ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងបាងកក បានធ្វើការពិភាក្សាគ្នាជុំវិញបញ្ហាសន្តិសុខនៅក្នុងតំបន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1206
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងបាងកក បានធ្វើការពិភាក្សាគ្នាជុំវិញបញ្ហាសន្តិសុខនៅក្នុងតំបន់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងបាងកក បានធ្វើការពិភាក្សាគ្នាជុំវិញបញ្ហាសន្តិសុខនៅក្នុងតំបន់

បញ្ហាសន្តិសុខនៅក្នុងតំបន់ ត្រូវបានលើកយកមកធ្វើការពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន រួមនិងកិច្ចប្រជុំដែលពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងបាងកក។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃបានសម្ដែងការកោតសរសើរ សមាជិកប្រទេសអាស៊ាន ចំពោះការបន្តការចូលរួមក្នុងការពង្រឹងកិច្ចសហប្រតិការអាស៊ាន ដែលអាចធ្វើឲ្យមានលទ្ធផលជាក់ស្ដែងទៅលើតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ក្នុងអាស៊ាន។ លោក ប្រាវីត វង្សសុវណ្ណ បានថ្លែងអំណរគុណប្រទេសអាស៊ានទាំងអស់ ក្នុងការដោះស្រាយបញ្ហា និងចូលរួមធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា៖ ប្រឆាំងភេរវកម្ម សន្តិសុខលម្ហរសមុទ្រ សង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាកសាងជំនឿទុកចិត្តគ្នា ជាមួយប្រទេសបូក។

លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ ជំរុញឲ្យអាស៊ានអាចរក្សាបាននូវសន្តិសុខ និងស្ថិរភាព ប្រកបដោយចីរភាព។ ក្នុងកិច្ចប្រជុំនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក៏បានចែករំលែក និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ជុំវិញបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ ។

ថ្លែងទៅកាន់កិច្ចប្រជុំក្នុងឱកាសនោះដែល លោក ទៀ បាញ់ បានមានប្រសាសន៍ថា ការវិវត្តឥតឈប់ឈរ នៃភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននាំមកនូវបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើន។ ទន្ទឹមនឹងបញ្ហាសន្តិសុខបែបប្រពៃណី ដែលនៅតែបន្តចោទជាបញ្ហា យើងឃើញមានការលេចឡើងបន្តបន្ទាប់នូវបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលមានភាពស្មុគស្មាញ ដែលប៉ះពាល់គ្រប់វិស័យ ហើយដែលប៉ះពាល់ទៅលើសុខុមាលភាព និងការរស់នៅរបស់ប្រជាជនយើង។ ក្នុងន័យនេះ លោកបានលើកយកបញ្ហារួមធំៗចំនួនពីរធ្វើការអត្ថាធិប្បាយ ដែលក្នុងនោះទី១៖ ទាក់ទងទៅនឹងការគំរាមកំហែងនៃភេរវកម្ម ដែលនៅក្នុងតំបន់នៅតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការរីកសាយភាយនៃអំពើភេរវកម្ម ក៏ដូចជាផលប៉ះពាល់នៃសកម្មភាពទាំងនេះ មកលើសង្គមរបស់យើង។ យើងនៅតែមានការព្រួយបារម្ភចំពោះការត្រលប់មកវិញ នៃជនសកម្មប្រយុទ្ធ និងការផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ក៏ដូចជាឥទ្ធិពលមកលើក្រុមបណ្តាញភេរវកម្មក្នុងតំបន់។ ភាពងាយស្រួលក្នុងការទាញយក និងប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា បច្ចេកវិទ្យាភាពព័ត៌មានវិទ្យា គ្រឿងយន្ត និងបច្ចេកវិទ្យាជីវសាស្រ្ត បានក្លាយជាការព្រួយបារម្ភសម្រាប់បរិយាកាសសន្តិសុខក្នុងតំបន់។ ការផ្សព្វផ្សាយដែលបណ្តាលឱ្យមានភាពភ័យខ្លាច និងការឃោសនាឱ្យមានការស្អប់ខ្ពើមតាមបណ្តាញសង្គមនានា គឺជាការយកបច្ចេកវិទ្យាធម្មតាមកប្រើប្រាស់ ក្នុងសកម្មភាព ភេរវកម្ម ហើយដែលអាចបង្កអោយមានភាពខូចខាតយ៉ាងច្រើន។

ចំពោះបញ្ហាទី២៖ លោកបានបញ្ជាក់ថា គឺការប្រកួតប្រជែងនៃប្រទេសមហាអំណាច។ គ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកហាក់ចាប់ផ្តើមរង្គោះរង្គើ ហើយអនាគតរបស់ពិភពលោកហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់។ សង្គ្រាមពាណិជ្ជកម្ម អាចបង្កអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកអន់ថយ វានឹងជះឥទ្ធពលដល់យើងទាំងអស់គ្នា។ ប្រសិនបើភាពតានតឹងនេះនៅតែបន្តឬកាន់តែដុនដាប វានឹងបង្កអោយបាត់បង់ជំនឿចិត្ត និងទំនុកចិត្តរវាងគ្នា។ លោក ទៀ បាញ់ បានបញ្ជាក់នូវឆន្ទៈក្នុងការបំពេញការងាររួមគ្នាជាមួយសមាជិកអាស៊ានទាំងអស់ ក្នុងនិម្មាបនកម្មសន្តិសុខបច្ចុប្បន្ន។ ក្នុងស្មារតីអាស៊ាន យើងនឹងរួមគ្នារក្សាឯកភាព និងសាមគ្គីភាពក្នុងការពិភាក្សា និងធ្វើការងារជាមួយដៃគូក្រៅតំបន់ ដើម្បីធានាអោយបាននូវសន្តិភាព ស្ថិរភាព សុវត្ថិភាព អភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ៕

អត្ថបទទាក់ទង