ខ្មែរប៉ុស្ដិ៍ Close

ថៃទទួលបានជោគជ័យក្នុងការព្យាបាលអ្នកឆ្លងជំងឺកូរ៉ូណាថ្មីចំនួន៩នាក់ ហើយនិងចេញពីមន្ទីរពេទ្យឆាប់ៗ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
ថៃទទួលបានជោគជ័យក្នុងការព្យាបាលអ្នកឆ្លងជំងឺកូរ៉ូណាថ្មីចំនួន៩នាក់ ហើយនិងចេញពីមន្ទីរពេទ្យឆាប់ៗ ថៃទទួលបានជោគជ័យក្នុងការព្យាបាលអ្នកឆ្លងជំងឺកូរ៉ូណាថ្មីចំនួន៩នាក់ ហើយនិងចេញពីមន្ទីរពេទ្យឆាប់ៗ

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ អ្នកដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) សរុបចំនួន ០៩នាក់នៅក្នុងប្រទេសថៃ ទទួលការព្យាបាលបានជាសះស្បើយឡើងវិញ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្រ្តីសុខាភិបាលថៃលោក អានុធីន ឆានវីរ៉ាគុល (Anutin Charnvirakul) នាថ្ងៃពុធនេះបាននិយាយថា អ្នកជំងឺវីរុសកូរ៉ូណាម្នាក់ទៀតហើយត្រូវបានព្យាបាល ឲ្យជា និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដែលជាជនជាតិថៃដំបូងគេ បានឆ្លងវីរុសនៅក្នុងប្រទេសថៃផ្ទាល់ និងមានមុខរបរជាអ្នករត់តាក់ស៊ី ហើយធ្លាប់ដឹកអ្នកដំណើរជនជាតិចិន។ គិតសរុបត្រឹមពេលនេះ អ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV សរុបចំនួន ០៩នាក់ហើយ ដែលត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យនៅក្នុងប្រទេសថៃ។ ប្រការនេះធ្វើឲ្យចំនួនអ្នកជំងឺ ដែលកំពុងបន្តទទួលការព្យាបាលថយមកនៅត្រឹម ១៦នាក់ ខណៈករណីវីរុសកូរ៉ូណាសរុបនៅថៃគឺ ២៥ករណី។

គួរជម្រាបថា បើតាមលោក Anutin អ្នកជំងឺទាំង ១៦នាក់ទៀតនោះ ក៏កំពុងតែមានសុខភាពប្រសើរឡើងផងដែរ ហើយអាជ្ញាធរថៃប្រហែលអាចនឹងប្រកាសថា ពួកគេជាសះស្បើយតែម្តង នៅក្នុងឆាប់ៗខាងមុខ។ ក្រៅពីថៃ អ្នកជំងឺវីរុសកូរ៉ូណាមួយចំនួន នៅឯប្រទេសវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងជាដើម ក៏ត្រូវបានព្យាបាលឲ្យជាផងដែរ ខណៈអ្នកវិទ្យាសាស្រ្តកំពុងបន្តប្រឹងប្រែងស្រាវជ្រាវរកវ៉ាក់សាំង និងថ្នាំសម្រាប់ព្យាបាលវីរុសផ្លូវដង្ហើមថ្មីនេះនៅឡើយ។

ដោយឡែក កាលពីយប់ថ្ងៃអង្គារម្សិលមិញ ថៃបានជម្លៀសពលរដ្ឋខ្លួន ១៣៨នាក់ ចេញពីក្រុងវូហាន (Wuhan) របស់ចិន មកដល់ប្រទេសកំណើតពួកគេវិញ ខណៈការធ្វើតេស្តជាជំហានដំបូងបានបង្ហាញថា ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីឡើយ ប៉ុន្តែអ្នកទាំងអស់នោះត្រូវស្ថិត នៅកន្លែងដាច់ដោយឡែក ដើម្បីតាមដានសម្រាប់រយៈពេល ១៤ថ្ងៃ គឺរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០៕

អត្ថបទទាក់ទង