ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ផ្តល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ នៅលើទឹកដីអង្គរសៀមរាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ផ្តល់អនុសាសន៍ ៦ចំណុចសំខាន់ៗ  ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ នៅលើទឹកដីអង្គរសៀមរាប លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ផ្តល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ នៅលើទឹកដីអង្គរសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានអោយដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេនដែលរួមមាន៖
១- កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន និង
២- កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។

កិច្ចប្រជុំនេះ បានពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖
១- ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព
២- ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព
៣- ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក
៤- នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។

ក្នុងសុន្ទរកថា ដែលថ្លែងដោយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មានខ្លឹមសារសំខាន់ៗថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ លោក បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ០២ឆ្នាំ ដើម្បីជំរុញការលូតលាស់,ទាំងកាយសម្បទា និងបញ្ញាស្មារតី។

លោក បានថ្លែងថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក ។ បើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និងធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់បន្តថា ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និង ពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថតាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ។

នៅក្នុងសុន្ទរកថា ដែលថ្លែងដោយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នោះគឺបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៦ ៖
១- ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។

២- អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការផ្ទុះឡើងនៃជំងឺឆ្លងនៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។

៣- អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ តាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿជាក់។

៤- អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រនិងតម្រូវការចាំបាច់សម្រាប់អនុវត្តរួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។

៥- អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ និងការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

៦- អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និងសកលលោក ដែលមានស្រាប់ និងបង្កើតយន្តការ ឬគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយនិងអន់គុណភាព៕

អត្ថបទទាក់ទង