ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចប្រតិភូ​ក្រសួងនគរបាលវៀតណាម​បានរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 80
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចប្រតិភូ​ក្រសួងនគរបាលវៀតណាម​បានរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចប្រតិភូ​ក្រសួងនគរបាលវៀតណាម​បានរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៤ អនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹម​បក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និង​បាន​វា​យតម្លៃខ្ព​ស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម តូ ឡឹម នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុក ទស្សន​កិច្ច​របស់​ប្រតិភូ​ក្រសួង​នគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុង​ការ​ពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យ​កាន់​តែ​រឹ​​ងមាំថែមទៀត។ សម្ដេចប្រធានគណបក្សបានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តម តូ លឹម ដែលទទួលបានគ្រឿងឥស្សរយស ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ជា​កិច្ចឆ្លើយតប ឯកឧត្តម តូ ឡឹម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូន​ចំពោះ​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អនុញ្ញាត​ឲ្យ​ប្រតិភូ បានចូលជួបសម្ដែងការគួរសម ។ ឯកឧត្តម​បាន​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជូនពរបុណ្យចូលឆ្នាំសកល២០២៤ និងចូលឆ្នាំប្រពៃណីវៀតណាម ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ឯកឧត្តមរដ្ឋមន្រ្ដីបានអបអរសាទរ និងវាយតម្លៃ​ខ្ពស់ចំពោះ​ជោគជ័យ​ដ៏​ធំធេង​របស់ក​ម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យនាឆ្នាំ២០២៣ កន្លងមក ក្រោម​ការ​ដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាអគ្គមគ្គុទេស និង​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​បន្តវេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម​បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និង​សន្តិភាព​។ ឯកឧត្តម តូ ឡឹម បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែល​បាន​រៀបចំ​មហា​សន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និង​បាន​បោះឆ្នោត​បំពេញ​បន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និង​អនុ​ប្រធាន​គណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ឯកឧត្តម តូ ឡឹម បាន​បញ្ជាក់​ជូន​សម្ដេច​តេជោផងដែរថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ា​ងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​មាន​សម្ដេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែល​មាន​សម្ដេច​អធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបានជូនពរចំពោះគណបក្ស​ប្រជាជនកម្ពុជា ឱ្យទទួល​បាន​ជោគ​ជ័យ​ចំ​ពោះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​គណបក្សទាំងពីរនាពេលកន្លងមក ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនាក់​ទំនង​រវាង​វិស័យ​សន្តិសុខ​នៃ​ប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់​តែ​រីក​ចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃរបស់ឯកឧត្តម តូ ឡឹម ចំពោះពាក្យពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោបានជូនពរ និង​ផ្ញើ​នូវ​ការ​សាក​សួរសុខទុក្ខរបស់សម្ដេច ជូនចំពោះថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម មានដូចជា ឯកឧត្ត ង្វៀន ហ្វូចុង, ឯកឧត្តម វ៉ូ វ៉ាន់ធឿង, ឯកឧត្តម ផាម មីងជីញ នៅក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បាន​ឯកភាព​អំពី​ការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែរឹងមាំ​ និង​រីក​ចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត។ នៅ​ក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំង​នឹង​ប្រទេស​កម្ពុជានោះឡើយ៕

អត្ថបទទាក់ទង