ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្តអ្នក​អាន៖​ ​​អ្នក​វិនិយោគ​ទាំង​អស់​នឹងមាន​ទំនុក​ចិត្ត​ ​ជឿជាក់​កាន់តែខ្លាំងចំពោះ​រាជរដ្ឋាភិបាល​ ព្រោះ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​តែ​​រឹង​មាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 59
ទស្សនៈ​មិត្តអ្នក​អាន៖​ ​​អ្នក​វិនិយោគ​ទាំង​អស់​នឹងមាន​ទំនុក​ចិត្ត​ ​ជឿជាក់​កាន់តែខ្លាំងចំពោះ​រាជរដ្ឋាភិបាល​ ព្រោះ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​តែ​​រឹង​មាំ ទស្សនៈ​មិត្តអ្នក​អាន៖​ ​​អ្នក​វិនិយោគ​ទាំង​អស់​នឹងមាន​ទំនុក​ចិត្ត​ ​ជឿជាក់​កាន់តែខ្លាំងចំពោះ​រាជរដ្ឋាភិបាល​ ព្រោះ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​តែ​​រឹង​មាំ

ផ្អែក​តាម​ការ​វាយ​តម្លៃ​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​សកល និង​ក្នុង​តំបន់​ ​របស់​ស្ថាប័ន​សេដ្ឋកិច្ច​អន្តរជាតិ​ធំៗ​ដូចជា​ មូល​​និធិរូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ធនាគារ​ពិភព​លោក (WB) និង​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ជាដើម​ សុទ្ធ​តែ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​សេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​ក្នុង​ឆ្នាំ​២០២០​នេះ​ ​នឹង​មាន​ការ​ពិបាក ហើយ​ថា​​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់​​នឹង​មាន​ការ​ធ្លាក់​ចុះ​ទាំង​អស់​​គ្នា​។​ ការធ្លាក់ចុះនេះ​គឺ​បណ្តាល​មក​ពី​​បញ្ហា​ជាច្រើន​ ពិសេ​ស​សង្គ្រាម​ពាណិជ្ជ​កម្មរវា​ង​អាមេរិ​ក-ចិន​នៅ​តែ​បន្ត​ដែល​អាច​នឹង​​ជះឥ​ទ្ធិពល​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​សកល និង​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នេះ​​។ ទី២ គឺកត្តាភូមិសាស្ត្រនយោបាយ ពិសេសតំបន់មជ្ឈិមបូព៌ា ដែល​កំពុង​មាន​ភាព​មិន​ច្បាស់​លាស់​​លើ​បញ្ហា​វិបត្តិ​នៃ​សង្គ្រាម​ដែល​អាច​នឹង​កើត​មាន​ឡើង​ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ពិបាក​រក​ស៊ី ​ដោយ​សារ​មាន​ភាព​ប្រឈម​ខ្លាំង​។​និង​​ទី៣ គឺ​បញ្ហាការ​រាតត្បាត​នៃ​វីរុស​រលាក​ផ្លូវ​ដង្ហើម​​(COVID-19)​នៅ​​ប្រទេស​​ចិន​នេះ​តែ​ម្តង​ ពីព្រោះ​ប្រទេស​ចិន​គឺ​ជាដៃ​គូ​រក​ស៊ី​លេខ​មួយ​ជាមួយ​ស្ទើរ​តែ​​គ្រប់​ប្រទេស​ទាំង​អស់ក្នុង​ពិភព​លោក​។​​​ បន្ថែម​លើ​នេះ​ក៏​នៅ​មាន​វិបត្តិ​នៃ​បរិស្ថាន​សកល ​លើ​ផ្នែក​​អាកាសធាតុនៃ​ការ​ឡើង​កំដៅ​ផែន​ដី​ធ្វើ​ឱ្យ​មាន​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​កំពុង​កើត​មាន​នៅ​ប្រទេស​អូស្ត្រាលីដែល​ពិបាក​គ្រប់​គ្រង​ និង​​ហេតុ​ការណ៍​ផ្សេង​ៗ​នៅ​អាហ្វ្រិក​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សេដ្ឋ​កិច្ច​ពិភព​លោ​ក​ និង​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នេះ​ផង​ដែរ​។

បញ្ហា​ប្រឈម​នៃ​ការ​ធ្លាក់​ចុះ​​សេដ្ឋ​កិច្ច​សកល​នេះ​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៅក្នុង​តំបន់​ដាក់​ចេញ​​​នូវ​វិធាន​​ការ​ឆ្លើយ​តប​មួយ​ចំនួន​ផង​ដែរ​។ ​រដ្ឋាភិបាល​នៅក្នុង​តំបន់​បាន​វាយ​តម្លៃ​ខ្ពស់​ថា​​ក្នុង​ចំណោម​​​​វិស័យដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​​គឺ​វិស័យ​​ទេស​ចរណ៍​​ និ​ង​វិស័យ​វាយ​ន​ភ័ណ្ឌដែល​កំពុង​រង​នូវ​កង្វះខាត​ការផ្គត់​ផ្គង់​​វត្ថុធាតុ​ដើមដែល​ភាគ​ច្រើន​ផ្គត់​ផ្គង់​មក​ពី​ប្រទេស​ចិន​​​​។​ សម្រាប់​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​ ការរីករាលដាលនៃជំងឺ COVID-19 ក៏​អាច​នឹង​​ប៉ះ​ពាល់​​ដល់​​វិស័យ​ចំនួន​២​របស់​​កម្ពុជា​ដែរ​ គឺ​វិស័យ​ទេសចរណ៍ និងវិស័យកាត់ដេរ។

ក្រោយ​ពេល​ពិនិត្យ​ឃើញ​យ៉ាង​​ម៉ត់​ចត់​នូវ​បញ្ហា​ប្រឈម​ចំពោះ​មុខនេះ​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន​ភ្លាម​ៗ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ ដើម្បី​ជួយ​ដោះ​ស្រាយ​ដល់​តួអង្គ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ផង​ និង​ដើម្បី​ជួយ​ជំរុញ​ដល់​ក្រុម​ហ៊ុន​វិនិយោគ​ឱ្យ​មាន​ដំណើរ​ការ​ជាធម្មតា​ផង​។​

នៅលើ​​វិស័យ​កាត់​ដេរ​ ដោយ​សារ​រោង​ចក្រ​ផលិត​វត្ថុ​ធាតុ​ដើម​នៅ​ប្រទេស​ចិន​មិន​ទាន់​ដំណើរ​ការ​ឡើង​វិញ​ទាំង​អស់​នៅ​ឡើយ​​ធ្វើ​ឱ្យ​វត្ថុ​ធាតុ​ដើម​ ជាពិសេស​ការ​ផ្គត់​ផ្គង់​ក្រណាត់​សម្រាប់​រោង​ចក្រ​មួយចំនួន​នៅកម្ពុជាមិន​អាច​មក​ទាន់​ពេល​ ដែល​រោង​ចក្រ​មួយចំនួន​នោះ​ចាំបាច់​ត្រូវ​​ផ្តើម​ព្យួរ​ការងារ​កម្មករ​នៅក្នុង​រយៈពេល​ខ្លី​ ដូច្នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ដាក់​វិធាន​ការ​ជួយសង្គ្រោះ​ទាំង​កម្មករ​ និង​ថៅកែ​រោង​ចក្រ​នៅក្នុង​រយៈពេល​អន្តរកាល​នេះ​ដោយ៖
​ទី​១​.ផ្តល់​នូវ​ការ​លើក​លែង​ពន្ធ​ប្រចាំ​ខែ​ក្នុង​រយៈពេល​ពី​៦ខែ​ទៅ​១ឆ្នាំ​ សម្រាប់​រោង​ចក្រ​ដែល​ប៉ះពាល់​ធ្ងន់​​ធ្ងរ​លើ​បញ្ហា​កង្វះ​វត្ថុធាតុ​ដើម​នេះ​ ដោយ​សារ​​នៅ​ប្រទេស​ចិនកំពុង​​មាន​ការ​រាតត្បាត​ដោយ​វីរុស​ COVID-19 ហើយ​ពន្ធ​ដែល​លើក​លែង​នោះ​គឺ​​​រដ្ឋ​ជាអ្នក​បង់​ជំនួស​។​
ទី២​.រោង​ចក្រ​មួយចំនួន​ដែល​ផ្អាក​សកម្មភាព​ក្នុង​រយៈពេល​ខ្លី​ដោយ​មូល​ហេតុ​ខ្វះ​វត្ថុធាតុ​ដើម​ទាំង​​នោះ​នៅ​តែ​មាន​កាតព្វ​កិច្ច​ត្រូវ​ផ្តល់​​ប្រាក់​​ខែ​ដល់​កម្មករ​-កម្មការិនី​ចំនួន​៤០%​ ហើយ​រាជរដ្ឋាភិបាល​ទទួល​​រ៉ាប់​​រង​​ចេញ​​ចំនួន​២០%​​បន្ថែម​ទៀត​ ដូច្នេះ​ កម្មករ​-កម្មការិនី​ ដែល​ត្រូវ​ព្យួរ​ការ​ងារ​​ក្នុង​រយៈពេល​ខ្លី​នោះ​នឹង​​ទទួល​​បាន​​ចំនួ​ន​៦០%​​នៃ​ប្រាក់​ខែ​គោល​របស់​ពួកគេ​ ដែល​ប្រហាក់​ប្រហែល​នឹង​១២០​ដុល្លារ​អាមេរិក​​ក្នុង​មួយខែ​ ទម្រាំ​រោង​ចក្រ​មាន​វត្ថុធាតុ​ដើម​អាច​ដំណើរ​ការ​ជាធម្មតា​ឡើង​វិញ​។​​​​​
ទី៣.ក្រសួង​ការងារ​ និង​រោង​ចក្រ​ត្រូវ​បង្កើត​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ដល់​កម្មករ​-កម្មការិនី​ នៅ​តាម​រោង​ចក្រ​ដែល​ព្យួរ​ការងារ​ ដើម្បី​បង្កើន​ជំនាញ​វិជ្ជា​ជីវៈ​ដល់​កម្មករ​-កម្មការិនី​ឱ្យ​កាន់​តែ​មាន​កំរិត​ខ្ពស់​ដើម្បី​បង្កើន​សង្វាក់​ផលិត​កម្ម​នាពេល​អនាគត។​
ទី៤​.ក្រសួង​ការងារ​ ត្រូវ​សហការ​គ្នា​ជាមួយរោង​ចក្រ​ដើម្បី​ពន្យល់​ និង​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​ហ៊ុន​បញ្ជាទិញ​ ដើម្បី​បង្ហាញ​អំពី​លក្ខខណ្ឌ​ការងារ​កាន់​តែ​ប្រសើរ​របស់​កម្មករ​-កម្ម​កា​រិ​នី​​។​
ទី៥​.ក្រសួង​ការងារ​ ត្រូវ​សហការ​ជាមួយ​​ភ្នាក់​ងារ​មុខរបរ​ដើម្បី​ខិតខំជួយស្វែង​រក​ការងារ​បន្ថែម​ទៀត​​ដល់​កម្មករ​-កម្មការិនី​ នៅក្នុង​រយៈពេល​ដែល​កម្មករ​ព្យួរ​ការងារនេះ​ និង​ត្រូវ​បន្ត​បណ្តុះបណ្តាល​ទាំង​ជំនាញ​ទន់​ និង​ជំនាញ​រឹង​ ដល់​កម្មករ​។
សម្រាប់​វិស័យ​ទេសចរណ៍​វិញ​ លោក​នាយករដ្ឋ​ន្ត្រី​ ហ៊ុន សែន​ បាន​សម្រេច​ដោះស្រាយ​នូវ​វិធានការ​ជាក់​ស្តែង​មួយចំនួន​ដូចជា៖
ទី១.ចំពោះ​វិស័យ​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ គឺ​អនុវត្ត​តែ​​នៅ​ខេត្ត​​សៀម​រាប​ប៉ុណ្ណោះ​​ ដោយ​លើក​លែង​មិន​យក​ពន្ធ​ប្រចាំ​ខែ​រយៈពេល​៤ខែ​​ហើយ​ពន្ធ​ទាំង​អស់​ក្នុង​រយៈពេល​នេះ​គឺ​ជាបន្ទុក​របស់​រដ្ឋ​។​
ទី២.​រាជរដ្ឋាភិបាល​​សម្រេច​មិន​ធ្វើ​សវនកម្ម​លើ​អាជីវកម្ម​សណ្ឋាគារ​ទាំង​អស់​នៅខេត្ត​សៀម​រាប​។
ទី៣​.ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​សិក្ខាសាលា​ និង​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​សណ្ឋាគារ​ ពិសេស​នៅខេត្ត​សៀម​រាប​។​ ក្នុង​នោះ​កិច្ច​ប្រជុំ​ផ្សេង​ៗ​របស់​រដ្ឋាភិបាល​ រួម​ទាំង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ផង​ត្រូវ​ធ្វើ​នៅ​ខេត្ត​សៀម​រាប​ ដើម្បី​ជួយ​ជំរុញ​វិស័យ​​ទេស​​ចរណ៍​ឱ្យ​មាន​សន្ទុះ​ឡើង​វិញ​។
ទី​៤​.ជំរុញ​ឱ្យ​ម្ចាស់​សណ្ឋាគារ​ទាំង​អស់​បន្ថយ​តំលៃ​ស្នាក់​នៅ​ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​ជាតិ​ទៅ​កំសាន្ត​ និង​ស្នាក់​នៅ​ឱ្យ​បាន​ច្រើន​ និង​ក្នុង​រយៈពេល​យូរ​។​
ទី៥.សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ត្រូវ​រក្សា​តំលៃ​ចូល​ទស្សនា​ប្រាសាទ​នានានៅតំបន់អង្គរ ​ឱ្យ​នៅ​ដដែល​ ប៉ុន្តែ​ត្រូវ​បង្កើន​ចំនួន​ថ្ងៃ​ឱ្យ​ភ្ញៀវ​អាច​ចូល​ទស្សនា​បាន​ច្រើន​ថ្ងៃ​ជំនួស​វិញ​ ដែល​ជាការ​បញ្ចុះ​តំលៃ​រហូត​ដល់​៥០%​ សម្រាប់​ភ្ញៀវ​បរទេស​អាច​ស្នាក់​នៅ​បាន​យូរ​ថ្ងៃ​។​​

វិធាន​ការ​សំខាន់ៗ​ទាំង​នេះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ប្រកាស​គាំ​ទ្រ​ចំពោះ​​​អ្នក​វិនិយោគ​ ​កម្មករ​-កម្មការិនី​ និង​ជួយទ្រទ្រង់​ដល់​ក្រុម​ហ៊ុន​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ទាំង​អស់​ហើយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​​អះអា​ង​​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ថា​ សូម​ឱ្យ​អ្នក​វិនិយោគ​ទាំង​អស់​មាន​ទំនុក​ចិត្ត​ និង​ជឿជាក់​ចំពោះ​រាជរដ្ឋាភិបាល​ ពី​ព្រោះ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​តែ​មាន​ភាព​រឹង​មាំ​ និង​គួរ​ឱ្យ​ទុក​ចិត្ត​ ដោយ​សារ​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព​ពេញ​លេញ​ និង​មាន​ស្ថេរភាព​នយោបាយ​ និង​សង្គម​ជាធម្មតា​៕​

ដោយ៖ ពង្ស សុក្រឹត្យ​​