ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម៖ ជនជាតិខ្មែរ៤០នាក់ ដែលទាក់ទងជាមួយជនជាតិម៉ាឡេស៊ីឆ្លង COVID-19 នៅស្រុកកងមាស ត្រូវបានយកទៅទុកដាច់ដោយឡែក និងរង់ចាំលទ្ធផលការធ្វើតេស្ត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 8
អភិបាលខេត្តកំពង់ចាម៖ ជនជាតិខ្មែរ៤០នាក់ ដែលទាក់ទងជាមួយជនជាតិម៉ាឡេស៊ីឆ្លង COVID-19 នៅស្រុកកងមាស ត្រូវបានយកទៅទុកដាច់ដោយឡែក និងរង់ចាំលទ្ធផលការធ្វើតេស្ត អភិបាលខេត្តកំពង់ចាម៖ ជនជាតិខ្មែរ៤០នាក់ ដែលទាក់ទងជាមួយជនជាតិម៉ាឡេស៊ីឆ្លង COVID-19 នៅស្រុកកងមាស ត្រូវបានយកទៅទុកដាច់ដោយឡែក និងរង់ចាំលទ្ធផលការធ្វើតេស្ត

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា ប្រជាជនខ្មែរចំនួន ៤០នាក់ ដែលមានទំនាក់ ទំនងជាមួយបុរសជនជាតិម៉ាឡេស៊ីឆ្លង COVID-19 ចំនួន ៧នាក់នៅស្រុកកងមាស ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល យកពួកគេទៅទុកដាក់ដាច់ដោយឡែក រហូតដល់រយៈពេល១៤ថ្ងៃ ព្រមទាំងបានយកសំណាករបស់ពួកគេទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ហើយកំពុងរង់ចាំលទ្ធផល នៃមេរោគមួយនេះ។

ចំណាត់ការយកមនុស្សទាំង ៤០នាក់ ទៅទុកដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិម៉ាឡេស៊ីចំនួន ៧នាក់ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 នៅតាមមូលដ្ឋានស្រុកកងមាស ខេត្តកំពង់ចាម កាលពីប៉ុន្មានថ្ងៃមុននេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះពិនិត្យ និងយក សំណាករកមេរោគ Covid-19 លើជនជាតិខ្មែរដែលកាន់សាសនាឥស្លាមចំនួន៣ឃុំ រួមមាន ឃុំរកាគយ, ឃុំពាមជីកង និងឃុំអង្គបានសរុបចំនួន ៤០នាក់ ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រង់ចាំលទ្ធផលមេរោគ»។

បើតាមលោកអភិបាលខេត្តកំពង់ចាម សម្រាប់បងប្អូនខ្មែរទាំង ៤០នាក់ ត្រូវបានឲ្យពួកគេស្ថិតនៅក្នុងផ្ទះ ហាមចេញដើរទៅក្រៅផ្តេសផ្តាស ចៀសវាងមានការប៉ះពាល់ដល់អ្នកដទៃផ្សេងទៀត ដោយរង់ចាំរហូត១៤ថ្ងៃ និងលទ្ធផលចេញពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសិន។

សូមបញ្ជាក់នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ (COVID-19) ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វើតេស្តអវិជ្ជមានចំនួន២ដង ហើយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។

បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ-១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង