សហព័ន្ធស្រូវអង្ករកម្ពុជា លក់អង្ករបញ្ចុះតម្លៃជូនពលរដ្ឋជាប់ការបិទខ្ទប់
សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសថា ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទទួលបានការបញ្ចុះតម្លៃចំពោះការ ទិញអង្ករ សម្រាប់បរិភោគប្រចាំថ្ងៃ។
តាមសេចក្តីប្រកាសព័ត៌ មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការបញ្ចុះតម្លៃនេះ មានចាប់ពីចំនួន ២០ម៉ឺនរៀល ទៅ ៤០ ម៉ឺនរៀល ក្នុងមួយតោន ឬស្មើនឹង១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ក្នុងមួយបេទម្ងន់៥០ គីឡូក្រាម នៃតម្លៃគោល ទៅតាមប្រភេទ និងគុណភាពអង្ករ ដែលមាននៅក្នុងស្តុក ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានការណ៍បានធូរស្បើយឡើងវិញ។
សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា សាធារណជនដែលចង់ទិញអង្ករដោយមានការបញ្ចុះតម្លៃនេះ អាចទាក់ទងក្រុមហ៊ុន និងរោងម៉ាស៊ីន ដូចជា ក្រុមអេមរុរ៉ាយស៍ ខេមបូឌា ក្រុមហ៊ុនបៃតងកម្ពុជា ,រោងម៉ាស៊ីនកិនស្រូវ វង្ស ប៊ុនហេង, រោងម៉ាស៊ីនកិនស្រូវ ណម ស្រ៊ីម, ក្រុមហ៊ុន អឹម ខេ អិន, រោងម៉ាស៊ីនកិនស្រូវកំពង់ធំ ១៦៨៨ រាជរំដួលនិងរោងម៉ាស៊ីនកិនស្រូវ មុំ សុផល។
តាមការឱ្យដឹងពីលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា អង្ករជិត៨០០តោន ត្រូវបានបញ្ចេញលក់ដោយសមាជិកចំនួន ១០ក្រុមហ៊ុន ដល់ទីផ្សារលក់រាយ និងលក់ដល់ដេប៉ូ ក្រោមតម្លៃទីផ្សារនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល អំឡុងពេលរាជរដ្ឋាភិបាលបានចេញវិធានការអនុវត្តបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕