កម្ពុជា សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA
រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។
បើតាមសេចក្តីថ្លែងការណ៍នេះ, បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាគណៈកម្មការអឺរ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។
ក្រសួងការបរទេសបានបន្តថា៖ «សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ «វឌ្ឍនភាពជាក់ស្តែង» ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយគត់ដែលកំពុងត្រូវបានអនុវត្តដោយអនុលោមយ៉ាងពេញលេញតាមច្បាប់កម្ពុជា និងស្ថិតនៅក្រោមយុត្តាធិការនៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្តែងចេញក្នុងដំណាក់កាលនៃកិច្ចសន្ទនាគឺមានខ្លឹមសារគួរឱ្យកត់សម្គាល់លើសពីអ្វីដែលជាក្តីកង្វល់របស់សហភាពអឺរ៉ុបទៅទៀត។ ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថាមានវឌ្ឍនភាពជាក់លាក់នោះ ក៏រាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយកង្វះខាតនានាដែលនៅសេសសល់បន្ថែមទៀតដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
កម្ពុជាបានបញ្ជាក់ទៀតថា ចំពោះលំហនយោបាយវិញ រាជរដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានប្រកបដោយភាពស្មោះត្រង់ លើកលែងតែសកម្មភាពទាំងឡាយណាដែលប៉ះពាល់នឹងអធិបតេយ្យជាតិប៉ុណ្ណោះ។
ក្រសួងការបរទេស បានបន្ថែមថា ដើម្បីទុកជាកំណត់ហេតុ និងឈរលើគោលការណ៍តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយបង្អស់នៅឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងសមាគម ដែលបានចុះបញ្ជីចំនួន ៥.៤៤១ ស្ថាប័នសារព័ត៌មានចំនួន ៨០០ សារព័ត៌មានអនឡាញចំនួន ៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង ៨ ក្នុងវិស័យការងាររបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលអនុញ្ញាតឱ្យកម្មករមានសហជីពចុះបញ្ជីដល់ទៅ ៥.០៤៥។ តួលេខទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាជា «ភស្តុតាងយ៉ាងច្បាស់» ថា ប្រជាជនកម្ពុជានៅពេលនេះកំពុងទទួលអំណរជាមួយនឹងសេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តីរំខាន។
យ៉ាងណាក៏ដោយ ទោះបីជាមានសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មនេះក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ខ្លួនក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់៕