ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតចិន ប្រគល់ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់​មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ដោយ៖លី វិទ្យា | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 264
ស្ថានទូតចិន ប្រគល់ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់​មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្ថានទូតចិន ប្រគល់ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់​មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រគល់ថ្នាំបាញ់ចំនួន២០ធុង និង​ឧបករណ៍បាញ់ថ្នាំចំនួន៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគលើយន្តហោះ ជូនរដ្ឋ​លេខា​ធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ដើម្បីទប់ស្កាត់ និងការពារ ការរាលដាល​មេរោគ​COVID-19 លើ​វិស័យ​អាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់​រដ្ឋលេខាធិការ​ដ្ឋាន​​អាកាសចរ​ណ៍​ស៊ីវិល។

ក្នុងពិធីប្រគល់ និងទទួលថ្នាំបាញ់ចំនួន២០ធុង និង​ឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល កាលពីព្រឹកថ្ងៃអង្គារ ៨ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិលបានមានប្រសាសន៍ថា ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង គឺពិតជា​មានសារៈសំខាន់ណាស់ សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជា​ដែលត្រូវការ​ចាំបាច់។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានជូនលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជា​មានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវឧបករណ៍ សម្ភារ និង ថ្នាំសម្លាប់​មេរោគខាងលើ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងត្រូវការជាចាំបាច់។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា នេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្រោមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន» ដើម្បីទប់ស្កាត់ និងការពារ ការរាលដាល​​មេរោគCOVID-19។ ឯកឧត្ដមបានលើកឡើងថា ការទប់ស្កាត់មេរោគCOVID-19នេះ រដ្ឋ​លេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងអនុវត្តន៍នូវវិធានការ វាស់កំដៅយ៉ាងតឹងរឹង​គ្រប់មន្ត្រីថ្នាក់​ដឹក​នាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេលចូលធ្វើការ និងមកដល់ក៏បានបាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុងបរិវេណ អគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ ការរាលដាលមេរោគCOVID-19 ដែលជាសត្រូវមើល​មិនឃើញ។ ទន្ទឹមនេះ ចំពោះមន្ត្រីដែលបញ្ចប់បេសកម្មក្រៅប្រទេស ពេលមក​ដល់​នឹង​តម្រូវឱ្យនៅដាច់ដោយឡែក និងនៅគេហដ្ឋានចំនួន១៤ ថ្ងៃសិនមុនចាប់ផ្តើមធ្វើការ។

គូរបញ្ជាក់ផងដែរថា ការផ្តល់សម្ភាររបស់ស្ថានទូតចិនជូនដល់រដ្ឋ​លេខា​ធិការដ្ឋាន​អា​កាសចរណ៍ស៊ីវិលនេះ គឺជាការឆ្លើយតបតាម​ការសន្យារបស់ លោកស្រី Zuo Wenxing អនុ​ប្រធានស្ថានបេសកកម្ម និងជាទីប្រឹក្សា នយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy) ប្រចាំស្ថានទូតចិននៅកម្ពុជា ដែលបានសន្យាផ្តល់ នូវឧបករណ៍ សម្ភារ និងថ្នាំសម្លាប់មេរោគ ក្នុងឱកាសជំនួបពិភាក្សារការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅ៕