ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរមន្រ្តីដែលហ៊ាននិយាយការពិត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរមន្រ្តីដែលហ៊ាននិយាយការពិត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរមន្រ្តីដែលហ៊ាននិយាយការពិត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» មកនិទានជូនសិស្ស និងសិក្ខាកាមទាំងអស់បានស្តាប់ដោយលោកបានដំណាលថា កាលពីដើមមានព្រះមហាក្សត្រមួយអង្គ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គ ឬអត់ ព្រះអង្គបានហៅមន្រ្តីឱ្យយកគ្រាប់ល្ពៅដែលបានស្ងោររួចយកទៅដាំ ដោយមិនបានឱ្យដឹងថា គ្រាប់ល្ពៅនេះស្ងោរនោះឡើយ។ តាមរយៈការពិសោធន៍នេះ ទទួលបានមន្ត្រី ៤ប្រភេទដូចជា៖
ទី១- មន្រ្តីនោះបានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឲ្យដឹកចូល។
ទី២- មន្រ្តីនោះបានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។
ទី៣- មន្រ្តីនោះបានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ។
ទី៤- មន្រ្តីនោះបានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ ដូចនេះមិនអាចដាំដុះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា មន្រ្តីប្រភេទទី៤ លោកមានការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម ព្រោះគឺជាមន្រ្តីដែលហ៊ាននិយាយពិត និយាយត្រង់។ សម្រាប់មន្រ្តីប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ។ ប៉ុន្តែមន្រ្តីប្រភេទទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីកំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោក បានដាស់តឿនដល់មន្ត្រីរាជការឱ្យដើរទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន ឱ្យស្របទៅតាមបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែចេះប្រើនូវបច្ចេកវិទ្យានោះឱ្យបានត្រឹមត្រូវ មានន័យថាដើរឱ្យទាន់សម័យបច្ចេកវិទ្យាផងដែរ៕

អត្ថបទទាក់ទង