ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ រួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ រួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ រួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។

ជំនួបនេះផ្តោតលើគម្រោងការងារអភិរក្សនិងជួសជុលរបស់ប្រទេសកូរ៉េនៅរមណីយដ្ឋានអង្គរ។ ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េបានជួយជ្រោមជ្រែងអាជ្ញាធរជាតិអប្សរានៅអង្គរតាំងពីឆ្នាំ២០១៥មក តាមរយៈគម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរនៃរមណីយដ្ឋានអង្គរក្នុងដំណាក់កាលទី១។ បច្ចុប្បន្ន កំពុងដំណើរការដំណាក់កាលទី២លើគម្រោងអភិករក្សនិងជួសជុលប្រាសាទជមនៃក្រុមប្រាសាទព្រះពិធូរ និងព្រះលានជល់ដំរីក្នុងអង្គរធំ ចាប់ពីឆ្នាំ២០១៩ដល់២០២៣។

គម្រោងការងាររបស់កូរ៉េមិនត្រឹមតែការងារអភិរក្សនិងជួសជុលទេ គឺមានកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនិងបង្កើតមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិលើការងារអភិរក្សនិងស្រាវជ្រាវវិទ្យាសាស្រ្តផងដែរ។ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរាបានវាយតម្លៃខ្ពស់លើគម្រោងជំនួយលើការបណ្តុះបណ្ពាលធនធានមនុស្សនិងមន្ទីរពិសោធន៍នេះ។

លោកក៏បានស្នើភាគីកូរ៉េឱ្យជួយបណ្តុះបណ្តាលអ្នកជំនាញជាតិលើការរៀបចំកសាងឃ្លាំងរក្សាបុរាណវត្ថុមួយតាមរបៀបនៅប្រទេសកូរ៉េ ដែលអាចការពារអគ្គិភ័យ ទឹកជំនន់ និងគ្រោះធម្មជាតិដទៃទៀត។ សំណើនេះត្រូវបានភាគីកូរ៉េទទួល និងរៀបចំក្នុងកម្មវិធីបណ្តុះបណ្តាលនៅពេលអនាគត។

ទន្ទឹមនឹងនេះ ភាគីកូរ៉េបានស្នើអាជ្ញាធរជាតិអប្សរា ជួយសម្រួលរកទីតាំងសាងសង់រោងពិព័រណ៍ការងារក្នុងដំណាក់ទី២ និងទីតាំងចម្ការថ្មដែលរើពីព្រះលានជល់ដំរីសម្រាប់ការងារជួសជុលទៅអនាគត។ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាខាងមុខព្រះលានជល់ដំរីតាមសំណើសុំ និងអនុញ្ញាតឱ្យកែសម្រួលរោងពិព័រណ៍ដែលមានស្រាប់ ដោយសារទីតាំងនេះល្អ សមស្របតាមពេលរៀបចំផ្លូវថ្មីឆ្លងកាត់តំបន់នេះ និងទីតាំងលក់ដូរត្រូវរំកិលទៅខាងជើងដែរ៕

អត្ថបទទាក់ទង