មិនដឹងថាត្រូវទៅប្រឡងយកបណ្ណបើកបរយានយន្តនៅឯណាមែនទេ? ក្រសួងសាធារណការប្រាប់ទីតាំងទាំងនោះដូចខាងក្រោម
ក្រោយការប្រកាសរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការផាកពិន័យលើយានយន្តល្មើសច្បាប់ចរាចរណ៍ចាប់ពីដើមខែឧសភាមកនេះ គេសង្កេតឃើញថា មានយានយន្តជាច្រើនបានសម្រុកនាំគ្នាទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមទីតាំងសំខាន់ៗមួយចំនួនភ្លូកទឹកភ្លូកដី និងមួយចំនួនទៀត ជាពិសេសម៉ូតូដែលមានកម្លាំងម៉ាស៊ីនធំជាង 125cc បាននាំគ្នាសម្រុកទៅប្រឡងយកបណ្ណបើកបរ ដើម្បីបានរួចផុតពីការផាកពិន័យ។ ស្ថិតិនេះត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូនលើកឡើងថា ជាសញ្ញាល្អសម្រាប់សណ្ដាប់ធ្នាប់ចរាចរណ៍ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ដែលជាទូទៅធ្វើអោយមានមនុស្សស្លាប់ជាមធ្យម ៥នាក់ក្នុងមួយថ្ងៃ និងបំផ្លាញសេដ្ឋកិច្ចជាតិអស់ជាង ៣៦០លានដុល្លារជារៀងរាល់ឆ្នាំ ។
យ៉ាងណាមិញ នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់ស្គាល់ទីតាំងនៃការប្រឡងយកបណ្ណបើកបរនោះទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញទីតាំងទាំងនោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ ដែលមានដូចជា៖
- ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
- ខេត្ត៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត
ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ ។
ចំណែកឯពេលវេលាផ្ដល់សេវាវិញ គឺចាប់ពី ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០) ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច ។
ឯកសារដែលត្រូវយកមកតាមខ្លួនមានដូចជា ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់)
៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈរបស់ក្រសួង 015 92 90 90 | 085 92 90 90 | 067 92 90 90