ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន បើរដ្ឋាភិបាលចិនអនុញ្ញាត

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 41

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។
លោកបានប្រកាសបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នាល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ការប្រកាសនេះបានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឱ្យលោកទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន ប្រទេសចិន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ ! បើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនចាំបាច់ឌឺជាមួយហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិ បញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ រឿងអ្វីដែល ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ»។
លោកក៏បានបញ្ជាក់ផងដែរថា មន្រ្តីជាន់ខ្ពស់ និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅកូរ៉េ នឹងអមដំណើរលោក ហ៊ុន សែន ទៅកាន់ទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះផងដែរ៕

អត្ថបទទាក់ទង