ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសប្រទានព្រះរាជទ្រព្យ ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ-១៩
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួន ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (COVID-19)។
ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលភិបាលនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។
លោក ម៉ម ប៊ុនហេង តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអ៊ុល បានទូលសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំអរព្រះគុណជាអនេកថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជនូវព្រះរាជព្រះទ្រព្យ ដើម្បីចូលរួមរំលែកការលំបាករាជរដ្ឋាភិបាល និងជួយដល់ប្រជាពលរដ្ឋខ្មែរកំពុងជួបការលំបាកដោយសារមេរោគកូវីដ-១៩នេះ។
សូមញ្ជាក់ថា គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៧នាក់។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ-១៩នេះ៕