ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 78
អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ ពិសេសគឺការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេងបានធ្វើឡើងនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត​ស្ដីពីការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដូស​ជំរុញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។

លោកបានបញ្ជាក់ដែរថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនិងបង្កើតទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលដ្ឋាន ដូសជំរុញទី៣ និងដូសទី៤ ឲ្យបានគ្រប់គ្នា។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដូសជម្រុញនិងដូសទី៤ អោយបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។

លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំកន្លែងផ្ដល់​សេវា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ មាន​ចំនួន ៤២ទីតាំង។ គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ធ្វើ​ការ​ណែ​នាំ​ដល់​មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត ៣ ការពារ ៣កុំ និង​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​មន្ទីរ​អប់រំ យុវជន និង​កីឡារាជធានីភ្នំពេញ ត្រូវ​ចេញ​លិខិត​ជូន​ដល់​មាតាបិតា​អាណាព្យាបាល​សិស្សទាំងអស់​ត្រូវ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឱ្យ​បាន​គ្គ្រប់ៗគ្នា។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេងក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួនទៅអាជ្ញាធរខណ្ឌទាំង ១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន ៥០០០។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន នោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕

លោក ឃួង ស្រេង

លោក ឃួង ស្រេង

រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទទាក់ទង