ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ បើគ្មានវត្តមាននយោបាយឈ្នះឈ្នះ ប្រាកដណាស់ពលរដ្ឋកម្ពុជានឹងរស់នៅក្នុងភាពភ័យខ្លាច និងការនិរាស្តព្រាត់ប្រាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ បើគ្មានវត្តមាននយោបាយឈ្នះឈ្នះ ប្រាកដណាស់ពលរដ្ឋកម្ពុជានឹងរស់នៅក្នុងភាពភ័យខ្លាច និងការនិរាស្តព្រាត់ប្រាស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ បើគ្មានវត្តមាននយោបាយឈ្នះឈ្នះ ប្រាកដណាស់ពលរដ្ឋកម្ពុជានឹងរស់នៅក្នុងភាពភ័យខ្លាច និងការនិរាស្តព្រាត់ប្រាស់

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិ បានលើកឡើងថា បើគ្មានវត្តមាននយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រហែលជាប្រជាលរដ្ឋខ្មែរ កំពុងបន្តរស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរទៅតំបន់មួយចំនួននៃមាតុភូមិកំណើតរបស់ខ្លួន មានការលំបាកក្នុងការប្រតិបត្តិជំនឿសាសនា គ្មានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យនានាដូចសព្វថ្ងៃនេះឡើយ។

ការលើកឡើងបែបនេះ របស់លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ។ ប៉ុន្តែ ការរិះគន់បែបនេះ របស់ក្រុមប្រឆាំង គឺផ្ទុយស្រឡះនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីបានបញ្ចប់សង្គ្រាមស៊ីវិល ប្រជាពលរដ្ឋខ្មែរ បានរស់នៅជួបជុំក្រុមគ្រួសារ មានសិទ្ធិសេរីភាពពេញលេញចំពោះមុខច្បាប់ ដោយឡែកប្រទេសកម្ពុជា គឺជាស្ថានសួគ៌ របស់បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ។

តាមរយៈទំព័រ Facebook នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ និងពុះពារគ្រប់ឧបសគ្គដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះ។ វត្តមានរបស់នយោបាយឈ្នះឈ្នះ និងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែកឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុតក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ។

«បើគ្មានវត្តមាននយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រហែលជាយើងកំពុងបន្តរស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរទៅតំបន់មួយចំនួននៃមាតុភូមិកំណើតរបស់ខ្លួន មានការលំបាកក្នុងការប្រតិបត្តិជំនឿសាសនា គ្មានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យនានាដូចសព្វថ្ងៃនេះឡើយ»៕

អត្ថបទទាក់ទង