រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំស្វាយ»
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំស្វាយ» ដែលមានផ្ទៃដីទំហំ ១៦ ហិចតា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
- ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់
- កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ
- ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគម្រាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន
- ផ្ដល់សេវាកម្មធម្មជាតិនិងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់
រដ្ឋាភិបាល បានកំណត់អោយក្រសួងបរិស្ថានមានសមត្ថកិច្ចក្នុងការរៀបចំនិងគ្រប់គ្រង តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំស្វាយ» នេះ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕