លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ពាក្យចាស់ថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ ពិតជាមិនខុសទេ
ពាក្យចាស់ពោលថា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) ពិតជាមិនខុសនោះទេ។ នេះជាសារលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ អមជាមួយរូបភាពដែលលោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រួមទាំងមន្ត្រីថ្នាក់ដឹកនាំរដ្ឋាភិបាលផ្សេងទៀត កំពុងទទួលទានបាយកញ្ចប់ ក្នុងបេកកកម្មរុករកជនរងគ្រោះ ក្នុងការបាក់រលំអគារនៅខេត្តកែប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយឲ្យដឹងយ៉ាងដូច្នេះថា គិតពីម៉ោង១២ ថ្ងៃទី៣មករា រហូតដល់ម៉ោង១៣ថ្ងៃទី៤មករា ជាង ២៤ម៉ោង ខ្ញុំមិនបានទទួលទានបាយទេ គ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។ ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លានដូចគ្នា។
យើងបានយកបាយសម្រាប់ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករក និងជួយសង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន។ ពិតជាឆ្ងាញ់ ហើយយើងលែងគិតពីអនាម័យដោយសារដីហុយចេញពីអាគារបាក់រលំពេលគ្រឿងចក្រកំពុងបុកនិងកាយគំនរបាក់បែកនោះហើយ។
ខ្ញុំទទួលទានអស់ប្រហែល ១ភាគ៥នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង អស់ជាងពាក់កណ្តាលឯណោះ។ នេះពិតជា(ឃ្លានឆ្ងាញ់ស្រឡាញល្អ)មែន។ អរគុណសន្តិភាព!