ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍ ទទួលគ្រឿងបរិក្ខារបង្ការជំងឺ COVID-19 ពីក្រុមហ៊ុន Cellcard

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
ក្រសួងប្រៃសណីយ៍ ទទួលគ្រឿងបរិក្ខារបង្ការជំងឺ COVID-19 ពីក្រុមហ៊ុន Cellcard ក្រសួងប្រៃសណីយ៍ ទទួលគ្រឿងបរិក្ខារបង្ការជំងឺ COVID-19 ពីក្រុមហ៊ុន Cellcard

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានទទួលគ្រឿងបរិក្ខារការពារសុវត្ថិភាព ពីក្រុមហ៊ុន Cellcard ដើម្បីជួយទប់ស្កាត់ COVID-19 ក៏ដូចជា ជួយការពារបុគ្គលិក របស់នាយកដ្ឋាន ក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការការងាររបស់ខ្លួន។

គ្រឿងបរិក្ខាររួមមាន៖ ដូចជាម៉ាសការពារចំនួន៥០០០ ទឹកលាងដៃ សំលាប់មេរោគចំនួន៣០០ដប និងឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿង ដែលបានបរិច្ចាគដោយផ្ទាល់ ពីសំណាក់ក្រុមហ៊ុន សែលកាត និងរ៉ូយ៉ាល់គ្រុប។

លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានប្រគល់អំណោយនេះ ដោយផ្ទាល់ជូនដល់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលធ្វើឡើងនៅទីស្នាក់ការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ទង្វើទាំងនេះ បង្ហាញបន្ថែមឲ្យឃើញ ពីយុទ្ធនាការគម្រោងថ្មី ពីសែលកាតដែលមានឈ្មោះថា Cellcard 4U ហើយក៏បង្ហាញថា ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តតែមួយគត់ គ្រប់គ្រងដោយជនជាតិខ្មែរ និងបង្កើនកម្រិតសេវាកម្មរបស់ខ្លួន នៅទូទាំងប្រទេស។

ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាត នឹងពន្យារម៉ោងបំរើសេវាកម្ម សម្រាប់អតិថិជននៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍រហូត ដល់ម៉ោង០៦៖៣០ល្ងាច ហើយនឹងផ្តល់ជូនសេវាដឹកជញ្ជូនស៊ីមកាត ដោយឥតគិតថ្លៃ ដល់អ្នកដែលមិនអាចទៅដល់ហាង ឬភ្នាក់ងារចែកចាយដោយផ្ទាល់បាន។

គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយ នូវគម្រោងតំលៃថ្មី ដែលផ្តល់លទ្ធភាពដល់អតិថិជន រក្សាទុកសមតុល្យទឹកប្រាក់ ដែលមិនទាន់បានប្រើអស់ ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោង រៀងរាល់សប្តាហ៍ទី៤ ដោយឥតគិតថ្លៃ។

នាយកប្រតិបត្តិលោក Ian Watson បានថ្លែងថា «សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីខិតខំបន្តគាំទ្រប្រជាជនកម្ពុជា ក្នុងអំឡុងពេល ដ៏លំបាកនេះ»

លោកបន្ដថា «ខណៈពេល ដែលយើងផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀត ដល់អតិថិជនរបស់យើង យើងក៏កំពុងតែការពារបុគ្គលិករបស់យើងផងដែរ ជាមួយនឹងវិធានការ និងនីតិវិធីសុវត្ថិភាពបន្ថែម»។

លោកថា សហសេវិករបស់យើង នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាផ្នែកមួយ នៃទំនួលខុសត្រូវរបស់យើងផងដែរ ក្រុមហ៊ុនសែលកាត គឺនៅទីនេះ សម្រាប់រដ្ឋមន្រ្តី និងនាយកដ្ឋានរបស់លោក ខណៈពេលដែលយើងរួមគ្នាធ្វើការងារ ដើម្បីរក្សាទំនាក់ទំនង ជូនដល់ប្រទេសកម្ពុជា។

លោក Watson បានបន្តទៀតថា កិច្ចការប្រតិបត្តិការ បន្តរបស់ក្រសួងពេលនេះ គឺជាបញ្ហាសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង និងជួយការពារនិយោជិក ឲ្យបន្តប្រតិបត្តិការនេះ។ លោកថា «យើងត្រូវតែឈររួមគ្នា និងរឹងមាំ ដើម្បីធ្វើការ និងប្រឈមមុខរាល់បញ្ហា ដែលកើតឡើង»

លោកបានបញ្ជាក់ថា សម្រាប់ប្រជាជនកម្ពុជា រួមទាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋាភិបាលទាំងមូល Cellcard 4U គឺសម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រប់អតិថិជន និយោជិក អ្នកពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់យើង៕