ក្រសួងសុខាភិបាល បន្ដដាក់ចេញវិធានការ ឆ្លើយតបបន្ទាន់ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី

ដោយ៖ លី វិទ្យា​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០​ | កីឡា - សុខភាព |

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលបានបង្កើតក្រុមការងារថ្មីមួយ ដើម្បីពិនិត្យឡើងវិញនូវបទពិសោធន៍នៃយន្ដការគ្រប់គ្រងពិភាក្សាគ្នារិះរកនីតិវិធីប្រទាក់ក្រឡា និងការពង្រឹងយន្ដការនៃការឆ្លើយតប ការស្រាវជ្រាវ និងទប់ស្កាត់ ការចម្លងវីរុសកូរ៉ូណាថ្មី នៅកម្ពុជា។ ក្រុមការងារនេះ បានបើកកិច្ចប្រជុំការងារជាលើកដំបូងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងនាមជាប្រធានក្រុមការងារ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ក្រសួងសុខាភិបាល នៅតែបន្ដពង្រឹងទៅលើប្រព័ន្ធតាមដានជំងឺឆ្លងដែលមានស្រាប់ និងអង្កេតស្រាវជ្រាវរកអ្នកប៉ះពាល់ និងករណីសង្ស័យ ព្រមទាំងធ្វើបច្ចុប្បន្នភាព ទិន័្នយអេពីដេមីសាស្ដ្រ ទាក់ទងនឹងការឆ្លងវីរុសប្រភេទថ្មីនេះ ទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀតដែរ»

មកដល់ពេលនេះក្រសួងសុខាភិបាលនៅតែមិនទាន់រកឃើញមានប្រជាពលរដ្ឋកម្ពុជា ឬជនបរទេសណាម្នាក់នៅកម្ពុជា មានវីរុសកូរ៉ូណាថ្មីនេះនៅឡើយនោះទេ។ មានតែបុរសជនជាតិចិនម្នាក់ប៉ុណ្ណោះ ដែលបានចូលមកខេត្ដព្រះសីហនុ ហើយត្រូវបានបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសរបស់គេវិញនៅថ្ងៃទី១១ ខែកុម្ភៈ នេះផងដែរ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា ទោះបីមិនមានករណីឆ្លងថ្មីយ៉ាងណាក្តី តែក្រសួងបានធ្វើកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូផ្សេងៗទៀត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ណែនាំប្រតិបត្ដិ ពិធីសារសម្រាប់ការគ្រប់គ្រងអ្នកជំងឺ និងរៀបចំផែនការបណ្ដុះបណ្ដាល ដល់បុគ្គលិកសុខាភិបាលបន្ដទៀតទាំង២៥ខេត្ដ-ក្រុង។ ក្នុងនោះក៏ពង្រឹងលើសមត្ថភាពក្នុងការគ្រប់គ្រងឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ប្រឌិតមិនពិតផងដែរ ដែលអាចបង្កភាពចលាចលនៅក្នុងសង្គម។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងនឹងមានវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ដើម្បីឱ្យមានការយល់ដឹងពីជំងឺរលាកសួតដោយវីរុសកូរ៉ូណាបន្ថែមទៀត ដើម្បីចេញផ្សាយព័ត៌មានបានត្រឹមត្រូវ និងកាត់បន្ថយបានជាអតិបរិមានូវព័ត៌មានខុសឆ្គង ឬមិនពិត។ លើសពីនោះបន្ដអប់រំសុខភាពដល់ប្រជាជនទូទៅ សហគមន៍ សិស្សានុសិស្ស អាណាព្យាបាល និងជនងាយរងគ្រោះ រួមទាំងការងារផ្សេងៗទៀត ដើម្បីសុវត្ថិដល់ប្រជាជនកម្ពុជា៕

Fresh News

បញ្ចេញមតិ
អត្ថបទទាក់ទង