ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសស្តីពី វិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
ក្រសួងសុខាភិបាល ប្រកាសស្តីពី វិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ ក្រសួងសុខាភិបាល ប្រកាសស្តីពី វិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ

ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសស្តីពី វិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ។

ការសម្រេចចេញវិធានការនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានចំណារឯកភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើរបាយការណ៍សង្ខេបស្តីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា សម្រាប់ការបើកដំណើរការឡើងវិញនូវវិស័យកីឡា ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម៖

ទី១) អនុញ្ញាតឱ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី ១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការពាររបស់ ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះ នឹងចាប់អនុវត្តជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។

ទី២) អនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការការពារកុំឱ្យមានការ ចម្លងវីរុសកូវីដ-១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះ របស់ក្រសួងសុខាភិបាល។

ទី៣) មុននឹងបើកឱ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ដូចជា៖

  • ការអនុវត្ត ការសម្អាតដៃឱ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ
  • ការប្រើប្រាស់ម៉ាស (ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់ មាត់ច្រមុះ រាល់ពេលក្អកកណ្ដាស់ (រួចត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ)
  • ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាដើម។

ទី៤) ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឱ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់នៅក្នុងដំណាក់កាល ប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង