ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ កុំឃើញទឹកស្ងប់ វាយតម្លៃថា អត់មានត្រី ! ច្រឡំធំហើយ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 68
ទស្សនៈកូនខ្មែរ៖ កុំឃើញទឹកស្ងប់ វាយតម្លៃថា អត់មានត្រី ! ច្រឡំធំហើយ! ទស្សនៈកូនខ្មែរ៖ កុំឃើញទឹកស្ងប់ វាយតម្លៃថា អត់មានត្រី ! ច្រឡំធំហើយ!

ប៉ុន្មានថ្ងៃមកហើយ ដែលគណបក្សនយោបាយចំនួន២០ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ គណបក្សប្រជាជនកម្ពុជា បានសម្តែងឲ្យឃើញនូវភាពខ្លាំងជាបក្សធំជាងគេ និងនាំមុខគេដដែល។ ក្នុងកម្មវិធីបើក យុទ្ធនាការឃោសនាថ្ងៃដំបូង នៅកោះពេជ្រក្នុងរាជធានីភ្នំពេញ គណបក្សដឹកនាំដោយ សម្តេច ហ៊ុន សែន មានអ្នកចូលរួម ៦ម៉ឺននាក់ដោយមាន រៀបចំក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេងបំផុត។ នៅតាមបណ្តាខេត្ត ក៏គណបក្សកាន់អំណាចមួយនេះបាននាំមុខដែលមានអ្នកចូលរួមច្រើនបំផុតដែរ។ យ៉ាងនេះក៏ដោយ ក៏មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែល មិនចង់ឃើញភាពស្ងប់សុខរបស់ពលរដ្ឋនៅតែឆ្លៀតឱកាសបន្តុះបង្អាប់ គណបក្សប្រជាជនកម្ពុជា ដោយពួកគេលើកឡើងថា មិនសូវឃើញមានអ្នកសាទរតាមដងផ្លូវ។ ហើយពួកគេសន្និដ្ឋានថាប្រជាជនមិនសូវគាំទ្រការបោះឆ្នោតនេះទេ។ នេះជាការវាយតម្លៃដោយភាន់ច្រឡំធំតាមរបៀបឃើញទឹកស្ងប់ថាអត់មានត្រី។

សម្រាប់ក្រុមអ្នកតាមដាននយោបាយមួយចំនួននៅប្រទេសកម្ពុជា ការលើកឡើងបែបនេះគឺជាចេតនាអាក្រក់ពីសំណាក់អ្នកដែលមិនចង់ឃើញភាពសុខសាន្តរបស់ខ្មែរតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាការពិតហើយដែលពួកគេគួរយល់ដឹងគឺគណបក្សប្រជាជនកម្ពុជា គឺជាបក្សចាស់ទុំជាងគេនៅក្នុងឆាកនយោបាយដែលបានកាន់អំណាចជិត ៤០ ឆ្នាំមកហើយ។ ក្នុងនាមជាបក្សកាន់អំណាច ជានិច្ចកាល គណបក្សប្រជាជនកម្ពុជាគឺជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ខុសពីក្រុមប្រឆាំងដែលចូលចិត្តធ្វើបាតុកម្មរំខានដល់ការប្រកបរបររកស៊ីរបស់អ្នកដទៃ ឬបង្កឲ្យកកស្ទះចរាចរណ៍ និងពេលខ្លះនាំគ្នាបិទផ្លូវធ្វើឲ្យរំខានអ្នកធ្វើដំណើរពេញមួយព្រឹកឬពេញមួយថ្ងៃក៏មានជាពិសេស គឺប្រើវោហាសាស្ត្រញុះញង់ឱ្យមានអំពើហឹង្សា ការដុតកំហឹងពូជសាសន៍ ការលាបពណ៍ ។ល។ ផ្ទុយទៅវិញ ភាពចាស់ទុំរបស់បក្សកាន់អំណាចគឺអាចរក្សាភាពស្ងប់សុខជូនពលរដ្ឋឲ្យបាន។

ចំណែកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ខុសគ្នាពីអ្នកគាំទ្របក្សប្រឆាំងដែរ។ ខុសគ្នាត្រង់អ្នកគាំទ្របក្សកាន់អំណាចមានភាពចាស់ទុំ ដោយពួកគេមិនបង្កភាព រំជើបរំជួល មិនចូលចិត្តស្រែកឡូឡា មិនបង្កហិង្សារញ៉េរញ៉ៃ និងមិនធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈឡើយ។ បើត្រូវចូលរួមហែបក្សក៏ធ្វើឡើងដោយភាពចាស់ទុំដែរ។ ចំណែកអ្នកមិនបានទៅចូលរួម ពួកគេនៅប្រកបការងារតែរៀងៗខ្លួនដោយមិនចាំបាច់បង្ហាញកាយវិការពុះកញ្ជ្រោលអ្វីឡើយ ពោលគឺពួកគេចូលចិត្តយកភាពស្ងប់ស្ងាត់ជាធំ។ ចាំដល់ថ្ងៃបោះឆ្នោតក៏ដើរទៅគូសសន្លឹកឆ្នោត រួចដាក់ក្នុងហឹបឆ្នោត ហើយត្រឡប់មកផ្ទះវិញជាការស្រេច។

ភាពស្ងប់ស្ងៀមរបស់អ្នកគាំទ្របក្សប្រជាជន គឺដោយសារ៖

ទី១៖ ពួកគេធ្លាប់គាំទ្រគណបក្សនេះជិត ៤០ឆ្នាំមកហើយ ដូច្នេះពួកគេដឹងចិត្ត ដឹងថ្លើមគ្នាយ៉ាងច្បាស់លាស់ ដោយមិនចាំបាច់បញ្ចេញកាយវិការ ឬសំឡេងស្រែកហ៊ោកញ្ចៀវដូចកូនក្មេងឡើយ។

ទី២៖ ពួកគេគិតថាគណបក្សរបស់ខ្លួននឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសរយៈពេលយូរតទៅទៀតពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ ត្រូវការគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាចាំបាច់ជាពិសេស គឺវត្តមាន និងតម្រូវការចាំបាច់ខ្វះបាននូវ សម្តេច ហ៊ុន សែន បន្តធ្វើជានាយករដ្ធមន្ត្រីដោយគ្មានអ្នកណាមកជំនួសបានឡើយ។

ទី៣៖ ជ័យជំនះរបស់គណបក្សមួយ គឺអាស្រ័យទៅលើការគូសសន្លឹកឆ្នោតគាំទ្រក្នុងបន្ទប់បិទជិត គឺមិនមែនបានមកដោយការស្រែកឡូឡាតាមដងផ្លូវឡើយ។

មូលហេតុទាំងនេះហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ប្រកាន់យកភាពស្ងប់ស្ងាត់ក្នុងនាមជាបក្សចាស់ទុំដែលខុសពីបក្សប្រឆាំង។ រីឯអ្នកគាំទ្របក្សប្រជាជនក៏មានភាព ចាស់ទុំខុសពីអ្នកគាំទ្របក្សប្រឆាំងដែរ។ ភាពចាស់ទុំនេះហើយដែលអាចរក្សាបាននូវភាព សុខដុមរមនារបស់សង្គមយើងមកទល់នឹងសព្វថ្ងៃ។ ភាពចាស់ទុំនេះហើយដែលធ្វើឲ្យបក្សប្រជាជនឈ្នះឆ្នោតជាដរាបមក។ ភាពចាស់ទុំនេះហើយដែលធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាអាចរក្សាលំនឹងជីវភាពរបស់ប្រជាជនបានយ៉ាងល្អ។

អ្វីដែលជាការកត់សម្គាល់ដែរនោះគឺ គណបក្សនយោបាយ ១៩ ទៀត ដែលកំពុងប្រកួតរកសំឡេងឆ្នោតពេលនេះក៏ប្រកាន់យកភាពចាស់ទុំក្នុងការធ្វើនយោបាយដែរ។ គ្មានបក្សណាមួយដើរតាមលំអានរបស់អតីតបក្សសង្គ្រោះជាតិដែលចូលចិត្តយកភាពឈាមរាវ កំហឹង គំនុំ និងការញុះញង់បំបែកបំបាក់មកធ្វើជាគោលការណ៍ឡើយ។ នេះគឺជាមូលហេតុដែលធ្វើឲ្យការបោះឆ្នោតលើកនេះ បានផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគទុនទាំងក្នុង និងក្រៅស្រុក។ ខុសពីលើកមុន ដែលពួកគេតែងភ័យបារម្ភនៅពេលបោះឆ្នោតដោយសារមានបក្សក្រឡុក តែឥឡូវអ្វីៗបានដំណើរការទៅជាធម្មតាដោយគ្មានការព្រួយបារម្ភឡើយ។ នេះហើយជាលទ្ធផលវិជ្ជាមានដែលកើតឡើងពីភាពចាស់ទុំរបស់អ្នកនយោបាយ។

ទោះយ៉ាងណា ពួកធ្លាប់ក្រឡុកសភាពការណ៍ពេលបោះឆ្នោត និងក្រោយបោះឆ្នោតមិនសប្បាយចិត្តនឹងឃើញដំណើរការបោះឆ្នោតមានភាពស្ងប់ស្ងាត់ និងសុខសាន្តបែបនេះទេ។ ពួកគេឆ្លៀតឌឺដងឲ្យគេថា មិនសូវមានប្រជាជនគាំទ្រទៅវិញ។ ទន្ទឹមនឹងនោះ ពួកគេក៏កំពុងបន្តរៀបចំផែនការអុកឡុកបំផ្លាញការបោះឆ្នោតតាមគ្រប់រូបភាព។ ប៉ុន្តែភាពចាស់ទុំគឺតែងតែទទួលបានជ័យជំនៈ។ គណបក្សដែលមានភាពចាស់ទុំ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋដូចគណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសមិនអាចខ្វះបាន។ ចំណែកគណបក្សដែលនាំតែរឿងក្តៅក្រហាយជួបនឹងក្តីវិនាសនៅទីបំផុត។

សូមចងចាំថា «ទឹកស្ងប់មិនមែនមានន័យថា គ្មានត្រីនោះឡើយ»! ដោយសារតែការវាយតម្លៃសភាពការណ៍ច្រឡំរហូតបែបនេះហើយ បានជាធ្វើនយោបាយចាញ់រហូត គឺចាញ់គ្មានថ្ងៃងើបមុខរួចឡើយ៕

ដោយ៖ អ្នកវិភាគសង្គមនយោបាយកម្ពុជា

អត្ថបទទាក់ទង