លោក ឃួង ស្រេង នាំភ្ញៀវទេសចរណ៍ពីកប៉ាល់ Westerdam ចំនួន១២០នាក់ ដើរលេងកម្សាន្តមុខព្រះបរមរាជវាំង តាមមាត់ទន្លេ និងកន្លែងកម្សាន្តផ្សេងៗ
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំភ្ញៀវទេសចរចុះពីកប៉ាល់ Westerdam ដើរលេងកម្សាន្ដតាមទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ភ្ញៀវទេសចរណ៍ដែលដើរកម្សាន្តនៅរាជធានីភ្នំពេញនេះមានចំនួន ១២០នាក់មានសញ្ជាតិផ្សេងៗគ្នា។ ដំណើរកម្សាន្តនឹងត្រូវបញ្ចប់ត្រឹមម៉ោង៦ល្ងាច ហើយទីតាំងដែលអាជ្ញាធរនាំភ្ញៀវទេសចរដើរលេងកម្សាន្តមាន មុខព្រះបរមរាជវាំង តាមមាត់ទន្លេ និងកន្លែងផ្សេងៗទៀតមុនពេលត្រឡប់ទៅកាន់សណ្ឋាគារសុខាវិញ។
សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត។ សម្តេចតេជោក៏បានសំណូមពរដល់ប្រជាពលរដ្ឋតាមសណ្ឋាគារ ភោជនីយដ្ឋាន មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ៕