ខ្មែរប៉ុស្ដិ៍ Close

ទស្ស​នៈ​មិត្ត​អ្នក​អាន​៖ បើគ្មាន​ EBA ក៏​កម្ពុជា​មិន​បាន​បាត់​បង់​ទីផ្សារ​នៅអឺរ៉ុប​ដែរ​!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 36
ទស្ស​នៈ​មិត្ត​អ្នក​អាន​៖ បើគ្មាន​ EBA ក៏​កម្ពុជា​មិន​បាន​បាត់​បង់​ទីផ្សារ​នៅអឺរ៉ុប​ដែរ​! ទស្ស​នៈ​មិត្ត​អ្នក​អាន​៖ បើគ្មាន​ EBA ក៏​កម្ពុជា​មិន​បាន​បាត់​បង់​ទីផ្សារ​នៅអឺរ៉ុប​ដែរ​!

ដោយ​គ្មាន​រឿង​អ្វី​ត្រូវបំភិត​​បំភ័យ​ប្រជាជន​កម្ពុជា​តទៅ ទៀត​ ក្រុម​ប្រឆាំង​ដែល​រត់​ចោល​ស្រុក​ខិត​ខំ​បំប៉ោង​​សម្លេង​​រឿង​​បញ្ហា​ពី​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ GSP  របស់​អាមេរិក​ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ហៅកាត់​ថា​ EBA របស់​សហភាព​អឺរ៉ុប​ ដដែល​ៗ​ បើ​ទោះ​​បី​ជារាជរដ្ឋាភិបាល​កម្ពុជា​ បាន​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ និង​បញ្ជាក់​នូវ​ភស្តុតាង​ច្បា​ស់​លាស់​ អំពី​អ្វី​ដែល​ខាង​សហរដ្ឋ​អាមេរិក​​ និង​សហភាព​អឺរ៉ុប​​ ព្រួយ​បារម្ភ​​ពី​​​ការ​ដើរ​ថយក្រោយ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នោះក្តី​​។

ការ​បំផ្លើស​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​​មើល​ឃើញថា​វាគ្រាន់​តែ​ជា​លេស​នៃ​ការ​ចង់​ឱ្យ​សហគមន៍​អឺរ៉ុប​ និង​អាមេរិក​ជួយ​ប្រោស​ខ្មោច​អតី​ត​បក្ស​ប្រឆាំង​ឱ្យ​មាន​ជីវិត​ឡើង​វិញ និង​ដើម្បី​​ចងភ្ជាប់អំ​ពើ​​ល្មើស​ច្បាប់​​របស់​​ក្រុម​ប្រឆាំង​​ ទៅ​នឹង​ការ​ដោះដូរ​កុំ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទៅ លើ​ពួក​គេ​តែ​ប៉ុណ្ណោះ​​។ ​អ្វី​ដែល​ខាង​អឺរ៉ុប​ និង​អាមេរិក​​​​លើក​ឡើងអំពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា​នោះ​ គឺ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​ពិតជាក់​ស្តែង​នៅកម្ពុជា​ឡើយ​​​ ហើយ​វាពិត​ជារឿង​ដ៏​អយុត្តិ​ធម៌​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ ដោយ​ហេតុ​ថា​​គេ​អាច​ក្រឡេក​មើល​ និង​ប្រៀប​ធៀប​អំពី​រឿង​នេះ​ (​ប្រ​ជា​ធិ​ប​តេយ្យ​​-សិទ្ធិមនុស្ស​) ​នៅប្រទេស​កម្ពុជាទៅ​និង​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​​ ទាំងរដ្ឋ​ធម្មនុញ្ញ​ ទាំង​គោល​​នយោ​បាយ​ទី​ផ្សារ​ និង​កិច្ចការ​បរទេស​ ជាដើម​។ល។​ គឺ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​អំពីជំហរ​និង​ស្ថាន​ភាព​នៃ​សេរីភាព​ខាង​នយោបាយ​ និង​សិទ្ធិ​មនុស្ស​​​នេះ​យ៉ាង​ពិត​ប្រាកដ​។​ សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ក៏​គួរ​តែ​​មើល​ឱ្យ​ឃើញ​អំពីកិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់រាជ​​រដ្ឋាភិបាលផង​ដែរ​​​ក្នុង​ការ​ស្តារ​​និង​​អនុវត្ត​នូវ​​បញ្ហា​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នេះ​ ហើយ​ក៏គួរ​តែ​ទទួល​ស្គាល់​នូវ​ការ​រីក​ចម្រើន​ដែល​កំពុង​មាន​ ដែល​ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​អឺរ៉ុប​ និង​អាមេរិក​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ​ផង​ដែរ​ ដូច្នេះ​គេ​មិន​ត្រូវ​លើក​យក​បញ្ហា​តូច​មួយ​របស់​គណបក្ស​មួយ​ដែល​ប្រព្រឹត្តល្មើស​ច្បាប់​ មក​ធ្វើ​ជាចំណាប់​ខ្មាំងដើម្បី​​​បំផ្លាញ​សមិទ្ធិផល និង​ផល​ប្រយោជន៍​របស់ប្រជាជន​ភាគ​ច្រើន​នោះ​ទេ​​​។

ជាក់​ស្តែង ប្រទេស​វៀតណាមនៅតែជាប្រទេសកុម្មុយ​នីស្ត ដែល​មាន​ប្រព័ន្ធ​ឯកបក្ស​។​​​ តើ​វៀត​ណាម​មាន​ការ​​​គោរព​សិទ្ធិ​មនុស្ស​ល្អ​ជាង​កម្ពុជាទៅទៀតឬ? មិនត្រឹមតែប៉ុណ្ណោះសហភាព​អឺរ៉ុប​ ​​បាន​​​​​ចរចាធ្វើ​ពាណិ​ជ្ជ​កម្មសេ​រី​​​ជា​មួយ​ប្រទេស​​វៀត​ណាម​​កាល​ពី​ខែ​មិថុ​នា​ ឆ្នាំ២០១២ទៀត​ផង។ សូមកុំនិយាយពី ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សតទៅទៀត វាគ្រាន់តែជាលេស ដើម្បីបម្រើបេសកកម្មជាគោលដៅពួកអ្នកប៉ុណ្ណោះ។

រឿង​របស់​អតី​ត​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ តាម​ការពិត​​វាមិន​មែ​ន​ជា​រឿង​បញ្ហា​​សិទ្ធិ​មនុស្ស​ ឬបញ្ហា​​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ​​ តែ​វាជារឿងនៃ​​ការ​អនុវត្ត​​ច្បាប់​​សុទ្ធ​សាធ​ ពាក់​ព័ន្ធ​ទៅ​នឹង​ក្រុម​អតី​ត​មេដឹក​នាំ​ និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ ​ដែល​បាន​ប្រព្រឹត្តអំពើ​ខុស​ច្បាប់​ក្នុង​បទ​សន្ទិ​ដ្ឋិភាព​ជាមួយបរទេស​ ហើយ​ដែល​ពួក​គេ​បាន​សារភាព​ដោយ​ខ្លួន​ឯង​ម្តង​ហើយ​​ម្ត​ង​ទៀត​​នៅក្នុង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយដែល​ស្និត​និង​ពួកគេ​​ និង​បាន​យក​ផែន​ការ​នៃ​ការ​ផ្លាស់​ប្តូរ​របប​មិន​តាម​បែប​ប្រជា​ធិប​តេយ្យ​នោះ​​មក​អនុវត្ត​ជាក់​ស្តែង​នៅក្នុង​នយោបាយ​នៅកម្ពុជា​។​

ការ​បំប៉ោង​រឿង​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ក្រុម​ប្រឆាំង​គ្រាន់​តែ​ចង់​ភ្ជាប់​អំពើ​ខុសច្បាប់​របស់​ពួក​គេ​ទៅ​នឹង​ការ​ដោះដូរ​កុំ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទៅលើ​ពួក​គេ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​តែង​លើក​ដដែល​ជាដដែល​​ថា ​បើគ្មាន​អតីត​​គណ​បក្ស​សង្រ្គោះជាតិ បើ​អត់​ព្រម​ដោះ​លែង​​ កឹម​ សុ​ខា​ និង​អតីត​ថ្នាក់ដឹក​នាំរបស់​គេ​ទាំងអស់​បានធ្វើសកម្មភាព​ឡើង​វិញ​ដូច​ពី​ដើម​ទេ​​ គឺ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ នឹ​ង​ដាក់​ទណ្ឌកម្ម​ E​B​A ឬ GSP មិន​ខាន​​។​ ប៉ុន្តែ​ ក្រុម​ប្រឆាំង​ទាំង​នោះ​ត្រូវ​យល់​ថា​ អតីត​គណបក្ស​ប្រឆាំង​ដែលតុលាការ​កំពូល​បាន​រំលាយ​ទៅហើយ​នោះ​ គឺ​ជា​គណបក្ស​ដែល​បាន​ប្រព្រឹត្តខុស​ច្បាប់​ ហើយ​សូម​កុំ​ដេក​យល់សប្តិ​​ថា​បក្ស​ខ្មោច​នោះ​ជាបក្ស​តួឯក មិន​អាច​អត់​មាន​បក្ស​នេះ​បាន​ និង​​ក៏មិនអាច​រស់​ឡើង​វិញ​បានឡើយ។​ ក្រៅ​ពី​គណបក្ស​មួយ​នេះ​ គឺ​នៅ​មាន​គណបក្ស​ជាច្រើន​ទៀត​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នយោបាយ​នៅកម្ពុជា​។

សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​​៦​កន្លង​ទៅ​ គឺ​មា​ន​​គណ​បក្ស​​ចូល​រួម​ប្រកួត​ប្រជែង​រហូត​ដល់​២០​គណបក្ស​ឯណោះ ហើយ​គណបក្ស​នីមួយ​ៗ​សុទ្ធតែ​ទទួល​បាន​សម្លេង​គាំ​ទ្រ​ពី​សមាជិក​គណ​បក្ស​​របស់​​ខ្លួន​​ទាំង​អស់ ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ​​ក៏​នឹង​មាន​អ្នក​នយោបាយ​ដែល​

ជាអតីតសមាជិក​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​បង្កើត​គណបក្ស​ថ្មី​ៗ ​​​​​​ដើម្បី​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​​​សម្រាប់​​ត្រៀម​ប្រកួត​​ប្រជែង​​​​ការ​បោះ​​ឆ្នោត​អាណត្តិ​ទី​៧​ផង​ដែរ​។​ នេះ​មាន​ន័យ​ថា​លំហរ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ មិន​មាន​ការ​រួម​តូច​ ឬ​មិន​មែន​ជាការគួរ​ឱ្យ​ព្រួយ​បារម្ភ​ដូច​ការ​ចោទ​ប្រកាន់​នោះឡើយ​។​

ជារួម​ សម្លេង​បំភិត​បំភ័យ​ពលរដ្ឋ​កម្ពុជា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​ក្រុម​ប្រឆាំង​គឺ​ពិត​ជា​គ្មាន​ន័យ​នោះ​ឡើយ​ ព្រោះ​ថា​ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​អា​ចនឹង​​ត្រូវ​​​បាត់​បង់​ ឬ​ក៏នឹង​​ត្រូវ​ព្យួរ​ ក៏មិន​មែន​មាន​ន័យ​ថា​ កម្ពុជា​បាត់​បង់​ទី​ផ្សារ​លក់​ទំនិញ​ មិន​អាច​នាំ​ទំនិញ​ទៅ​លក់​នៅអឺរ៉ុប​នោះ​ដែរ​ គឺ​គ្រាន់​តែ​ត្រូវ​បង់​ពន្ធ​នាំ​ចូល​ប៉ុណ្ណោះ​ ប៉ុន្តែ​ទន្ទឹម​នេះ​ប្រជាជន​អឺរ៉ុប​ក៏​ត្រូវ​ទិញ​ទំនិញ​ដែល​ពួក​គេ​ធ្លាប់​ប្រើប្រាស់​ក្នុង​តម្លៃ​ថោក​នោះ​ក៏​ត្រូវ​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ផងដែរ​។ ជាងនេះ​ទៀត និរន្តរភាព​នៃ​ស្ថាប័ន​នានា​របស់​​រាជ​រដ្ឋាភិបាល​​ នៅតែ​មាន​ដំ​ណើរ​ការជាធម្មតា​​​​។ កម្មករ​ កម្មការិនី​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ នៅ​តែ​មាន​ការងារ​ធ្វើ​ និង​ទទួល​បាន​នូវ​ប្រាក់​ខែ​ និង​អត្ថប្រយោជន៍​សង្គម​នានា​ ជាធម្មតា​ ហើយ​ជាពិសេសស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិរបស់​ធនាគារ​ពិភព​លោក​ (WB) ​នៅ​​តែ​​វាយ​​តម្លៃ​​ថា​​​​​ទី​​ផ្សារ​​នៃ​​អចលនៈ​ទ្រព្យ​​នៅកម្ពុជា​នៅតែ​​​មាន​​កំ​ណើ​ន​ដដែល​ មិន​ដូច​ការ​ឃោស​នា​​​​បំភិត​បំភ័យ​របស់​ក្រុម​ប្រឆាំង​ផ្កាប់​មុខ​ រត់​ចោល​ស្រុក​ស្រែក​នោះទេ​។​

ប្រជាពលរដ្ឋ​ត្រូវ​ចងចាំ​ថា​ «​បើគ្មាន​ EBA ក៏​កម្ពុជា​មិន​បាន​​បាត់​បង់​ទីផ្សារ​នៅអឺរ៉ុប​ដែរ​ គឺ​យើង​នៅ​តែ​អាច​នាំ​ទំនិញ​ទៅ​លក់​នៅទីផ្សារ​អឺរ៉ុប​ដដែល​»​៕​

ដោយ៖​ យី វិត​ (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប​)​