ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ « ទោះឃ្លីបវីដេអូពីរ ក៏នៅតែខ្លឹមសារតែមួយដែរ »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 30
ទស្សនៈមិត្តអ្នកអាន៖ « ទោះឃ្លីបវីដេអូពីរ ក៏នៅតែខ្លឹមសារតែមួយដែរ » ទស្សនៈមិត្តអ្នកអាន៖ « ទោះឃ្លីបវីដេអូពីរ ក៏នៅតែខ្លឹមសារតែមួយដែរ »

ក្នុងនាមរូបខ្ញុំជានិស្សិតកំពុងសិក្សាផ្នែកច្បាប់ម្នាក់នៅសាកលវិទ្យាល័យន័រតុន ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ពីដំណើរនៃសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្តីលោក កឹម សុខា ដែលជាប់ចោទពី បទ សន្ទិដ្ឋិភាព ជាមួយ បរទេស ឬ(ក្បត់ជាតិ) ចាប់តាំងពីថ្ងៃបើកសវនាការដំបូង រហូតមកដល់ពេលនេះ ខ្ញុំសូមបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងការកត់សម្គាល់នូវចំនុចខ្លះៗពាក់ព័ន្ធនឹងសវនាការរឿងក្តីមួយនេះ ដើម្បីចែករំលែកដល់បងប្អូនប្រជាពលរដ្ឋបានត្រិះរិះពិចារណាទាំងអស់គ្នា។

ទីមួយ៖ ខ្ញុំសូមធ្វើការកត់សម្គាល់លើឃ្លីបវីដេអូជាង ១ម៉ោងដែលលោក កឹម សុខា ទាមទារឲ្យតុលាការចាក់ក្នុងអង្គសវនាការ បើផ្ទៀងផ្ទាត់គ្នាជាមួយនិងឃ្លីបវីដេអូជាង ២នាទីដែលដើមបណ្តឹងបានទាញយកពីការបង្ហោះផ្សាយរបស់ទូរទស្សន៍អនឡាញស៊ីបីអេន (CBN) របស់អូស្ត្រាលី មកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់ គឺឃ្លីបវីដេអូទាំងពីរនេះគឺដូចគ្នា១០០% ។ ដូច្នេះក្នុងឃ្លីបវីដេអូទាំងពីរនេះ ទាំងរូបភាព កឹម សុខា ទាំងសម្លេង កឹម សុខា ទាំងសំដី កឹម សុខា រួមទាំងអត្ថន័យនិងខ្លឹមសារដែល កឹម សុខា បាននិយាយ គឺតែមួយដូចគ្នា១០០%។

ទីពីរ៖ បើយោងទៅលើឃ្លីបវីដេអូជាង ១ម៉ោងដែលបានស្នើដោយលោក កឹម សុខា និងក្រុមមេធាវីរបស់ខ្លួន ឲ្យតុលាការចាក់បង្ហាញនៅក្នុងសវនាការនោះ ក្នុងនោះលោក កឹម សុខា បាននិយាយថា៖ «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក មុនគេបង្អស់ ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេស ដើម្បីឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗឲ្យខ្ញុំទៅអាមេរិក តាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន។ ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា (មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)។ តើគេឲ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយកម៉ូឌែល តាមប្រទេស(យូហ្គោស្លាវី) នៅ(ស៊ែប៊ី) ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិច បាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ”។ គាត់បាននិយាយទៀតថា គាត់សន្សំ២០ឆ្នាំមកហើយ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣»។
ចំណែកឯឃ្លីបវី ដេអូ រយៈពេលជាង ២នាទី ដែល ដើមបណ្តឹង ដាក់ ជា ភស្តុតាងក្នុងការ ប្តឹង លោក កឹម សុខា ទៅតុលាការ នោះ គឺ អត្ថន័យនិងខ្លឹមសារដូច គ្នា បេះ បិទ១០០% ទៅនឹងឃ្លីប វីដេអូ រយៈពេល ជាង ១ម៉ោង ដែល លោក កឹម សុខា បាន ដាក់ ជូន តុលាការ ធ្វើ ជា ភស្តុតាង ដោះ បន្ទុកដើម្បី ចង់បង្ហាញ ពី ភាព ស្អាតស្អំ របស់ ខ្លួន។

ទីបី៖ យោងលើសំដីដែលកឹមសុខា បាននិយាយ ប្រៀបធៀបទៅនឹងទង្វើ និងសកម្មភាពដែលគាត់បានធ្វើ តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ គឺវាស៊ីសង្វាក់គ្នាគ្រប់សកម្មភាពទាំងអស់។

ទីបួន៖ យោងតាមសំដីលោក គី តិច មេធាវីរបស់ដើមចោទដែលបានធ្វើសន្និសិទកាសែតក្រោយបញ្ចប់សវនាការល្ងាចថ្ងៃទី២២ មករា ថា រវាងឃ្លីប វីដេអូ រយៈពេល ជាង ២នាទី និងឃ្លីបវីដេអូរយៈពេលជាង១ម៉ោង ដែល តុលាការ បាន ចាក់ បញ្ចាំង ក្នុងអង្គ សវនា ការ គឺទាំង រូបភាព ទាំងសម្លេង និងកាយវិកា គឺ ជាឃ្លីប វីដេអូដូចគ្នាបេះបិទ ដូច្នេះបញ្ជាក់ថា គឺ ពិតជារូបភាព និងសម្លេង របស់ លោក កឹម សុខា ១០០% គ្មានការកាត់ត ឬបំភ្លៃអត្ថន័យ និងខ្លឹមសារដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួននោះទេ។

សរុបមកការបកស្រាយទាំងប៉ុន្មានចំនុចខាងលើពាក់ព័ន្ធនឹងសំណុំរឿងក្តីលោក កឹម សុខា នេះ ខ្ញុំគ្រាន់តែចង់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋបានត្រិះរិះពិចារណាទាំងអស់គ្នាតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងនាមខ្ញុំជានិស្សិតដែលសិក្សាផ្នែកច្បាប់ ខ្ញុំយល់ថា បើខ្លឹមសារនៃវីដេអូទាំង២នេះវាដូចគ្នាទៅហើយនោះ អញ្ចឹងការចោទបទសន្ទិដ្ឋិភាពជាមួយបរទេស ឬ(ក្បត់ជាតិ) ទៅលើលោក កឹម សុខា នេះ គឺពិតជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជាយ៉ាងពិតប្រាកដ គឺពិតជាមិនមែនជារឿងនយោបាយ ដូចការយល់ច្រឡំរបស់អ្នកវិភាគ ,សង្គមស៊ីវិល និងអ្នកនយោបាយដែលមាននិន្នាការគាំទ្រអតីតបក្សប្រឆាំងនោះឡើយ៕
ដូច្នេះរឿងវាយតម្លៃថា ជនជាប់ចោទមានទោស ឬគ្មានទោសនោះ គឺជាកិច្ចការរបស់តុលាការក្នុងការដំណើរការសវនាការ និងជាអ្នកសម្រេចដោយផ្អែកលើអង្គហេតុនៃវីដេអូទាំង២តែខ្លឹមសារតែមួយ។

ដោយ៖ ជីវ័ន និស្សិតច្បាប់ឆ្នាំទី២ នៃសកលវិទ្យាល័យន័រតុន

អត្ថបទទាក់ទង