ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ អធិបតេយ្យភាពកម្ពុជា មិនអាចប្តូរជាមួយការពង្រឹងទំនាក់ទំនងយោធាអាមេរិកបានទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 35
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ អធិបតេយ្យភាពកម្ពុជា មិនអាចប្តូរជាមួយការពង្រឹងទំនាក់ទំនងយោធាអាមេរិកបានទេ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ អធិបតេយ្យភាពកម្ពុជា មិនអាចប្តូរជាមួយការពង្រឹងទំនាក់ទំនងយោធាអាមេរិកបានទេ

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានថា អធិបតេយ្យភាពកម្ពុជា មិនអាចប្តូរជាមួយការពង្រឹងទំនាក់ទំនងយោធាអាមេរិកបានទេ។ លោកបានលើកឡើងថា ការទាមទារឱ្យដោះលែងលោក កឹម សុខា ដើម្បីកិច្ចសហប្រតិបត្តិការយោធា គឺជារឿងរបស់សហរដ្ឋអាមេរិក។ លោក ទៀ បាញ់ បានមានប្រសាសន៍ថា «លក្ខខណ្ឌនេះ គឺមិនអាចទៅរួចទេ ពីព្រោះនេះ គឺជាអធិបតេយ្យភាពរបស់យើង ដូច្នេះហើយ វាមិនអាចទៅរួចទេ សម្រាប់អ្នកនេះ ឬអ្នកនោះ មកដាក់លក្ខខណ្ឌឬមកប្រាប់ឱ្យធ្វើនេះឬធ្វើនោះ។ យើងមិនអាចប្តូរអធិបតេយ្យភាព សិទ្ធិ និងច្បាប់ របស់យើង ជាមួយរឿងនោះទេ»។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តថា រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា អាចរស់បានដោយគ្មានជំនួយរបស់ពួកគេ។ លោក មានប្រសាសន៍បន្តថា «ធម្មជាតិរបស់ប្រទេសមហាអំណាច ក៏មានរឿងនេះដែរ (ដាក់សម្ពាធ និងដាក់លក្ខខណ្ឌ) ហើយនេះមិនមែនជារឿងថ្មីនោះទេ។ រឿងដូចនេះ វាមានជាយូរមកហើយ ហើយមិនដែលផ្តល់ឱកាសដល់ប្រទេសក្រីក្រ ឱ្យធ្វើរឿងអ្វីមួយបានងាយស្រួលនោះទេ។ និយាយឱ្យខ្លី ពួកគេ ព្យាយាមរារាំងដល់ការអភិវឌ្ឍរបស់យើងនៅគ្រប់វិស័យ តាមរយៈការដាក់សម្ពាធនេះសម្ពាធនោះដែលនេះ គឺជាវិធានការរបស់ពួកគេដែលពួកគេបានអនុវត្តជារហូតមក»។

គួរបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក Joseph H. Felter ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ នាង ផាត ទៅលើការពង្រឹងទំនាក់ទំនងយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដំណើរការដោយសេរីនៅកម្ពុជាឡើងវិញ៕

អត្ថបទទាក់ទង