ខ្មែរប៉ុស្ដិ៍ Close

លោក ខាន់ សុវណ្ណ ធ្វើលិខិតផ្លូវការសូមខមាទោសព្រះសង្ឃទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 25
លោក ខាន់ សុវណ្ណ ធ្វើលិខិតផ្លូវការសូមខមាទោសព្រះសង្ឃទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន លោក ខាន់ សុវណ្ណ ធ្វើលិខិតផ្លូវការសូមខមាទោសព្រះសង្ឃទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន

(ភ្នំពេញ)៖ បន្ទាប់ពីតតាំងពាក្យសម្តីអស់ជាច្រើនថ្ងៃទីបំផុតទៅលោក ខាន់ សុវណ្ណ បានចេញមុខធ្វើលិខិតសូមខមាទោសព្រះសង្ឃខ្មែរនៅទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលលើកជាទស្សនៈចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្មក្រោម៥៦វស្សា ដើម្បីបំពេញកម្លាំងពលកម្មផ្នែកសំណង់។

ក្នុងលិខិតសូមខមាទោសប្រគេនទៅគណៈសង្ឃនាយកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាសូមទទួលយកកំហុសនេះ និងសូមសំដែងការសោកស្ដាយ ចំពោះអ្វីដែលបានកើតឡើងដោយខ្វះការពិចារណា និងសុំព្រះរាជទានទោសពីសំណាក់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា ការចេញមកសុំខមាទោសនេះ បានកើតមានឡើងក្រោយពេលមានការប្រតិកម្មជាខ្លាំងពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលើកឡើងជាទស្សនៈរបស់លោក ខាន់ សុវណ្ណ ចង់ឱ្យមានការផ្សឹកព្រះសង្ឃមានព្រះជន្មក្រោម ៥៦ព្រះវស្សា ដើម្បីបំពេញកម្លាំងពលកម្មក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។

ក្នុងសេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយកកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ គណៈសង្ឃនាយក បានចាត់ទុកទស្សនៈរបស់លោក ខាន់ សុវណ្ណ បានបង្កប់នូវអត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងពីភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត, ប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនា គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស, បង្វែរគំនិតមហាជនឱ្យដើរជាន់ដានប្រវត្តិសាស្ត្រ ល្វីងជូរចត់(បីឆ្នាំប្រាំបីខែម្ដែថ្ងៃ) ជារបប ខ្មៅងងឹតទមិឡឥតសាសនាដែលពិភពលោក និងមនុស្សជាតិស្អប់ខ្ពើមជាទីបំផុត។

ទស្សនៈនេះ ក៏បានរំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់មាត្រា៥១៦ ពីបទប្រមាថកាត់តឿនចំពោះព្រះសង្ឃ និងជា ការប៉ះពាល់ស្មារតីមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលរដ្ឋ មានកាតព្វកិច្ចការពារមិនឱ្យបុគ្គលណារំលោភបំពានបានឡើយ, រំលោភសិទ្ធិមនុស្សជាសកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកប ដោយសេចក្ដីថ្លៃថ្នូរក្នុងភេទជាបព្វជិតក្ដី និងជីវភាពជាគ្រហស្ថក្ដី។

គណៈសង្ឃនាយក ក៏បានចាត់ទុកទស្សនៈលោក ខាន់ សុវណ្ណ ជាគំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព គ្មាន ភាពយុត្តិធម៌ និងគ្មានសេចក្ដីថ្លៃថ្នូរក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ ហើយបង្កើតនូវភាពឈឺចាប់ និងការចងកម្មពៀរវេរាដល់យុវសង្ឃ និងពុទ្ធបរិស័ទ៕

អត្ថបទទាក់ទង