ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋ​ ​១៣៥​នាក់ បាន​ពិនិត្យ​រក​ជំងឺ​កូ​រ៉ូ​ណា នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​អវិជ្ជមាន​!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 1742
ប្រជាពលរដ្ឋ​ ​១៣៥​នាក់ បាន​ពិនិត្យ​រក​ជំងឺ​កូ​រ៉ូ​ណា នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​អវិជ្ជមាន​!ប្រជាពលរដ្ឋ​ ​១៣៥​នាក់ បាន​ពិនិត្យ​រក​ជំងឺ​កូ​រ៉ូ​ណា នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​អវិជ្ជមាន​!

ក្រសួងសុខាភិបាល​កម្ពុ​ជា បញ្ជាក់ថា មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា ចំនួន ១៣៥ នាក់ បានមក​ពិនិត្យ​រក​ជំងឺ​កូ​រ៉ូ​ណា (COVID-19) នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលមាន​លទ្ធផល ​”អវិជ្ជមាន Negative” គឺ​មិនមាន​ជំងឺ​កូ​វីដ​១៩​ទេ​។

​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​០២​មីនា ក្រសួងសុខាភិបាល បានប្រកាសថា ប្រសិនបើ​ពលរដ្ឋ មានការ​សង្ស័យ ឬ​មាន​ករណី​បន្ទាន់​ណាមួយ ចំពោះ​ជំងឺ​កូ​រ៉ូ​ណា ១៩ នេះ ប្រជាពលរដ្ឋ អាច​ខ​ល​មក​លេខ ១១៥ បាន​គ្រប់ពេល​ទាំងអស់​។​

​ជាមួយគ្នា​នោះ ក្រសួងសុខាភិបាល បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រសួង គ្មាន​ហេតុផល​អី ដែល​ត្រូវ​លាក់បាំង ចំពោះ​ការកើតមាន​ជំងឺ​កូ​រ៉ូ​ណា ក្នុងប្រទេស​កម្ពុជា​ទេ​។ ផ្ទុយទៅវិញ​ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់​ជាទីបំផុត ដើម្បី​ផ្តល់ព័ត៌មាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ អោយ​ទទួលបាន​កាន់តែ​ឆាប់​បំផុត​។

​ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ពី​បញ្ហា​ជំងឺ​កូ​វីដ ១៩ នេះ បើ​មាន​ករណី​មន្ទិលសង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ កុំ​ឆាប់​ដាក់​ការសង្ស័យ​ជ្រុល​ថា ខ្លួន​មាន​ជំងឺ​កូ​វីដ ១៩ ដោយ​មិនបាន​ពិគ្រោះ​ជាមួយ​មន្ទីរពេទ្យ​ជំនាញ​។ ជាពិសេស សូម​ពលរដ្ឋ ត្រូវ​ចូលរួម​ការពារ និង​ធ្វើ​អនាម័យ​ខ្លួនឯង​ផ្ទាល់ និង​អនាម័យ​គ្រួសារ​ជាប្រចាំ ដូចជា លាងដៃ​អោយបាន​ញឹកញាប់ រស់នៅ​ស្អាត និង​ហូប​ស្អាត ជាដើម​។​

​ក្រសួងសុខាភិបាល បានលើកឡើង​បន្តថា ជា​រៀងរាល់ថ្ងៃ វិទ្យាស្ថាន​ប៉ាស្ទ័រ បានទទួល​អ្នក​មក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​នេះ យ៉ាងហោចណាស់​មាន ២ ឬ ៣​នាក់ ក្នុង ១​ថ្ងៃ​។ មកទល់ពេលនេះ គឺ​មិនទាន់មាន​ពលរដ្ឋ​ខ្មែរ​យើង​ណា​ម្នាក់ មាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ នេះ ទេ​។​

​ក្រសួង​សុខ​ភិ​បាល​កម្ពុជា ក៏បាន​បញ្ជាក់ថា សព្វថ្ងៃនេះ ក្រៅពី​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​ទទួល​ពិនិត្យ​សំណាក (​កំហាក​) នោះ យើង​ក៏មាន​វិទ្យាស្ថាន​សុខភាព​សាធារណៈ​មួយទៀត​ដែរ ក្នុងការ​ទទួល​ជួយ​ពិនិត្យ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩ ដែល​យើង​មាន​មន្ទីរពិសោធន៍​ហើយ​សហការគ្នាជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ​៕

ប្រភព៖ Swift News

អត្ថបទទាក់ទង