ខ្មែរប៉ុស្ដិ៍ Close

ចិនសម្រេចបើកអោយមានការធ្វើចរាចរណ៍ចេញពីខេត្តហ៊ូប៉ី (Hubei) ឡើងវិញហើយ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56

ក្រោយពីការប្រកាសបិទខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចស្នូលនៃការផ្ទុះជំងឺឆ្លង COVID-19 ជាងពីរខែមកហើយនោះ នៅទីបំផុតអាជ្ញាធរចិនបានប្រកាសថា បំរាមធ្វើដំណើរទៅក្នុងខេត្តភាគកណ្តាលចិននេះ នឹងត្រូវដកចេញវិញជាបណ្តើរៗ ដោយចាប់ពីពាក់កណ្តាលយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធតទៅ ប្រជាជនដែលត្រូវបានគេ ពិនិត្យឃើញថា មានសុខភាពល្អ នោះនឹងអាចចាកចេញពីខេត្តនេះបាន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

ដោយឡែក ចំពោះការរឹតបន្តឹងការធ្វើដំណើរនៅវូហាន (Wuhan) ដែលជាទីក្រុងធំបំផុតនៃខេត្ត Hubei និងធំលំដាប់លេខ ៧ នៅប្រទេសចិនវិញ នឹងត្រូវដកចេញនៅថ្ងៃទី០៨ ខែមេសាខាងមុខនេះ ហើយប្រជាជននៅវូហាន នឹងអាចចាកចេញពីទីក្រុងនេះបាន ក្រោមការពិនិត្យសុខភាព ស្របតាមស្តង់ដាកំណត់របស់អាជ្ញាធរសុខាភិបាល។

គួរបញ្ជាក់ថា ប្រទេសចិនបានបង្ហាញសញ្ញាធូរស្រាលខ្លាំងឡើងៗ នារយៈពេលប៉ុន្មានសប្តាហ៍មកហើយ ខណៈករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងស្រុកស្ទើរតែគ្មាន ហើយឥឡូវនេះអ្វីដែលចិនកំពុងធ្វើ គឺត្រូវព្យាយាមព្យាបាលអ្នកជំងឺដែលនៅសល់ឲ្យជាសះស្បើយ និងទប់ស្កាត់ការនាំចូលជំងឺនេះពីបរទេសវិញ។

សម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៣,១៥៩ នាក់ ដោយក្នុងនោះ ៤៥៦នាក់ទើបតែត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃចន្ទម្សិលមិញនេះ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,១៧១ករណី ក្នុងនោះ ៣,២៧៧នាក់បានស្លាប់។

និយាយជារួមសម្រាប់ថ្ងៃចន្ទ ទី២៣ ខែមីនាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៧៨ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីទាំង ៧៨ នេះទៀតសោតមានតែ ០៤ ករណីប៉ុណ្ណោះដែលបានឆ្លងក្នុងប្រទេស (ម្នាក់នៅទីក្រុងវូហាន) ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីខាងក្រៅ។ ដោយឡែកចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះ មានត្រឹមតែ ០៧នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕

អត្ថបទទាក់ទង