ខ្មែរប៉ុស្ដិ៍ Close

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឈានដល់ការសាងសង់រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឈានដល់ការសាងសង់រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឈានដល់ការសាងសង់រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវប្រើកៅស៊ូក្រាលថ្នល់កែច្នៃប្រភេទSBS សម្រាប់គម្រោងទាំងមូល សរុបប្រហែល ៥ម៉ឺន៣ពាន់តោន ពីលើថ្នល់បេតុង ដើម្បីបង្កើន ភាពធន់រឹងមាំយូរអង្វែង។

ទិន្នន័យផ្លូវការពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់ថា ក្រុមអភិវឌ្ឍន៍ បានសាងសង់រោងចក្រកែច្នៃកៅស៊ូ ក្រាលថ្នល់(asphalt)ដែលមានលក្ខណៈស្របតាមស្តង់ដាររោងចក្រ ហើយនឹងផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់កែច្នៃប្រភេទSBSសរុបប្រហែល ៥ម៉ឺន៣ពាន់តោន សម្រាប់គម្រោងទាំងមូល។ គម្រោងប្រើប្រាស់សម្ភារថ្មីៗយ៉ាងសកម្ម និងនាំចូលនូវបច្ចេកវិទ្យាថ្មីៗដល់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគម្រោងចំណាយថវិកាប្រមាណ២០១៩លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនទទួល បានសម្បទានវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់ផ្លូវ ល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ សម្រេចបានជាង៥៥ភាគរយហើយ បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ តាមសន្ទុះនៃការសាងសង់ រំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣ ពោលគឺ មុនផែនការគ្រោងទុក។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ និង មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC)កម្រាស់១០សង់ទីម៉ែត្រ។ ផ្លូវនេះ មានគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

គម្រោងអភិវឌ្ឍន៍នេះ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំ ចំនួន៤កន្លែង ស្ពានធំនិងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនទី១នេះ ជាផ្លូវរបៀងយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន៥ម៉ោងមកត្រឹមតែ២ម៉ោងប៉ុណ្ណោះ និង ជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕