សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាបើកដំណើរការឡើងវិញនូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការឡើងវិញនូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារឱ្យបានជាប់លាប់ដើម្បីទប់ស្កាត់កុំឱ្យឆ្លងមេរោគកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកដូច្នេះថា៖
«ទេសចរណ៍ក្នុងបរិបទកូវីដ-១៩, បងប្អូនជនរួមជាតិជាតីមេត្រី! ទេសចរណ៍ ត្រូវបានគេចាត់ទុកជាឧស្សហកម្មគ្មានផ្សែង។ ចាប់តាំងពីវិបត្តិកូវីដ-១៩មក វិស័យទេសចរណ៍ទូទាំងពិភពលោក និងនិយាយដោយឡែកនៅប្រទេសកម្ពុជាយើង បានថយចុះយ៉ាងខ្លាំងមកទល់នឹងបច្ចុប្បន្ននេះ។ ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយដោយបើកឱ្យមានការដើរកម្សាន្តឬបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែនតែក៏សូមផ្តាំថា៖ កុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់និងរៀនរស់នៅតាមបែបគន្លងថ្មីដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់និងបង្កាការរីករាលដាលឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩»៕