ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលអង្គការយូណេស្កូបាន ផ្តល់ក្នុង ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការបញ្ចេញមតិ ការចូលប្រើព័ត៌មានដោយឥតគិតថ្លៃ ក្រមសីលធម៌ព័ត៌មាន ការអភិរក្ស និងការធ្វើបេតិកភណ្ឌឯកសារជាលក្ខណៈឌីជីថល

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 77
ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលអង្គការយូណេស្កូបាន ផ្តល់ក្នុង ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការបញ្ចេញមតិ ការចូលប្រើព័ត៌មានដោយឥតគិតថ្លៃ ក្រមសីលធម៌ព័ត៌មាន ការអភិរក្ស និងការធ្វើបេតិកភណ្ឌឯកសារជាលក្ខណៈឌីជីថល ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលអង្គការយូណេស្កូបាន ផ្តល់ក្នុង ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការបញ្ចេញមតិ ការចូលប្រើព័ត៌មានដោយឥតគិតថ្លៃ ក្រមសីលធម៌ព័ត៌មាន ការអភិរក្ស និងការធ្វើបេតិកភណ្ឌឯកសារជាលក្ខណៈឌីជីថល

​ក្នុងឱកាសគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសាវនាការជូនលោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ។

ក្នុងកិច្ចសាវនាការដ៏វិសេសវិសាលនេះ លោកជំទាវ អគ្គនាយិកានៃអង្គការយូណេស្កូ បានសម្តែងនូវការចូលរួមអបអរសាទរខួបគម្រប់៣០ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC អង្គរ នាពេលនេះ។  លោកជំទាវបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុងឧត្តមនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងសន្និសីទអន្តររដ្ឋាភិបាល ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរលើកទី៤ ក្រោមប្រធានបទ «ការពង្រឹងធនធានមនុស្ស សម្រាប់ការអភិរក្ស និរន្តភាព និងការអភិវឌ្ឍអង្គរ» នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានញ៉ាំងឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជ័យមង្គល។

លោកជំទាវ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថែមទៀត ថ្វាយព្រះមហាក្សត្រ អរគុណរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិអប្សរា ដែលបានយកព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំផុត ក្នុងការការពារ និងអភិរក្សអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្រោយពីបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីខែធ្នូ ឆ្នាំ១៩៩២ ដោយព្រះរាជតម្រិះ និងស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាវប្បធម៌ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកជំទាវ អគ្គនាយិកាអង្គការយូណេស្កូ រួមជាមួយនឹងប្រទេសបារាំង និងប្រទេសជប៉ុនជាសហប្រធាន សូមបេជ្ញាចិត្តបន្តជួយថែរក្សាការពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិ និងជារបស់មនុស្សជាតិក្នុងពិភពលោក មានការរីកចម្រើន និងគង់វង្ស។

មានព្រះរាជឱង្ការប្រោសព្រះរាជទាននូវការសំណេះសំណាលក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកជំទាវអគ្គនាយិកា និងសមាជិក សមាជិកាអង្គការយូណេស្កូ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម រួមសហការជាមួយបារាំង ជប៉ុនជាសហប្រធាន ICC អង្គរ និងដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិអប្សរា បានធ្វើឲ្យកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្នុងរយៈពេលចំនួន៣០ឆ្នាំកន្លងមកនេះ ទទួលបានជោគជ័យគួរជាទីមោទនភាពខ្ពស់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជឱង្ការចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការយូណេស្កូនៅកម្ពុជាលើវិស័យវប្បធម៌ ដោយរាប់បញ្ចូលពីភាពជោគជ័យនៃយន្តការនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ហៅកាត់ ICCអង្គរ។

កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលអង្គការយូណេស្កូបាន ផ្តល់ក្នុង ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការបញ្ចេញមតិ ការចូលប្រើព័ត៌មានដោយឥតគិតថ្លៃ ក្រមសីលធម៌ព័ត៌មាន ការអភិរក្ស និងការធ្វើបេតិកភណ្ឌឯកសារជាលក្ខណៈឌីជីថល។

ដោយ៖ ទទក

 

អត្ថបទទាក់ទង