លោក ស៊ុន ចាន់ថុល នាំផ្លែចេកជូនអ្នកទេសចរណ៍នៅលើនាវា Westerdam
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តមានវត្តមានជាប្រចាំនៅកំពង់ផែក្រុងព្រះសីហនុ ទីដែលនាវាទេសចរ Westerdam កំពុងសំចត។
ទោះបីមានការផ្អើល និងបារម្ភពីជំងឺបង្កដោយ «កូរ៉ូណា» បន្ទាប់ពីស្ត្រីជនជាតិអាមេរិករកឃើញមេរោគ «កូរ៉ូណា» នៅម៉ាឡេស៊ីយ៉ាងក្តី ជាទំនួលខុសត្រូវលើអ្នកទេសចរនៅសល់លើនាវា លោកទេសរដ្ឋមន្ត្រី និងសហការី ព្រមទាំងមន្ត្រី អាជ្ញាធរក្នុងខេត្តព្រះសីហនុ មិនមានដកថយនោះឡើយ។
វត្តមានរបស់លោកទេសរដ្ឋមន្ត្រី មន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីក្នុងខេត្ត ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ។ ក្រៅពីការឈរជើងប្រចាំការដោះស្រាយបញ្ហាផ្សេងៗហើយនោះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំផ្លែចេករបស់កម្ពុជា ចែកជូនភ្ញៀវ និងអ្នកបម្រើការងារនៅលើនាវានោះផងដែរ។
នៅពេលនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុដំបូងកាលពីថ្ងៃទី១៣ ខែកុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំផ្លែចេក និងក្រមាចែកអ្នកទេសចរ និងអ្នកបម្រើការងារលើនាវានោះផងដែរ។
សូមបញ្ជាក់ថា នាវា Westerdam ផ្ទុកអ្នកដំណើរ និងអ្នកបម្រើការងារសរុបជាង ២,២៥៧នាក់ បានវិលវល់លើលំហរសមុទ្រអស់រយៈពេល១២ថ្ងៃ ព្រោះតែប្រទេសជាច្រើនមិនឱ្យចូលចត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ។
មកដល់ពេលនេះ មានអ្នកនៅលើនាវាជាច្រើននាក់ហើយបានចាកចេញពីនាវា និងហោះទៅកាន់ប្រទេសរបស់ពួកគេ។ មកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអ្នកទេសចរលើនាវា ២៣៣នាក់ និងអ្នកបម្រើការ និងនាវិក ៧៤៧នាក់៕