ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ លោកដូណាល់ ត្រាំប្រាប់​ប្រជាជន​ឲ្យ​ត្រៀមចិត្ត ព្រោះ​ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ខ្លាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 58
កូវីដ-១៩៖ លោកដូណាល់ ត្រាំប្រាប់​ប្រជាជន​ឲ្យ​ត្រៀមចិត្ត ព្រោះ​ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ខ្លាំង លោកដូណាល់ ត្រាំ ប្រកាសថា សប្តាហ៍ដែលនឹងមកដល់ នឹងធ្ងន់ធ្ងរបំផុត។ សេតវិមាន ថ្ងៃទី​៤ មេសា ២០២០ REUTERS/Tom Brenner

នៅសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ បានកើនឡើង យ៉ាងលឿនបំផុតដែរ​ ក្នុងរយៈពេល​មួយសប្តាហ៍ចុងក្រោយនេះ។ គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​៥មេសា សហរដ្ឋអាមេរិក​ មានអ្នកឆ្លងកូវីដ​១៩ ចំនួន​ប្រមាណ​៣សែននាក់ និងស្លាប់ចំនួន​ប្រមាណ​៨០៩៨នាក់។ លោកប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាស កាលពីថ្ងៃសៅរ៍ ឲ្យប្រជាជនត្រៀមចិត្ត ព្រោះ​ក្នុងសប្តាហ៍ថ្មីដែលនឹងមកដល់នេះ តួលេខនៃចំនួន​អ្នកឆ្លង និងអ្នកស្លាប់ដោយកូវីដ-១៩ អាចនឹងកើនឡើងខ្ពស់បំផុត។

ចំនួនអ្នកឆ្លង និងអ្នកស្លាប់ ដោយកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងលឿនរហ័សបំផុត។ អ្វីដែលជាការព្រួយបារម្ភថែមទៀតនោះ គឺអ្នកជំនាញអះអាងថា សហរដ្ឋអាមេរិក នៅមិនទាន់ចូលដល់ដំណាក់​កាល​កំពូល នៃទំហំចំនួន​អ្នកឆ្លងនៅឡើយទេ។ មានន័យថា ចំនួន​អ្នកឆ្លងនឹងបន្តកើនឡើងថែមទៀត កាន់តែខ្ពស់។

នៅថ្ងៃសៅរ៍ទី៤មេសា ក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាស​ប្រាប់ទៅ​ប្រជាជនអាមេរិកថា សប្តាហ៍ថ្មីដែលនឹងមកដល់នេះ នឹងគឺជាសប្តាហ៍ដ៏ធ្ងន់ធ្ងរបំផុត។ លោកបន្ថែមថា តួលេខចំនួនអ្នកឆ្លង នឹងកើនឡើង ហើយចំនួន​អ្នកស្លាប់ ប្រាកដជាមានច្រើនខ្លាំងណាស់​។​

សូមរំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅ លោកដូណាល់ ត្រាំ បាន​ប្រកាសឲ្យប្រជាជនពាក់ម៉ាស់ តាមតែអាចធ្វើទៅបាន ដើម្បីបង្ការការឆ្លងរាលដាល។ អ្នកជំនាញរបស់អាមេរិក និងបរទេសមួយចំនួន បាន​ផ្តោតការសង្ស័យ​ទៅលើលទ្ធភាពនៃការចម្លងមេរោគកូវីដ-១៩ ដោយគ្រាន់តែ​តាមរយៈខ្យល់ដង្ហើម ដែលចេញតាមមាត់ ឬតាមច្រមុះ។

គួតត់សំគាល់ថា នៅសហរដ្ឋអាមេរិក​ រដ្ឋញូយ៉ក គឺជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយការឆ្លងរាលដាលមេរោគកូវីដ-១៩។ ក្នុង​ចំណោម​អ្នកឆ្លង​សរុបនៅសហរដ្ឋអាមេរិក គឺជាង១ភាគ៣ ស្ថិតនៅក្នុងរដ្ឋញូយ៉ក។ ចំណែកចំនួនអ្នក​ស្លាប់សរុបវិញ គឺសឹងតែពាក់កណ្តាល ស្ថិតនៅក្នុងរដ្ឋញូយ៉ក។ ចំនួនអ្នកឆ្លង​និងមានអាការៈធ្ងន់ធ្ងរ ឈានដល់ស្លាប់ច្រើន យ៉ាងលឿនរហ័សបែបនេះ ត្រូវបានអ្នកវិភាគ លើកឡើងថា មួយផ្នែកមកពី​កត្តាសុខភាពរបស់ប្រជាជនអាេមរិក ដែលមានជំងឺប្រចាំកាយស្រាប់ ដូចសំបូរអ្នក​មាន​ជំងឺធាត់ចុកខ្លាញ់ និងជំងឺទឹក​នោមផ្អែម។ មួយវិញទៀត​ ប្រជាជនអាេមរិកដែលក្រីក្រ ពុំមានលទ្ធភាព​ទិញបណ្ណធានារ៉ាប់រងសុខភាព បានសម្រេចចិត្តមិនទៅរកសេវ៉ាសុខភាព ព្រោះគ្មានប្រាក់បង់។

គួរកត់សំគាល់ដែរ​ថា ក្នុងមួយសប្តាហ៍ចុងក្រោយនេះ លោកដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលជំហរទាំងស្រុង ទាក់ទិននឹងការឆ្លងរាលដាល នូវមេរោគកូវីដ-១៩។ បន្ទាប់ពីបានអះអាងថាមិនធ្ងន់ធ្ងរ មិនគួរបារម្ភ លោកដូណាល់ ត្រាំ បានងាកមកទទួលស្គាល់ ពីភាពអាសន្ន និងផលវិបាកដ៏ធំមហិមា លើសេដ្ឋកិច្ចអាមេរិក។ គិតត្រឹមចុងខែមិនា ចំនួន​អ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក មានជាង៧លាននាក់ ដែល​ចំនួននេះកើនឡើងយ៉ាងរហ័សបំផុត ដោយសារសកម្មភាពសេដ្ឋកិច្ចត្រូវរាំងស្ទះ។ ប្រជាជនក្រីក្រ ដែលគ្មានប្រាក់សន្សំ ដើម្បីបំរុងទុក គឺជាអ្នកដែលរងគ្រោះខ្លាំងជាងគេ៕ RFI

អត្ថបទទាក់ទង