ខ្មែរប៉ុស្ដិ៍ Close

ចិនចេញមុខប្រកាសគាំទ្រអង្គការ WHO និងស្នើឲ្យអាមេរិកផ្តល់ថវិកាដល់ WHO តាមកាតព្វកិច្ចដែលខ្លួនមាន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្អាក (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
ចិនចេញមុខប្រកាសគាំទ្រអង្គការ WHO និងស្នើឲ្យអាមេរិកផ្តល់ថវិកាដល់ WHO តាមកាតព្វកិច្ចដែលខ្លួនមាន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្អាក (Video inside) ចិនចេញមុខប្រកាសគាំទ្រអង្គការ WHO និងស្នើឲ្យអាមេរិកផ្តល់ថវិកាដល់ WHO តាមកាតព្វកិច្ចដែលខ្លួនមាន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្អាក (Video inside)

(ប៉េកាំង)៖ នាថ្ងៃពុធនេះចិនបានទទូចឲ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនមានចំពោះអង្គការសុខភាពពិភពលោក (WHO) គឺបន្ត ផ្តល់ថវិកាឲ្យស្ថាប័នអន្តរជាតិនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកធ្វើយ៉ាងដូច្នោះ ក្រោមហេតុផលថា WHO គ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺរាតត្បាតសាកល COVID-19 មិនបានល្អ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ស្ថានការណ៍ COVID-19 កំពុងតែស្ថិតក្នុងដំណាក់ដ៏សំខាន់ ហើយ ការសម្រេចចិត្តដូចខាងលើរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសប្រទេសដែលទុនខ្សោយ។ លោក Zhao បានសង្កត់ធ្ងន់ថា អង្គការ WHO បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនអាចរកអ្នកជំនួសបាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិ COVID-19 ដែលជាវិបត្តិសុខភាពសាធារណៈទូទាំងសកលលោក។

ដូច្នេះហើយ លោក Zhao ក៏បានអំពាវនាវឲ្យអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនចំពោះ WHO ហើយបន្តគាំទ្រស្ថាប័នអន្តរជាតិនេះ ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីរួមគ្នាទប់ទល់នឹងជំងឺ COVID-19។ លោក Zhao បានបញ្ជាក់ជាចុងក្រោយថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រអង្គការ WHO ជានិច្ច ហើយដើរតួនាទីរបស់ខ្លួន ក្នុងការលើកស្ទួយវិស័យសុខាភិបាលទូទាំងពិភពលោក និងការប្រយុទ្ធ ប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

គួរជម្រាបថា ក្រោយលោក ត្រាំ បានប្រកាសពីការផ្អាកផ្តល់ហិរញ្ញវត្ថុដល់ WHO អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ឥឡូវគឺជាពេលដែលពិភពលោកត្រូវរួមសាមគ្គីគ្នា និងមិនមែនជាពេលត្រូវកាត់បន្ថយធនធានរបស់ WHO ដែល ជាអង្គការដ៏សំខាន់បំផុតនៅខណៈនេះឡើយ៕

ប្រភព ៖ Fresh News

អត្ថបទទាក់ទង