ខ្មែរប៉ុស្ដិ៍ Close

    សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1869
    សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងហើយប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បោះជំហាន​ចូលទៅ​ក្នុង​សង្រ្គាម​លោក​ថ្មី​មួយហើយ។ រូបថត៖ AFP / Mikhail Metzel / Sputnik

    សប្តាហ៍កន្លងទៅនឹងត្រូវបានចងចាំដោយអ្នកប្រវត្តិសាស្រ្តភាគច្រើនថាជា «ចំណុចនៃការមិនអាចវិលត្រឡប់ទៅរកសភាពដើមសម្រាប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន»។ ពិភពលោកបានឃើញនូវការឆ្លើយឆ្លងពាក្យសម្តIរវាងប្រធានាធិបតី ដែលម្ខាងគឺប្រធានាធិបតី Joe Biden ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Kiev ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លោកចំពោះអ៊ុយក្រែន និងម្ខាងទៀតគឺប្រធានាធិបតី Vladimir Putin។

    លោក Biden បានសន្យាថានឹងផ្តល់ជំនួយបន្ថែមចំនួន 500 លានដុល្លារអាមេរិកដល់អ៊ុយក្រែន។ ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោក Biden មន្ទីរបញ្ចកោណបានផ្តល់សញ្ញាថា «ខ្លួនអាចនឹងបញ្ឈប់ការពន្យារពេលនូវការសន្យារបស់ខ្លួន (ប៉ុន្តែមិនទាន់ត្រូវបានប្រគល់ជូននៅឡើយទេ) ក្នុងការផ្តល់ជូនរថក្រោះប្រយុទ្ធ M1A2 Abrams ដែលជាអាវុធដែលអ្នកប្រយុទ្ធអ៊ុយក្រែនដ៏អស់សង្ឃឹមកំពុងទន្ទឹងរងចាំ»។

    សុន្ទរកថាផ្សេងទៀតត្រូវបានលើកឡើងដោយលោក Putin ដែលបាននិយាយអស់រយៈពេល 2 ម៉ោងកាលពីល្ងាចថ្ងៃអង្គារ ដោយក្នុងនោះលោក Putin បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកចំពោះជ័យជម្នះទាំងស្រុងលើអ៊ុយក្រែន និងរបៀបដែលអាមេរិកត្រូវបានគ្រប់គ្រងដោយ «ពួកអ្នកមានជំនឿលើមនោគមវិជ្ជា និងទស្សនៈវិជ្ជាសាតាំងដ៏អាក្រក់» និង «ជនអនាធិបតេយ្យនិយមសេពកាមជាមួយអនីតិជន» «Ruled by Satanists and Pedophiles»។

    អ្វីដែលមិនគួរឱ្យភ្ញាក់ផ្អើលនោះគឺ «ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចភាគច្រើនបានបដិសេធមិនផ្សព្វផ្សាយសុន្ទរកថានេះ» ហើយអ្នកដែលបានផ្សព្វផ្សាយវាបានធ្វើឡើងក្នុងន័យចំអកឡកឡឺយ។ លោក Putin បានបង្ហាញសញ្ញាថា «ការប្តេជ្ញាចិត្តរបស់លោកចំពោះជម្លោះនេះគឺនៅតែរឹងមាំ ហើយលោកនឹងបន្តពង្រឹងវាដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដែលបង្កឡើងដោយអាមេរិក»។

    ជាក់ស្តែង លោក Putin បានលើកឡើងនូវការគំរាមកំហែងយ៉ាងគួរឱ្យកត់សម្គាល់ចំពោះអង្គការ NATO ដោយក្នុងនោះលោកបានប្រាប់គូប្រជែងអាមេរិករបស់លោកថា «អាមេរិកត្រូវដកប្រព័ន្ធអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ពួកគេនៅអ៊ុយក្រែន បើមិនដូច្នេះទេ កងកម្លាំងរុស្ស៊ីនឹងចាប់ផ្តើមវាយប្រហារលើប្រព័ន្ធទាំងនេះដោយផ្ទាល់»។ នេះគឺជាខ្សែបន្ទាត់ក្រហមសម្រាប់អង្គការ NATO និងអាមេរិក។

    នេះជាការបាញ់បង្ហោះកាំជ្រួច HIMARS ។ ការរួមបញ្ចូលគ្នានៃទិន្នន័យបណ្តាញ និងកាំជ្រួចដែលមានមានសមត្ថភាពបាញ់ចំគោលដៅជាក់លាក់ខ្ពស់ បានបង្ខំឱ្យរុស្ស៊ីដកថយពាក់កណ្តាលនៃការវាយលុករបស់ខ្លួន ដើម្បីទៅរៀបចំយុទ្ធសាស្ត្រសាជាថ្មី។ រូបថត៖ Asia Times

    ប្រព័ន្ធទាំងនេះនឹងត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែនដើម្បីបើកការវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ី។ បើទោះបីជាអ៊ុយក្រែនពិតជាមានសិទ្ធិក្នុងការការពារខ្លួនក៏ដោយ ក៏ការពិតដែលថា «អ៊ុយក្រែនអាចធ្វើដូច្នេះបាន ដោយសារតែការជួយរបស់អាមេរិក» បានធ្វើឱ្យលោក Putin ចាត់ទុកអាមេរិក និង NATO ជាដៃគូប្រយុទ្ធដោយផ្ទាល់របស់ខ្លួន។

    លោកបាននិយាយនៅក្នុងសុន្ទរកថាថា «អាមេរិកនឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលនឹងកើតឡើង ប្រសិនបើរុស្ស៊ីត្រូវបានវាយប្រហារដោយប្រព័ន្ធបែបនេះ»។ បន្ថែមពីលើនេះ ប្រសិនបើប្រព័ន្ធសព្វាវុធទាំងនេះត្រូវបានកំណត់គោលដៅដោយរុស្ស៊ី នោះជនជាតិអាមេរិកអាចនឹងត្រូវស្លាប់បាត់បង់ជីវិត។

    ដូចគ្នាទៅនឹងការដាក់ពង្រាយប្រព័ន្ធ S-400 របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីដែរ ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកអាចត្រូវបានប្រតិបត្តិការ ឬថែទាំដោយជនជាតិអាមេរិក។ វាអាចមានកងកម្លាំងអាមេរិក ដែលកំពុងប្រតិបត្តិការដោយសម្ងាត់នៅក្នុង និងនៅជុំវិញប្រព័ន្ធសព្វាវុធរយៈចម្ងាយឆ្ងាយទាំងនេះ។ ដូច្នេះ ការកំណត់គោលដៅរបស់រុស្សីទៅលើប្រព័ន្ធទាំងនេះអាចនឹងបណ្តាលឱ្យមានជនជាតិអាមេរិកជាច្រើននាក់ត្រូវស្លាប់ និងរបួស។

    ចំណុចសំខាន់ដែលត្រូវបានដកស្រង់ចេញពីសុន្ទរកថាទាំងពីរនេះគឺថា «ឥឡូវនេះ វាគ្មានសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនោះទេ»។ លោក Putin បានលើកឡើងនូវសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថា «រុស្ស៊ីកំពុងដកខ្លួនចេញពីសន្ធិសញ្ញា New START សម័យ Obama ដែលបានកំណត់ចំនួនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលអាមេរិកនិងរុស្ស៊ីអាចមាន»។ ជាក់ស្តែង សន្ធិសញ្ញា New START បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់រុស្ស៊ី នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី Barack Obama និងអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev។

    រុស្ស៊ីមានប្រវត្តិជាយូរយារណាស់មកហើយក្នុងការផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយអាមេរិកចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ ការដែលលោក Putin ដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងនេះ អាចជារឿងដ៏គួរឱ្យភ័យខ្លាចសម្រាប់អ្នកបង្កើតគោលនយោបាយអាមេរិក។ ប៉ុន្តែអាមេរិកនៅតែបន្តពង្រឹងការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនយ៉ាងងងឹតងងុល។

    ការសម្រេចចិត្តរបស់លោក Putin ក្នុងការដករុស្ស៊ីចេញពីសន្ធិសញ្ញា អាចមានន័យថា «លោកសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអាចឈ្នះសង្គ្រាមនេះ»។ ដូច្នេះការសម្រុះសម្រួលនឹងមិនអាចទៅរួចនោះទេ។ រឿងតែមួយគត់ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពអាចក្លាយជារឿងសមហេតុផលសម្រាប់រុស្ស៊ីគឺ «នៅពេលដែលយោធារបស់រុស្ស៊ីរងនូវការបរាជ័យយ៉ាងដាច់អហង្ការ»។

    សកម្មជនសន្តិភាពដែលពាក់របាំងមុខរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden ជាមួយនិងគ្រាប់កាំជ្រួចនុយក្លេអ៊ែរជ័រ នៅមុខស្ថានទូតអាមេរិកនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី 29 ខែមករា ឆ្នាំ 2021 ជាសកម្មភាពមួយដើម្បីអំពាវនាវឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ រូបថត៖ AFP / John MacDougall

    រុស្ស៊ីពិតជារងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែអ៊ុយក្រែនក៏បានរងនូវការខាតបង់យ៉ាងខ្លាំងផងដែរនៅពេលថ្មីៗនេះ។ ខុសពីអ៊ុយក្រែន រុស្ស៊ីអាចមានលទ្ធភាពបន្តបញ្ជូនមនុស្សរាប់រយរាប់ពាន់នាក់ឱ្យទៅស្លាប់នៅក្នុងសង្គ្រាម រហូតដល់ពួកគេអាចយកឈ្នះលើអ៊ុយក្រែន ឬរហូត​ដល់​កម្លាំង​ដ៏ធំ​របស់​រុស្ស៊ី​អាចកម្ចាត់កង​កម្លាំងរបស់​អ៊ុយក្រែន​ឱ្យអស់ពី​ក្នុង​ទីសមរភូមិប្រយុទ្ធ។ នេះអាចជាផែនការរួមរបស់រុស្ស៊ី។

    ក្នុងករណីចាំបាច់ លោក Putin អាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីធានាថា «កងកម្លាំងរបស់លោកនឹងអាចសម្រេចបាននូវភារកិច្ចដ៏ឃោរឃៅនេះ»។ ប្រជាជនអ៊ុយក្រែនបានបង្ហាញអំពីចេតនារបស់ពួកគេយ៉ាងច្បាស់ ចាប់តាំងពីមុនពេលជម្លោះបានផ្ទុះឡើងកាលពីមួយឆ្នាំមុនទៅទៀត។ ទីក្រុង Kiev ចង់ឱ្យមានការស្ដារឡើងវិញយ៉ាងពេញលេញនៃតំបន់គ្រីមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែន។

    នេះក៏ជាខ្សែបន្ទាត់ក្រហមដែរ ហើយប្រសិនបើត្រូវបានដើរហួស វាអាចជំរុញឱ្យរុស្ស៊ីឈានទៅបង្កសង្គ្រាមនុយក្លេអ៊ែរ។ រុស្ស៊ីមិនអាចបាត់បង់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួននៅ Sevastopol បាននោះទេពីព្រោះវានឹងមានន័យស្មើនឹងការបញ្ឈប់រុស្ស៊ីពីការក្លាយជាមហាអំណាច ដោយសារវានឹងធ្វើឱ្យរុស្ស៊ីងាកចេញឆ្ងាយពីតំបន់សមុទ្រខ្មៅដ៏សំខាន់។ លោកខាងលិចច្បាស់ជាកំពុងរស់នៅក្នុងភាពស្រមើស្រមៃ ប្រសិនបើពួកគេពិតជាគិតថា «លោក Putinនឹងអង្គុយរង់ចាំឱ្យរឿងទាំងអស់នេះកើតឡើង»។

    សង្គ្រាមនៅមិនទាន់ចប់ទេ ហើយវាក៏នឹងមិនមានការចរចាគ្នានោះដែរ។ លោក Biden បានបញ្ជាក់យ៉ាងច្បាស់ថា «លោកមិនត្រឹមតែនឹងបន្តការគាំទ្រចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Volodymyr Zelensky ប៉ុណ្ណោះទេ តែលោកថែមទាំងបាននិយាយថា លោកបានទុកមួយផ្នែកនៃបេះដូងរបស់លោកនៅទីក្រុង Kiev»។

    លោក Biden បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះបុព្វហេតុរបស់អ៊ុយក្រែនដែលរហូតមកដល់ពេលនេះ បានធ្វើឱ្យលោកបន្តបដិសេធមិនដាក់ចេញនូវការឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះការធ្លាយប្រេងគីមីដ៏ធំនៅ East Palestine នៃរដ្ឋ Ohio។ ជំនួសមកវិញ លោក Biden បានចំណាយប្រាក់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រទេសក្រៅគឺអ៊ុយក្រែន ជំនួសឱ្យការផ្តល់ជូនដល់បងប្អូនជនជាតិអាមេរិកដែលរងគ្រោះនៅក្នុងតំបន់គ្រោះមហន្តរាយ។

    ឥឡូវនេះ ចិនក៏បានបង្កើនការចូលរួមដោយផ្ទាល់កាន់តែខ្លាំងផងដែរជាមួយរុស្ស៊ីដែលមានន័យថា «រុស្ស៊ីនឹងនៅតែមានឱកាសធ្វើកិច្ចការបានច្រើន ខណៈពេលដែលលោកខាងលិចកំពុងចង់ឱ្យរុស្ស៊ីស្ថិតនៅឯកោ»។ «ហេតុអ្វីបានជារុស្ស៊ីចាំបាច់ត្រូវស្វែងរកសន្តិភាព ប្រសិនបើសង្គ្រាមកំពុងតែផ្តល់នូវលទ្ធផលជាទីគាប់ចិត្តដូចអ្វីដែលរុស្ស៊ីចង់បាន?»

    ជាជាងការបង្កើតឱ្យមានកិច្ចព្រមព្រៀងថ្មីមួយ សង្រ្គាមលោកកំពុងខិតជិតមកដល់ហើយដែលបង្កឡើងដោយភាពក្រអឺតក្រទម និងភាពល្ងង់ខ្លៅរួមបញ្ចូលគ្នារបស់មេដឹកនាំលោកខាងលិចនិងមេដឹកនាំរុស្ស៊ីដែល
    បានគណនាខុសតាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់នៃជម្លោះនេះ។ ដូចគ្នានឹងសង្គ្រាម លោកលើកទី១ ដែរ វានឹងគ្មាននរណាម្នាក់នឹងឈ្នះនោះឡើយ។

    ប្រធានាធិបតីចិន លោក Xi Jinping បង្ហាញមុខនៅលើអេក្រង់ធំមួយ អំឡុងពេលនៃការសម្តែងវប្បធម៌ ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី 100 នៃការបង្កើតបក្សកុម្មុយនីស្តចិន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។ រូបថត៖ AFP / Noel Celis

    បក្សកុម្មុយនីស្តចិននឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនបំផុត នៅពេលដែលដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតពីរ របស់ខ្លួនគឺរុស្ស៊ីនិងអាមេរិកបំផ្លាញគ្នាទៅវិញទៅមក ដោយសារជម្លោះព្រំដែនដ៏ឥតប្រយោជន័នៅអឺរ៉ុបខាងត្បូង (នេះអាចជាមូលហេតុដែលចិនបន្តការគាំទ្រចំពោះរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន)។

    អ្នកប្រវត្តិសាស្ត្រនឹងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារភាពឆ្កួតលីលារបស់មេដឹកនាំនៅសម័យនេះ។ ពួកគេនឹងកត់សម្គាល់ថា «សុន្ទរកថាចំនួ២របស់ប្រធានាធិបតីរុស្ស៊ី និងអាមេរិកនៅក្នុងខួបមួយឆ្នាំនៃការចាប់ផ្តើមសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានប្រែក្លាយជម្លោះទៅជាសង្រ្គាមលោក»។ យើងត្រូវតែទទួលស្គាល់ការពិតថា «វានឹងលែងមានសន្តិភាពទៀតហើយ»។

    សុន្ទរកថានៅពេលថ្មីៗនេះដែលធ្វើឡើងដោយលោក Biden និងលោក Putin ក៏ដូចជាការកើនឡើងនៃការចូលរួមរបស់ចិននៅក្នុងជម្លោះនៅអ៊ុយក្រែន មានន័យថា «សង្រ្គាមនេះនឹងកំណត់ជោគវាសនារបស់យើង ហើយសង្រ្គាមនេះមិនមែនជាសង្រ្គាមដែលលោកខាងលិចអាចយកឈ្នះបានដោយងាយៗនោះទេ»៕

    Asia Times

    អត្ថបទទាក់ទង