិមនុស្សខ្លាំងពេក ទើបភ្លេចអនុវត្តន៍ខ្លួនឯង បណ្តាលឱ្យលេចធ្លាយនូវរឿងព្រៃផ្សៃយ៉ង់ឃ្នង ដែលធ្វើឱ្យពលរដ្ឋខ្លួនទាំ្រលែងបាន បង្កើតជាព្រឹត្តិការណ៍បាតុកម្មកក្រើកពេញពិភពលោកដូចពេលនេះ។ តើសហរដ្ឋអាមេរិកនៅអាចអួតខ្លួនថាជាអ្នកប្រកាន់ខ្ជាប់ខ្ជួននៃសិទ្ធិមនុស្សទៀតដែរឬ ខណៈដែលរូបភាព និងវីដេអូក្រុមប៉ូលីសអាមេរិកបានប្រើអំពើហឹង្សាទាត់ធាក់លើក្រុមបាតុករយ៉ាងសាហាវនោះត្រូវបានចែកចាយពេញពិភពលោកទៅហើយនោះ។ បាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ទំនងជាមិនងាយនឹងបញ្ចប់ឡើយ បើទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យអាជ្ញាធររដ្ឋនានាចាត់វិធានការក្តៅគគុក និងត្រៀមកម្លាំងយោធាដើម្បីបង្ក្រាបបាតុកម្មក៏ដោយ។ ក្រុមបាតុករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់បាតុកម្មជាដាច់ខាត រហូតទាល់តែយុត្តិធម៌ត្រូវបានផ្តល់ដល់ជនជាតិស្បែកខ្មៅដែលត្រូវបានប៉ូលីសសម្លាប់។ មួយវិញទៀតជំងឺ COVID-19 ក៏កំពុងរាតត្បាតដែលមកដល់ពេលនេះ អាមេរិកមានករណីឆ្លងជិត២លាននាក់ និងស្លាប់ជាង១សែននាក់ទៅហើយ។ ទាំងអស់នេះ អាចជាបាបកម្មដែលកំពុងតាមស្នងប្រទេសមហាអំណាចមួយនេះបណ្តើរៗហើយ ដូចពាក្យចាស់មួយឃ្លារបានពោលថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»៕

ដោយ៖ ស ជាតិ