ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 43
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  Annual and 5-year Reviewing meeting of public financial Management Reform Program

នៅព្រឹកថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគី ត្រាភ្នំពេញ។ កិច្ចប្រជុំនេះ នឹងផ្តោតទៅលើយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលត្រូវបានរៀបចំឡើងដោយផ្តោតជាសំខាន់៣ចំណុចរួមមាន៖

១-) ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា ដោយឈរលើមូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម»,

២-) យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ និង

៣-) ផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅ យុទ្ធសាស្រ្តឆ្នាំ២០២៥។

លើបណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការរបស់​លោក ហ៊ុន សែន​ បាន​បង្ហោះ​ផ្សាយ​ថា៖

ថ្ងៃនេះ លោក ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងដំណើរនៃការដឹកនាំប្រទេសជាតិកន្លងមក សម្តេចតេជោបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបម្រើនូវគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖

១-) ការដឹកនាំចលនាតស៊ូរំដោះប្រជាជន និង រំដោះប្រទេសឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

២-) ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការឈានទៅបញ្ចប់ស្រង្គាមស៊ីវិលដើម្បីស្វែងរកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ និង ប្រទេសជាតិ។

៣-) ការបណ្តុះបណ្តាល, ពង្រឹង និង ពង្រីកវប្បធម៌សន្តិភាព និងការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងសណ្តាប់សង្គម។ សម្រាប់អាណត្តិនេះប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍមួយដែលបានក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបនិងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ ៤ចំណុចសំខាន់ៗក្នុងការអភិវឌ្ឍកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដូចខាងក្រោម:

១-) ការបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

រដ្ឋមន្ដ្រីនិងប្រធានស្ថាប័នសាធារណៈត្រូវមានភាពជាម្ចាស់ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍រួមដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ការគ្រប់គ្រង ហិរញ្ញវត្ថុត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការពុះពារសម្រេចឲ្យបាននូវគោលបំណងនិងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ អាស្រ័យនេះ សូមគ្រប់ក្រសួង និងស្ថាប័ន សាធារណៈត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាការងារដែលត្រូវតាមដាន និងត្រូតពិនិត្យការអនុវត្តជាប្រចាំ។ ជាមួយគ្នានេះដែរ គ្រប់ក្រសួង និងស្ថាប័ន ត្រូវផ្តោតជាអាទិភាពទៅលើការពង្រឹងភាពជាអ្នកដឹកនាំនិងរចនាសម្ព័ន្ធគ្រប់គ្រងស្របគ្នានឹងការពង្រឹង សមត្ថភាពនិងការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវធនធានមន្ត្រីរាជាការនៅក្រោមឱវាទសំដៅកែលម្អសមិទ្ធផលនៅក្នុងការអនុវត្ត។

២-) ការផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់នៅតាមក្រសួង-ស្ថាប័ន

រាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយនូវវិធានការ និងយន្តការផ្តល់ការលើកទឹកចិត្តដល់ ក្រុមការងារកែទម្រងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន្ថដោយផ្អែកលើ លទ្ធផលការងារនៃការកែទម្រង់។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏ដូចជាប្រធានស្ថាប័ន និងក្រុមការងារកែទម្រង់នៅតាមគ្រប់ក្រសួង-ស្ថាប័ន ជំរុញអនុវត្តការងារនេះយ៉ាងសកម្មក្លៀវក្លា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

៣-) ការបន្តពង្រឹងយន្តការសម្របសម្រួល និងភាពប្រទាក់ក្រឡាគ្នារវាងការកែទម្រង់ទាំង៣រួមមាន៖

គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ។ អភិបាលកិច្ចល្អត្រូវការសមាសធាតុទាំបី គឺការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពធនធានមនុស្សប្រកបដោយគុណភាព និងការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ។ ក្នុងន័យនេះ យើងចាំបាច់ត្រូវរក្សាឲ្យបាននូវសង្គតិភាពនៃកម្មវិធីកែទម្រង់ទាំង៣ នេះ ទាំងក្នុងទិដ្ឋភាពក្របខ័ណ្ឌការអនុវត្តសំដៅធានាឲ្យបាននូវសុខដុមភាព ភាពប្រទាក់ក្រឡា និងការបំពេញអោយគ្នាទៅវិញទៅមក។ ពិតណាស់ថា ប្រសិនបើការកែទម្រង់ទាំង ៣ ស្ថិតនៅក្នុងទិសដៅផ្ទុយគ្នា និងមាន ល្បឿនខុសគ្នា នោះប្រសិទ្ធភាពនៃការអនុវត្តកម្ម វិធីកែទម្រង់នីមួយៗក៏នឹងមានកំណត់ដែរ។

៤-) ការយកចិត្តទុកដាក់ខ្ពស់ដល់ការអនុវត្ត “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថិកា ឆ្នាំ ២០១៨-២០២៥”

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងពីខាងលើ ជាចំណុចស្នូល ឬ ឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ គឺការកែទម្រង់ប្រព័ន្ធថវិកាជាតិសំដៅប្រែក្លាយថវិកាឱ្យទៅជាឧបករណ៍ប្រកបដោយប្រសិទ្ធភាពសម្រាប់ធានាសម្រេចបាននូវគោលបំណង នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការកៀងគរធនធានរបស់ជាតិប្រកបដោយចីរភាព និងការវិភាជធនធានទាំងនោះសម្រាប់បម្រើឱ្យគោលដៅនៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពខ្ពស់ ។ ឤស្រ័យហេតុនេះ យើងត្រូវក្តាប់ឲ្យជាប់នូវឱកាស និងបង្កើតល័ក្ខខ័ណ្ឌល្អប្រសើរ ដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ទៅតាមបរិការណ៍ជាក់ស្តែង របស់កម្ពុជា ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក ។

លោក ហ៊ុន សែន ក៏បានអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសតាមរយៈកិច្ចសម្របសម្រួល និងកិច្ចសហការជាប្រចាំ ជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល នៅក្នុងអភិក្រមគ្របដណ្តប់ទូទាំងវិស័យ និងដោយគោរពភាពជាម្ចាស់របស់កម្ពុជាក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។

មុននឹងបញ្ចប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានជូនពរដល់ភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងនៅក្នុងឆ្នាំថ្មីនេះ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ ឤយុៈ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង