ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងសុន្ទរកថាសំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ លើទឹកដីអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 29
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងសុន្ទរកថាសំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ លើទឹកដីអង្គរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងសុន្ទរកថាសំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ លើទឹកដីអង្គរ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី(ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានអោយដឹងថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេនដែលរួមមាន៖
១-កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន
២-កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ«លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។

កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖
១/ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព
២/ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព
៣/ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក

៤/នវានុវត្តន៍ នៃការពង្រឹងសេវាថែទាំសុខភាពក្នុងសុន្ទរកថា ដែលថ្លែងដោយ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ មានខ្លឹមសារសំខាន់ៗថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដល់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ០២ឆ្នាំ ដើម្បីជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ដែលតំណាងឲ្យលោកនាយករដ្ឋមន្រ្ដី បានថ្លែងទៀតថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ទាំងនៅក្នុងប្រទេសតំបន់ និងសកលលោក។

បើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និងធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ។ ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព, សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ។

នៅក្នុងសុន្ទរថា ដែលថ្លែងដោយលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ នោះគឺបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន០៦គឺ៖
១) ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។

២) អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។

៣) អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាត នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ តាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និងជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿជាក់។

៤) អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រ និងតម្រូវការចាំបាច់សម្រាប់អនុវត្តរួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។

៥) អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំង នឹងឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ និងការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

៦) អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និងសកលលោក ដែលមានស្រាប់ និងបង្កើតយន្តការ ឬគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុ

ខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយ និងអន់គុណភាព៕

អត្ថបទទាក់ទង