រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចែករំលែកដល់វិនិយោគគិន និងធុរជន អំពីសក្តានុពលនៃការអភិវឌ្ឍកម្ពុជាដែលជាចំណុចកណ្តាលនៃតំបន់អាស៊ាន
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើក “ជំនួបពាណិជ្ជកម្ម (Business Matching)” ដែលមានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បានអញ្ជើញពាណិជ្ជករប្រទេសចិននៃខេត្តគួងស៊ី (៥៧ក្រុមហ៊ុន) ប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ី ចូលរួមក្នុងកម្មវិធីនេះ។ គោលបំណងនៃកិច្ចជំនួបនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ចែកជូនដល់អ្នកចូលរួម ព្រមទាំងធ្វើការផ្សព្វផ្សាយផលិតផលកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១៤៨នាក់ ។
នាឱកាសបើកកិច្ចជំនួបនេះ លោករដ្ឋលេខាធិការ បានឡើងថ្លែងសុន្ទរកថា ដើម្បីចែកជូនដល់វិនិយោគិន និងធុរជន អំពីសក្តានុពលនៃការអភិវឌ្ឍកម្ពុជា ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៧,៧ភាគរយ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដោយប្រទេសកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានផ្តល់នូវអត្ថប្រយោជន៍ជូនដល់អ្នកវិនិយោគមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូល។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ឱកាសដល់វិនិយោគគិននៅកម្ពុជា លើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និងអាមេរិកជាដើម។ កម្ពុជាបានសម្រួលជូនពាណិជ្ជករបរទេសនូវការវិនិយោគ សម្រាប់ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំនេញមិនលើសពី២០% អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន១០០% ។
លោកក៏បានបន្ថែមទៀតថា កម្ពុជាជាទិសដៅសម្រាប់ពាណិជ្ជករមកវិនិយោគ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដោយកម្ពុជាបានចូលរួមចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នៅឆ្នាំ២០១២ ជាមួយនឹងអាស៊ានបូកប្រទេសទាំង០៦ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។
លោកសង្ឃឹមថា ការរៀបចំឱ្យមានកិច្ចជំនួបនាថ្ងៃនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា បានជួបជាមួយពាណិជ្ជករចិន ថៃ និងឥណ្ឌូណេស៊ី ដើម្បីធ្វើការសិក្សាស្វែងយល់ ព្រមទាំងពង្រឹងនូវខ្សែសង្វាក់ផលិតកម្ម ការចាប់ដៃគូរកស៊ី និងនាំចេញ-នាំចូលរវាងគ្នាឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាពខ្លាំងខ្លាបន្ថែមទៀត៕