ជើងហោះហើរដែលមកពីប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ត្រូវបានហាមឃាត់មិនអោយចូលក្នុងសហរដ្ឋអាមេរិក
ទីភ្នាក់ងារអាកាសចរណ៍អាមេរិក (FAA) បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែមករានេះថា សហរដ្ឋអាមេរិកបានហាមឃាត់មិនអោយមានការចូលចតនូវយន្តហោះកំពុងហោះហើរលើដែនអាកាសប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ឈូងសមុទ្រអូម៉ង់ និងដែនទឹករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារមកលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកចំនួន២កន្លែងក្នុងប្រទេសអ៊ីរ៉ាក់រួចមក។
គួរបញ្ជាក់ថា កាលពីព្រឹកព្រហាមស្រាងៗថ្ងៃទី៨ខែមករានេះ អ៊ីរ៉ង់បានបាញ់ចេញនូវម៊ីស៊ីលរាប់សិប សំដៅទៅមូលដ្ឋានយោធាអាមេរិកដែលកំពុងឈរជើងក្នុងប្រទេសអ៊ីរ៉ាក់។
ទីភ្នាក់ងារអាកាសចរណ៍អាមេរិក (FAA) ក៏បានសង្កត់ធ្ងន់ដែរថា ការហាមឃាត់នេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងមកលើប្រជាជនស៊ីវិលអាមេរិកតាមរយៈជើងហោះហើរទាំងនោះ។
គួរបញ្ជាក់ថា បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកកាលពីពេលកន្លងទៅ ទីភ្នាក់ងារអាកាសចរណ៍អាមេរិក (FAA) ក៏បានចេញបញ្ជាមិនអោយជើងហោះហើយអាមេរិកហោះកាត់ដែនអាកាសអ៊ីរ៉ង់ ឬនៅលើឈូងសមុទ្រអូម៉ង់ឡើយ ហើយក៏បានហាមឃាត់មិនអោយហោះហើយលើដែនអាកាសប្រទេសអ៊ីរ៉ាក់ក្នុងរយៈកម្ពស់ក្រោម ២៦០០០ ហ្វ៊ីតនោះដែរ។