ខ្មែរប៉ុស្ដិ៍ Close

បើ​កម្ពុជាគ្មាន EBA ពី​សហគមន៍​អឺរ៉ុប សេដ្ឋកិច្ច​កម្ពុជា​នឹង​មិនរលំទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 39
បើ​កម្ពុជាគ្មាន EBA ពី​សហគមន៍​អឺរ៉ុប សេដ្ឋកិច្ច​កម្ពុជា​នឹង​មិនរលំទេ បើ​កម្ពុជាគ្មាន EBA ពី​សហគមន៍​អឺរ៉ុប សេដ្ឋកិច្ច​កម្ពុជា​នឹង​មិនរលំទេ

នៅថ្ងៃទី១២ ខែកុម្ភៈនេះ គណកម្មាធិការអឺរ៉ុបនឹងសម្រេចព្យួរផ្នែកខ្លះ នៃទំនិញនាំចូលពីកម្ពុជា ដែលកន្លងមក ទំនិញរបស់កម្ពុជាទាំងអស់ រួមមានសំលៀបបំពាក់ ស្បែកជើង កាបូប។ល។ ត្រូវបានរួចកាតព្វកិច្ចបង់ពន្ធ។ ការសម្រេចក្នុងកំរិតមួយ ដែលតម្រូវឱ្យកម្ពុជាជាប់កាតព្វកិច្ចបង់ពន្ធលើផ្នែកខ្លះនៃទំនិញរបស់កម្ពុជា ដែលក្រុមអគតិខ្លះបាននិងកំពុងផ្លុំបំប៉ោង ធ្វើប្រជាភិថុតិ ដើម្បីគ្រាន់តែចង់កេងចំណេញខាងនយោបាយ ហើយបង្កើតគ្រាន់តែឱ្យមានអារម្មណ៍ភ័យព្រួយហួសហេតុ ក្នុងមជ្ឈដ្ឋានសង្គមជាតិ ដែលគ្មានហេតុផលគួរឱ្យជឿបានឡើយ។ ប្រសិនបើ កម្ពុជាលែងទទួលបានការអនុគ្រោះពន្ធ EBA ឬ ត្រូវបានតម្រូវឱ្យបង់ពន្ធផ្នែកខ្លះនៃទំនិញរបស់ខ្លួន ពី​សហគមន៍​អឺរ៉ុប តើសេដ្ឋកិច្ច​កម្ពុជា​នឹង​រលំឬទេ?

ការពិត វាមិនដួលរលំទេ ផ្ទុយទៅវិញ សេដ្ឋកិច្ចកម្ពុជាប្រៀបដូចសត្វស្លាបដែលបានដុះស្លាប ដែលអាចចាប់ផ្តើមហោះហើរឡើងទៅលើដោយខ្លួនឯងយ៉ាងរឹងមាំ។ ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ដោយឈរលើកត្តាសន្តិភាពនិងគោលនយោបាយសេដ្ឋកិច្ច និងកម្មវិធីកំណែទម្រង់រដ្ឋសំខាន់ៗ ជាមួយនឹងចក្ខុវិស័យដ៏ត្រឹមត្រូវ និងច្បាស់លាស់បំផុតរបស់ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាប្រមុខដឹកនាំ បានជំរុញឱ្យមាន​កំណើន​សេដ្ឋកិច្ចរឹងមាំបំផុត​ ក្នុង​រង្វង់​ ៧%​ ក្នុង​១ឆ្នាំ​ ដែលបានប្រែក្លាយជីវភាពប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ភាពក្រីក្រ ត្រូវបានកាត់បន្ថយ និងការរីកចម្រើនស្ទើរគ្រប់វិស័យ រួមទាំងហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម។ ​

ជាក់ស្តែងសម្រាប់​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​ក្នុង​ឆ្នាំ​២០១៩ ទាំង​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​អន្តរជាតិ​ដូចជា​ មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ធនាគារ​ពិភព​លោក​ (WB) ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​ (ADB) សុទ្ធតែ​បាន​វាយ​តម្លៃ​ខ្ពស់ ​ ហើយ​ជា​លទ្ធផល ​​គឺ​​កម្ពុជា មានកំណើនប្រមាណ​​ ៧,១%​។ កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​ឆ្នាំ​២០១៩​នេះ​ធ្វើ​ឲ្យ​ទុន​បម្រុង​ជាតិ​របស់​កម្ពុជា​កើន​ឡើង​ទៅ​ដល់​ជាង​​១៧,៤​​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ អាច​ធានា​ដល់​ការ​នាំ​ចូល​បាន​ដល់​ទៅ​​៨​ខែ​ទៅ​មុខ​ទៀត​។​

ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចកម្ពុជា អាចរក្សាបានយ៉ាងទាប ៦,១% ផ្អែកលើ EBA ដែលសហភាពអឺរ៉ុបនឹងដកខ្លះ ឬ ព្យួរផ្នែកខ្លះ នៃការផ្តល់ការអនុគ្រោះពន្ធនេះ ប៉ុន្តែបូកនឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ គឺ កញ្ចប់វិធានការសម្រាប់ទប់ទល់នឹងវិបត្តិ ដែលកម្ពុជាបានដាក់ចេញ ខណៈពេលដែល IMF, WB បានព្យាករណ៍ថា មានក្នុងរង្វង់ ៦,៨%-៦,៩%។

ជាការពិត លើការអនុវត្តជាក់ស្តែង រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាកញ្ចប់រួចហើយ ដើម្បីទប់ទល់ការព្យួរ EBA គឺបានត្រៀមតាំងពី៤-៥ឆ្នាំមុនមកម្ល៉េះ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។
ដូច្នេះ ប្រសិនបើ​ កម្ពុជាគ្មាន EBA ឬ ផ្នែកខ្លះនៃទំនិញនាំចេញពីកម្ពុជាត្រូវជាប់កាតព្វកិច្ចតម្រូវឱ្យបង់ពន្ធ កម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​ចូលទីផ្សារអឺរ៉ុបដដែលបាន​ដូច​គ្នា វាគ្រាន់តែបង្ហាញថា ការរកស៊ីអាចចំណេញតិច ឬ មិនចំណេញច្រើនដូចទំនិញរបស់កម្ពុជាមិនជាប់កាតព្វកិច្ចបង់ពន្ធប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតដោយសារ​​ផលិតភាព​ផលិត​របស់​កម្មករ​កាត់ដេរកម្ពុជា ​ខ្ពស់ ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត និង​ធៀប​នឹង​ប្រាក់ខែ ក្នុង​ន័យ​នេះ កម្ពុជានៅតែ​មាន​ឧត្តមភាព​រួច​ស្រេច​ទៅ​ហើយ ក្នុង​ការ​នាំ​ចេញ​ផលិតផល​ផ្សេង​ៗ ​ដែល​ប្រើ​កម្លាំង​ពលកម្ម គេ​ហៅ​ថា ឧស្សាហកម្ម​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន។ ម្យ៉ាងវិញទៀត បើទោះបី​ សហភាពអឺរ៉ុបព្យួរផ្នែកខ្លះនៃទំនិញនាំចូលពីកម្ពុជា ឬ កម្ពុជាលែង​ទទួល​បាន​ភាព​អនុគ្រោះពន្ធ​​ពី​សហគមន៍​អឺរ៉ុប​នៅពេលនេះ វានឹងមិនអាចជាមូលហេតុធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​ដួលរំលំ ឬ ​ស្លាប់បាននោះ​ទេ។ ដើម្បីទ្រទ្រង់ការនាំចេញ និង រក្សាបានភាពប្រកួតប្រជែងលើទីផ្សារ រដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តិវិធានការបញ្ចុះតម្លៃអគ្គីសនី និងដឹកជញ្ជូន ឡូជីស្ទិក និងសេវាផ្សេងៗទៀត ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងជាការលើកទឹកចិត្តបន្ថែមទៀតក្នុងការទាក់ទាញវិនិយោគក្នុងស្រុក។
ជារួម បញ្ហាប្រព័ន្ធនៃការអនុគ្រោះពន្ធនេះ សម្រាប់កម្ពុជា ដោយស្វ័យ​ប្រវត្តិ វាច្បាស់នឹងត្រូវបាត់បង់ភាពអនុគ្រោះពន្ធEBAនេះ នៅអំឡុង​ឆ្នាំ ២០២៤ ឬ ២០២៥ ដោយសារកម្ពុជាបានក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម។ ដូច្នេះ មុន និងក្រោយ វាប្រាកដណាស់គង់នឹងបាត់ តែវាជាភ័ព្វសំណាង ដែលសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ជាស្ថានភាពមួយអាចធន់នឹងវិបត្តិ ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះមានភាពរឹងមាំរួចទៅហើយ ដែលប្រៀបបាននឹងសត្វស្លាបមានស្លាបដុះដែលអាចហោះហើរឡើងទៅលើដោយខ្លួនឯងយ៉ាងរឹងមាំ៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង