ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» និងជួបជាមួយធុរជនអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» និងជួបជាមួយធុរជនអាមេរិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» និងជួបជាមួយធុរជនអាមេរិក

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា២០២០» ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ អញ្ជើញជាអធិបតីក្នុងពិធីនោះដែរគឺ លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។

នៅក្នុងសុន្ទរកថាគន្លឹះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក បានជម្រាបជូនពីផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពលសម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្មឬវិនិយោគនៅកម្ពុជា។ លោក បានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀត ដោយក្នុងនោះ លោក បានលើកជាឧទាហរណ៍ការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុនក្នុងស្រុកពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។

នៅក្នុងសុន្ទករថាបើក ឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនថា ការរៀបចំវេទិកាធុរកិច្ចស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះ ជាវេលាដ៏ល្អមួយគាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន ១៥ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល ហើយលោកសង្ឃឹមថា ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតថា តាមរយៈការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្មនឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ។

សូមជម្រាបជូនថា ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះផងដែរ វិស័យកសិកម្ម ក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង