ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ថៃ ឯកភាពគ្នាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងដែនតាមរថភ្លើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 67
កម្ពុជា-ថៃ ឯកភាពគ្នាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងដែនតាមរថភ្លើង កម្ពុជា-ថៃ ឯកភាពគ្នាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងដែនតាមរថភ្លើង

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា ក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរ ការធ្វើចរាចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនៅដើមឆ្នាំ២០១៩ខាងមុខ។

លោក លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា តាម រយៈកិច្ចប្រជុំផ្លូវដែកសិង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិ បាលកម្ពុជា-ថៃ បានបញ្ជាក់ដូចគ្នាថា ភាគីទាំងពីរបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន ឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ។ ប៉ុន្តែខាងភាគីថៃថា នៅរង់ចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។ លោកបានបន្ដថា នៅក្នុងអំឡុងពេលចុះហត្ថ លេខានេះដែរ ភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរឱ្យកាន់តែស្អិតល្មួត ព្រមទាំងបើក ដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន រវាងប្រទេសទំាងពីរឱ្យកាន់តែមាន ភាពរលូនដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។

លោកបានបន្ដទៀតថា នៅពេលដែលភាគីទំាងពីរ កម្ពុជា-ថៃ បានចុះហត្ថលេខា ហើយនោះ កម្ពុជាក៏គ្រោងនឹងចុះហត្ថលេខាជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីអាច បើកដំណើរការឆ្លងកាត់រួមគ្នាជាមួយបណ្តាប្រទេសមួយចំនួនក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកប្រទេសសិង្ហបុរី គុនមិញនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបានលើកឡើងទៀតថា គម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវ ដែករវាងកម្ពុជា-ថៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះហានិភ័យផ្សេងៗទៀត ស្របពេលដែលផ្លូវដែកដឹកជញ្ជូនទំនិញបានច្រើន សេវាមានតម្លៃថោក និងចំណេញថវិកាថែមទៀត។

សូមបញ្ជាក់ថា ការឈានទៅភ្ជាប់សេវាដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា-ថៃ និងបណ្តា ប្រទេសមួយចំនួនទៀតក្នុងតំបន់នេះ បន្ទាប់ពីកម្ពុជាបានកែលម្អផ្លូវដែករបស់ខ្លួន ស្របតាម ស្តង់ដារ ដើម្បីបម្រើសេវាដឹកជញ្ជូនឆ្លងដែនអន្តរជាតិ៕

អត្ថបទទាក់ទង