ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន កាន់ តែស្ងៀមស្ងាត់ កឹម សុខា កាន់តែលានអណ្តាត សម រង្ស៊ី អស់តម្លៃ!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 55
លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន កាន់ តែស្ងៀមស្ងាត់ កឹម សុខា កាន់តែលានអណ្តាត  សម រង្ស៊ី អស់តម្លៃ!» លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន កាន់ តែស្ងៀមស្ងាត់ កឹម សុខា កាន់តែលានអណ្តាត សម រង្ស៊ី អស់តម្លៃ!»

មួយរយៈពេលចុងក្រោយនេះ ខ្ញុំកត់សម្គាល់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងស្ថិតនៅស្ងៀមស្ងាត់ដោយមិនបាននិយាយ ឬសរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយពិសេសមិននិយាយទាល់តែសោះអំពីឈ្មោះ សម រង្ស៊ី និងកឹម សុខា បើទោះជាដោយចំពោះក្តីឬដោយប្រយោលក្តី។

ការស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់បែបនេះរបស់លោកនាយករដ្ឋមន្ត្រី ទំនងជាលោកគិតថា អ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើក មកនិយាយទៀតហើយ។ ហេតុដូច្នេះហើយបានជាលោកយកពេលវេលានេះ ទៅគិតគូររឿងផ្សេងៗ ទើបមានប្រយោជន៍ជាង ដូចជាការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រឿងចរាចរណ៍ ឬក៏គិតគូពីផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការរក្សាសន្តិសុខជូនប្រជាជនបានកំសានសប្បាយក្នុងឱកាសឆ្លងឆ្នាំសាកល បុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់ប៉ុន្មានខែខាងមុខនេះជាដើម ហើយជាពិសេសគឺតាមដាន និងចាត់ចែងនូវបណ្តាវិធានការបង្ការផ្សេងៗ ប្រឆាំងនឹងមេរោគកូរ៉ូណា។

ហើយខ្ញុំក៏កត់ម្គាល់ផងដែរថា បើមាន ពេលសេសសល់ពីការងារខ្លះ លោកហ៊ុន សែនបានយកពេលនោះទៅហាត់ប្រាណដើម្បីសុខភាពវិញល្អជាង។

សម្រាប់បុរសខ្លាំងកម្ពុជា ដែលពោរពេញដោយបទពិសោធន៍ក្នុងការបែងចែកពេលវេលា និងការស្គាល់កាលៈទេសៈថា ពេលណាត្រូវធ្វើអ្វី? ពេលណាត្រូវនិយាយអ្វី? និងជាពិសេសពេលណាដែលត្រូវនៅ ស្ងាត់ស្ងៀមគឺជាគន្លឹះនៃភាពជោគជ័យរបស់អ្នកដឹកនាំ ក៏ដូចជារបស់អ្នកនយោបាយ។

ដូច្នេះ ភាពស្ងប់ស្ងាត់ពីរឿងនយោបាយរបស់លោក ហ៊ុន សែន មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺមកពីលោកយល់ឃើញថា កាលៈទេសៈនេះគ្មានតម្លៃទាល់តែសោះដែលត្រូវ ចំណាយពេលនិយាយរឿងនយោបាយ ជាពិសេសនិយាយពីគូបដិបក្ខដែលកំពុងបាក់ លោងទៅហើយនោះ។ ក្នុងស្ថានភាពបែបនេះ យុទ្ធសាស្ត្ររបស់បុរសខ្លាំងដែលខ្ញុំធ្លាប់កត់សំគាល់នោះគឺ «ទុកអោយសត្រូវ ឬគូប្រជែងខ្សោយមិនស្លាប់ ឬខ្សោយមុនស្លាប់»

ផ្ទុយទៅវិញ នេះជាពេលវេលាដែលត្រូវគិតគូរពីយុទ្ធសាស្ត្រនិងគោលនយោបាយធំៗ សម្រាប់ជាតិនិងប្រជាជន ជាពិសេសពេលនេះ ពិភពលោកបាននិងកំពុងព្រួយបារម្ភនិងដោះស្រាយបញ្ហាជំងឺ រលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ ដូច្នេះ រឿងនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុងមួយចំនួន ក៏ក្លាយជាកាកសំណល់ដែលគេបោះចោលក្នុងធុងសំរាមបាត់ទៅហើយ ជាពិសេសចាប់តាំងពីក្រោយថ្ងៃទី ៩វិច្ឆិកា ២០១៩មក អ្វីៗក៍បានកើតឡើងដូចការព្យាករណ៍ទុកមែន ពោលគឺអ្នកនយោបាយដែល លោក កឹម សុខា ដាក់រហស្សនាមថា «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» ត្រូវបានគេលុបឈ្មោះចេញពីសង្វៀននយោបាយកម្ពុជាបាត់ទៅហើយ។

ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់ពេលនេះគឺ នៅពេលដែលលោក ហ៊ុន សែន ស្ងៀមស្ងាត់ លោក កឹម សុខា បែរជាកំពុងលានអណ្តាតក្នុងការតតាំងក្តីនៅឯតុលាការ ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» ឬរឿង «ក្បត់ជាតិ» ទៅវីញ។ សំណុំរឿងនេះកំពុងសង្កត់កជនជាប់ ចោទ កឹម សុខា ឲ្យលានអណ្តាតជារៀងរាល់ថ្ងៃ។ លានអណ្តាត ពីព្រោះម្យ៉ាងដោយសារតែក្រុមមេធាវីដើមបណ្តឹង មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។ រីឯម្យ៉ាងទៀត បន្ថែមពីលើភស្តុតាងដែលមេធាវីដើមបណ្តឹងមានក្នុងដៃ លោក កឹម សុខា ខ្លួនឯង ស្រាប់តែដោយខ្ជីខ្ជារទាមទារឲ្យតុលាការបញ្ចាំងវីដេអូជាងមួយម៉ោងដែលខ្លួនគិតថា ជាការដោះបន្ទុកពីការចោទប្រកាន់។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក មេធាវីដើមបណ្តឹងបានចាត់ទុកឯកសារវីដេអូនោះថា មានតម្លៃណាស់ក្នុងការបញ្ជាក់ថា ភស្តុតាងដែលមេធាវីដើមបណ្តឹងបានដាក់ចូលតុលាការគឺជា ភស្តុតាងដែលមានមូលដ្ឋានកាន់តែរឹងមាំពីព្រោះអ្វីដែលមានក្នុង វីដេអូខ្លីនោះក៏មានទាំងស្រុងនៅក្នុងឃ្លីប វីដេអូវែងរបស់លោក កឹម សុខា ដោយគ្មានការកែច្នៃកាឡៃអ្វីទាំងអស់។ ហេតុដូច្នេះហើយបានជាមេធាវីដើមបណ្តឹងបានចាត់ទុកភស្តុតាងដែលដាក់ដោយលោក កឹម សុខា គឺដើម្បីដាក់បន្ទុកលើលោក កឹម សុខា ខ្លួនឯងទៅវិញ។

បន្ថែមពីលើនេះ ក៏អាចចាត់ទុកថា ជារឿងមហាស៊យរបស់លោក កឹម សុខា ក៏ថាបានដែរ ពីព្រោះខណៈដែលខ្លួនកំពុងតតាំងក្តីយ៉ាងលំបាក ដើម្បីដោះបន្ទុក ស្រាប់តែលោក សម រង្ស៊ី ឯណោះវិញក៏បានផ្តល់សក្ខីកម្មអំពីភាពជាប់ពាក់ព័ន្ធរបស់លោក កឹម សុខា និងរបស់ សម រង្ស៊ី ខ្លួនឯងក្នុងសំណុំរឿងឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។

សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកផេកផ្លូវការនូវសំណេរជាអក្សរផងនិង រូបភាពជាច្រើនផងដោយបញ្ជាក់ថា រូបលោក សម រង្ស៊ី ផ្ទាល់ក៏ដូចជាលោក កឹម សុខា ដែរ បានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយផែនការក្បត់ជាតិដើម្បីរៀបចំធ្វើបដិវត្តន៍ផ្តួលរំលំដែលជាទោសឧក្រិដ្ឋ។

ការសារភាពរបស់លោក សម រង្ស៊ី ត្រូវគេ មើលឃើញថា ជាចេតនា យ៉ាងច្បាស់ក្រឡែតក្នុងការដាក់បន្ទុកបន្ថែម លើលោក កឹម សុខា ក្នុងមហិច្ឆតាដណ្តើមអំណាចក្នុងបក្សមកកាន់កាប់វិញតែប៉ុណ្ណោះ។

ភស្តុតាងដែលផ្តល់ដោយលោក សម រង្ស៊ី ត្រូវបានមេធាវីដើមបណ្តឹង ប្រកាសទទួលយកដោយអំណរគុណដើម្បីដាក់បន្ទុកបន្ថែមលើជនជាប់ចោទកឹម សុខា។ ដោយសារតែភស្តុតាងបន្ថែមលើភស្តុតាងបែបនេះហើយដែលបានធ្វើឲ្យការដាក់បន្ទុកលើ លោក កឹម សុខា កាន់តែមានទម្ងន់ធ្ងន់លានអណ្តាតពិបាកនឹងរើខ្លួនរួចណាស់។

ងាកទៅមើលលោក សម រង្ស៊ី ឯណោះវិញ ចាប់តាំងពីលោកហ៊ុន សែន លែងនឹកនាដល់ រីឯសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកនានាក៏នាំគ្នាឈប់និយាយពីឈ្មោះអ្នកនយោបាយរូបនេះតទៅទៀតដែរ។ កុំថាឡើយការនិយាយដោយចំពោះ សូម្បីតែនិយាយដោយប្រយោលក៏លោកហ៊ុន សែន មិននឹកនាដែរ។ ស្ថានភាពបែបនេះហើយដែលបានធ្វើឲ្យ សម រង្ស៊ី បាត់ឈ្មោះអស់សំឡេងពីឆាកនយោបាយកម្ពុជាស្ទើរតែទាំងស្រុង។

ដោយដឹងថាខ្លួនអស់តម្លៃដោយសារតែនយោបាយបោកប្រាស់ប្រជាភិថុតរុកគួនឆ្កិះឆ្កៀលដដែលៗ ទើប សម រង្ស៊ី ក៏កើតចិត្តភ័យព្រួយនិងចង់មានឈ្មោះ និងសំឡេងឡើងវិញ។

ដើម្បីសម្រេចគោលដៅនេះ សម រង្ស៊ី គ្មានជំរើសអ្វីក្រៅតែប្រើមធ្យោបាយតែមួយគត់ដែលធ្លាប់ប្រើដដែលៗជាហូរហែរមកនោះគឺខំប្រឹងតោងកាលីបលោក ហ៊ុន សែន ក្រែងលោកនាយករដ្ឋមន្ត្រីឆ្លើយឆ្លងជាមួយ។

ស្នៀតតោងកាលីបលោក ហ៊ុន សែន ដែលសម រង្ស៊ី បានប្រើចុងក្រោយនេះគឺការបង្ហោះរូបភាពជាប់ជាមួយលោក ហ៊ុន សែន ក្នុងហ្វេសប៊ុក និងនិយាយចាក់ដោត ដើម្បីឲ្យបុរសខ្លាំងកម្ពុជាឆ្លើយតប។ ពេលខ្លះបង្ហោះតាមហ្វេសប៊ុក ពេលខ្លះខំស្រែកឡែឡែតាមវិទ្យុអាស៊ីសេរី។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងរបស់ សម រង្ស៊ី មិនទទួលបានលទ្ធផលនោះឡើយពោលគឺ ទោះជា សម រង្ស៊ី ខំបង្ហោះរូបថត និងនិយាយចាក់ដោត ចាក់ចង្កេះយ៉ាងណា ក៏លោក ហ៊ុន សែន មិនចាប់អារម្មណ៍សោះឡើយ។

ការនៅស្ងៀមស្ងាត់មិនតបតក៏ព្រោះតែលោក ហ៊ុន សែន យល់ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សគ្មានតម្លៃដែលត្រូវតបតជាមួយទាល់តែសោះ។ ខ្ញុំយល់ឃើញថា ការយល់ឃើញបែបនេះ របស់លោក ហ៊ុន សែន ពិតជាត្រឹមត្រូវណាស់ពីព្រោះកុំថាឡើយដល់ទៅលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី សូម្បីតែសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅក៏មិនចាត់ទុកអ្នកនយោបាយ «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» រូបនេះក្នុងក្រសែភ្នែកទៀតដែរ។ ហើយបើនិយាយដោយខ្លី បើលោក ហ៊ុន សែន កាន់តែនៅស្ងៀមស្ងាត់ សម រង្ស៊ី កាន់តែអស់តម្លៃ កឹម សុខា កាន់តែលានអណ្តាត គឺលានអណ្តាតដោយសារស្នាដៃ សម រង្ស៊ី ដែលចង់ល្បីឈ្មោះឡើងវិញ និងចង់ក្តាប់អំណាចឲ្យជាប់មិនព្រលែងឲ្យ កឹម សុខា ម្តងទៀតនោះទេ។ បើដូច្នេះមែន ប្រហែលជាត្រូវរង់ចាំដល់សេះដុះស្នែងហើយទើបលោក ហ៊ុន សែន ប្រោសជីវិតនយោបាយអោយ សម រង្ស៊ី ឡើងវិញ៕

ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង