ខ្មែរប៉ុស្ដិ៍ Close

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 61
សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA (Japan Quality Assurance)។

សវនកម្មនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចែកជា២ផ្នែកធំៗ ដោយចុះពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរណីយដ្ឋានអង្គរដោយផ្ទាល់។

តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានលើកឡើងថា គោលបំណងនៃសវនកម្ម គឺដើម្បីតាមដានពិនិត្យភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO14001: 2015 បន្តពីសវនកម្មឆ្នាំទៅមិញ។

លោកបន្តថា ចំណុចយកចិត្តទុកដាក់នៅពេលធ្វើសវនកម្មសាថ្មីរួមមាន៖

១. ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានទាំងមូលឆ្លើយតបនឹងសភាពការប្រែប្រួលផ្ទៃក្រៅនិងផ្ទៃក្នុង។

២. ភាពទាក់ទងគ្នាជាប្រចាំ ព្រមទាំងលក្ខណៈអាចអនុវត្តបាននៃប្រព័ន្ធគ្រប់គ្រងបរិស្ថានឆ្លើយតបនឹងវិសាលភាពនៃវិញ្ញាប័នបត្រ។

៣. ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមជាមួយការចាត់ចែងបន្តការកែលម្អ ដើម្បីបង្កើនការសម្តែងបរិស្ថានទាំងមូល។

៤. អំណោយផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងទៅលើការសម្រេចគោលនយោបាយបរិស្ថាននិងគោលដៅបរិស្ថានរបស់ស្ថាប័ន ដើម្បីកែលម្អជាប្រចាំឈរលើការអនុវត្តជាខ្សែសង្វាក់ (មានទំនាក់ទំនងជាមួយគ្នា) ការគោរពច្បាប់។ល។

៥. ពិនិត្យបញ្ជាក់អំពីស្ថានភាពកែលម្អជាប្រចាំតាមរយៈការបង្វិលកង PDCA (Plan, Do, Check, Act)។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មានបប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានធ្វើការជាមួយស្ថាប័ន JQA និងបានអនុវត្តទៅតាមស្តង់ដារ ISO 4001 ដែលចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៦ ដល់២០១៨ ទទួលបានវិញ្ញាប័នបត្រចំនួន៤។ ឯកឧត្តមបន្តថា ឆ្នាំ២០១៨ យើងបានអនុវត្តនូវស្តង់ដារថ្មី ISO 14001 2015 ហើយតាមស្តងដារថ្មីនេះ ទទួលបានវិញ្ញាប័នបត្រមួយ។ ដោយឡែកឆ្នាំទី២នេះ ការពិនិត្យលើការអនុវត្តទៅតាមស្តង់ដារថ្មីរបស់យើង ដើម្បីឱ្យប្រាកដ ថាតើយើងអាចអនុវត្តបានទៅតាមស្តង់ដារដែរឬអត់ ការធ្វើសវនកម្មនៅពេលនេះ សង្ឃឹមថាយើងនឹងទទួលបានល្អប្រសើរ ដោយហេតុថា ឆ្នាំក្រោយគ្រប់សុពលភាព៣ឆ្នាំ ឈានទៅទទួលបានសុពលភាពថ្មីទៀត។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាតែងតែទទួលបានវិញ្ញាប័នបត្រ ISO14001 នេះជាមោទនភាពមួយរបស់អាជ្ញាធរជាតិអប្សរាក្នុងនាមជាស្ថាប័នមួយគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ហើយ ISO14001 គឺជាឧបករណ៍មួយដ៏សំខាន់ក្នុងការរួមចំណែកលើកគុណតម្លៃរមណីយដ្ឋានអង្គរដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបំពេញកិច្ចការងារ ឆ្លើយតបទៅនឹងលក្ខណៈវិន្និច្ឆ័យរបស់ស្ថាប័ន JQA ទាំងបីរួមមានលក្ខណៈវិនិច្ឆ័យរបស់ស្ថាប័ន JQA ការអនុវត្តរបស់អង្គភាពEMS និងបទបញ្ញត្តិដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ៕

អត្ថបទទាក់ទង